ភ្នំពេញៈ ធនាគារ KB Kookmin របស់​ប្រទេស​កូរ៉េខាងត្បូង​បានប្រកាស​ពី​ការទិញ​ភាគហ៊ុន​ដែល​នៅសល់​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ដើម្បី​ធ្វើជា​ម្ចាស់​លើ​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​មីក្រូហិរញ្ញវត្ថុ​ដ៏ធំ​ជាងគេ​មួយ​នេះ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់ The Korea Herald នៅ​ថ្ងៃទី​ ២០ ខែតុលា​។

សារព័ត៌មាន​នេះ​ឱ្យដឹងថា ធនាគារ KB Kookmin បាន​ទិញ​ភាគហ៊ុន ៧០ ​ភាគរយ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ក្នុងតម្លៃ ៦០៣,៤ ​លាន​ដុល្លារ​ពី​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី LOLC Holdings ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ស្រីលង្កា​កាលពី​ខែមេសា ឆ្នាំ​ ២០២០ ដោយ​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​របស់​ស្ថាប័ន​មួយ​នេះ​។


បើ​យោងតាម​ការចុះផ្សាយ​របស់ KB កាលពី​ខែសីហា តម្លៃ​ភាគហ៊ុន ៣០ ​ភាគរយ​របស់​ KB Kookmin គឺមាន​ប្រមាណ ៣២២ ​លាន​ដុល្លារ​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​ចុងក្រោយ​របស់​ធនាគារ KB Kookmin បានធ្វើឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ក្លាយជា​ស្ថាប័ន​បុត្រសម្ព័ន្ធ​របស់​ធនាគារ​កូរ៉េ​មួយ​នេះ​។

បុគ្គលិក KB Kookmin ម្នាក់​ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយ The Korea Herald ឱ្យដឹងថា​៖ « យើង​មាន​គម្រោង​ពង្រីក​ផលបត្រ​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​សម្រាប់​ការផ្លាស់ប្តូរ​ទៅជា​ធនាគារពាណិជ្ជ ហើយ​មាន​គម្រោង​បន្ថែម​ចំណុចខ្លាំង​របស់ Kookmin ក្នុង​ដំណើរការ​នេះ​»​។


បុគ្គលិក​ខាងលើ​បាន​បន្ថែមថា​៖ «​ទីបំផុត​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ស្នូល​របស់ Koo-kmin ក្នុងការ​ជំរុញ​អាជីវកម្ម​នៅក្នុង​តំបន់​អាស៊ាន​»​។

យោងតាម​ឯកសារ​ក្រុមហ៊ុន​ផ្ញើ​ទៅ​គណៈកម្មការ​មូលបត្រ​អាមេរិក កាលពី​ខែសីហា ក្រុមហ៊ុន KB បាន​គ្រប់គ្រង​ភាគហ៊ុន​ចំនួន​ ២៩៩ ៩៩៩ ៩៩៩ ​ដែល​តំណាងឱ្យ ៩៩,៩៩ ​ភាគរយ​នៃ​ចំនួន​ភាគហ៊ុន​ដែល​បានចេញ​សរុប​របស់​ប្រាសាក់​។

លោក ស៊ឹម សេនាជាតិ ប្រធាន​នាយក​ប្រតិបត្តិ​ប្រាសាក់​បានឱ្យដឹង​នាពេល​កន្លងមក​ថា ការវិនិយោគ​របស់​ធនាគារ KB លើ​ប្រាសាក់​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​ទំនុកចិត្ត​ក្នុង​ចំណោម​ក្រុម​វិនិយោគិន​បរទេស​នៅ​កម្ពុជា និង​គ្រឹះស្ថាន​ទទួល​ប្រាក់បញ្ញើ​ (MDI)​។

លោក សេនាជាតិ បាន​ថ្លែងថា​៖ «​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ប្រាសាក់​សូម​ស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះ KB Kookmin Bank ដែលជា​ភាគទុនិក​ថ្មី​ដើម្បី​ជំរុញ​ប្រាសាក់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាព​ក្នុង​ការពង្រីក​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​។

លោក​បាន​បន្តថា ប្រាសាក់ ឈរ​ជា​អ្នក​នាំមុខ​ទីផ្សារ​ជាមួយ​បណ្ដាញ​ប្រតិបត្តិការ​ឈាន​មុខគេ​ក្នុង​ចំណោម​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​ (MDI) ប្រាក់​ចំណេញ​ហិរញ្ញវត្ថុ​ដ៏រឹងមាំ និង​កំណត់ត្រា​ដែល​បង្ហាញ​កំណើន​ប្រកប​ដោយ​និរន្តរភាព​នៅក្នុង​ផលបត្រ​ប្រាក់កម្ចី និង​សមតុល្យ​ប្រាក់​បញ្ញើ​របស់ខ្លួន​។

នៅពេល​ថ្មីៗ​នេះ ប្រាសាក់ បាន​រាយការណ៍​ថា ខ្លួន​ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ ៦៨,៤៧ ​លាន​ដុល្លារ​ក្នុងអំឡុង​ខែមករា ដល់​ខែមិថុនា ធៀប​នឹង ៣៧,៣៧ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែមិថុនា ទ្រព្យសកម្ម​សរុប​របស់​ប្រាសាក់ ផលបត្រ​កម្ចី​ដុល សមតុល្យ​ប្រាក់​បញ្ញើ និង​ភាគហ៊ុន​របស់​ភាគទុនិក​មាន​ចំនួន ៣,៨៣ ​ពាន់​លាន​ដុល្លារ​ (​កើន​ ១៤,២៣ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​) ដែលមាន​ផលបត្រ​កម្ចី​ដុល ៣,៣៥ ​ពាន់​លាន​ដុល្លារ សមតុល្យ​ប្រាក់​បញ្ញើ ចំនួន ២,៣២ ​ពាន់​លាន​ដុល្លារ និង​ភាគហ៊ុន​របស់​ភាគទុនិក​ ៥៨៧​ លាន​ដុល្លារ​៕ LA

វីដេអូ៖