កាលពី​ថ្ងៃ​ចន្ទ តម្លៃ​មាស​បាន​ប្រែប្រួល​ក្នុងទិសដៅ​ធ្លាក់ចុះ​ក្នុង​រង្វង់ ១ ៧៦០ ទៅ​ ១ ៨០០ ​ដុល្លារ​ក្នុង​ ១ ​អោនស៍​។ បច្ចុប្បន្ន មាស​កំពុង​ស្ថិតនៅ​ក្រោម​សម្ពាធ​នៃ​ការកើនឡើង​មូលបត្រ​រតនាគារ​សហរដ្ឋអាមេរិក ដែល​ធ្វើឱ្យ​ប្រាក់​ដុល្លារ​គួរឱ្យ​ចាប់អារម្មណ៍​សម្រាប់​វិនិយោគិន​។ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន សេត​វិមាន​បានប្រកាស​ពី​ការដក​ការរឹតបន្តឹង​ការធ្វើដំណើរ​ ដោយសារ​ជំងឺ​កូវីដ​សម្រាប់​ជនបរទេស ដែល​បាន​ចាក់វ៉ាក់សាំង​ពេញលេញ ចាប់ពី​ថ្ងៃទី ​៨ ខែវិច្ឆិកា​តទៅ ដែល​ធ្វើឱ្យ​តម្រូវការ​ប្រេង ឥន្ធនៈ​កើនឡើង ប៉ុន្តែ​តម្លៃ​មាស​មាន​ការធ្លាក់ចុះ​។

គេហទំព័រ FXStreet បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ការកើនឡើង​នៃ​មូលបត្រ​រតនាគារ​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​ជំរុញ​ដោយ​ការកើនឡើង​នូវ​ការរំពឹងទុក​នៃ​ការទិញ​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ​ពី​គោលនយោបាយ​ចាក់​បញ្ចូល​សាច់ប្រាក់ ទៅក្នុង​ទីផ្សារ​របស់​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក ដែល​ធ្វើឱ្យ​ប្រាក់​ដុល្លារ​ត្រូវបាន​គេ​ចាប់អារម្មណ៍​ជាងមាស​។ ទិន្នផល​រយៈពេល​ ១០ ​ឆ្នាំ​របស់​អាមេរិក​គឺ​បាន​កើនឡើង​ពី ១.៥៥% ដល់ ១.៥៧% កាលពី​ថ្ងៃ​សុក្រ ខណៈ​វិនិយោគិន​ចាប់ផ្តើម​គិត​អំពី​លទ្ធភាព​នៃ​អត្រា​ការប្រាក់​ខ្ពស់ជាង​មុន​សម្រាប់​ឆ្នាំ​ ២០២២​។


ចំណែក​គេហទំព័រ Investing.com បាន​អះអាងថា តម្លៃ​មាស​នៅតែ​ត្រូវ​បាន​គេ​មើលឃើញថា ភាពទន់ខ្សោយ​របស់​វា​នៅតែ​បន្ដ​។ តាម​ផ្នែក​បច្ចេកទេស តម្លៃ​មាស​កំពុង​ត្រូវបាន​ជួញដូរ​ក្នុង​ចន្លោះ​ពី ១ ៧៦០ ទៅ ១ ៧៨៥ ដុល្លារ និង​ឈរ​យ៉ាងរឹងមាំ​លើ​តម្លៃ ១ ៧៦០ ​ដុល្លារ​។ ដូច្នេះ ប្រសិនបើ​តម្លៃ​មាស​ធ្លាក់​ចុះក្រោម ១ ៧៦០ ដុល្លារ គោលដៅ​បន្ទាប់​សម្រាប់ មាស​ប្រហែល ជា ១ ៧៤៥ ដុល្លារ (​ចំណុច​ទាប​នៅ​ថ្ងៃទី​ ៦ ខែតុលា​) និង ១ ១៧៥ ដុល្លារ (​ចំណុច ទាប​នៅ​ខែកញ្ញា​)​។ សម្រាប់​ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ វិនិយោគិន​អាច​រង់ចាំ​ការបញ្ជាក់​ពី Candlestick នៅ​តំបន់​របា​ចំណុច​ខ្ពស់​ក្នុងតម្លៃ ១៧៨៥ ដុល្លារ មុន​ពេលធ្វើ​ការបញ្ជាទិញ​ដោយ​កំណត់​មុខងារ​ទាញយក​ប្រាក់ចំណេញ​ក្នុង​តម្លៃ ១ ៧៦៥ ដុល្លារ និង​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ១ ៨០០ ​ដុល្លារ​៕