ភ្នំពេញៈ ទោះបីជា​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​នៅ​បន្ត​អូសបន្លាយ​ពេល​ការឆ្លង​រាលដាល​ពេញ​ពិភពលោក ក៏​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន រយៈពេល ៣ ​ត្រីមាស​ដំបូង ឆ្នាំ​ ២០២១ នៅតែ​រក្សាបាន​សញ្ញា​វិជ្ជមាន ដោយ​តាម​ការកត់ត្រា​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (Jetro) បង្ហាញថា មានតម្លៃ​សរុប​ជាង ១,៧៥ ​ពាន់​លាន​ដុល្លារ កើនឡើង​ជាង ១៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ទិន្នន័យ Jetro កាលពី​ថ្ងៃទី​ ៨ ខែវិច្ឆិកា ឱ្យដឹងថា គិតពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​មាន​តម្លៃ​សរុប ១ ៧៥៤,៣៧ ​លាន​ដុល្លារ​កើន​ ១៣,១០ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​តម្លៃ ១ ៥៥១,១៥ ​លាន​ដុល្លារ​។


ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​មាន​តម្លៃ ១ ៣១៦,២៥ ​លាន​ដុល្លារ កើនឡើង ៨,៧ ​ភាគរយ​ពី​ចំនួន ១ ២១១,៨១ ​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​ជប៉ុន​មក​កម្ពុជា​មាន​ចំនួន ៤៣៨,១២ ​លានដុល្លារ​កើន ២៩,១ ​ភាគរយ​ពី​ចំនួន​ ៣៣៩,៣៤ ​លាន​ដុល្លារ​។

ដោយឡែក​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ខែកញ្ញា ឆ្នាំ​ ២០២១ មានតម្លៃ​សរុប ២៤១,៩៨ ​លានដុល្លារ កើនឡើង ២០,២៣ ​ភាគរយ​ពី​ចំនួន ២០១,២៧ ​លាន​ដុល្លារ​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា ចំនួន ១៨៩,០១ ​លាន​ដុល្លារ កើនឡើង ១៦,១ ​ភាគរយ និង​ទំនិញ​នាំចូល​ពី​ជប៉ុន​មាន​តម្លៃ ៥២,៩៧ ​លាន​ដុល្លារ កើនឡើង ៣៧,៨ ​ភាគរយ​។


អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន​បាន​កើនឡើង​ជា​រៀងរាល់ឆ្នាំ លើកលែង​ក្នុង​ឆ្នាំ​ ២០២០ ដែល​ធ្លាក់ចុះ​ដោយសារ​ឥទ្ធិពល​ពី​ការរឹតបន្តឹង​ការធ្វើ​ចរាចរណ៍​ឆ្លង​ប្រទេស​។ កំណើន​នៃ​ការនាំចេញ និង​នាំចូល​ទំនិញ​បញ្ជាក់​ពី​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត និង​ទំនុកចិត្ត​របស់​អតិថិជន​នៃ​ប្រជាជន​ប្រទេស​ទាំង​ ២ លើ​គុណភាព​ផលិតផល​។

លោក​បន្ថែមថា កំណើន​នេះ​នឹង​ឡើង​ច្រើន​បន្ថែមទៀត ខណៈ​កម្ពុជា​បាននិង​កំពុង​រៀបចំ និង​ដាក់ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មីៗ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ឱ្យ​វិនិយោគិន​បរទេស រួមទាំង​ជនជាតិ​ជប៉ុន​ចូលមក​បើក​ដំណើរការ​ផលិត​សម្រាប់​នាំចេញ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​លើកឡើង​ថា​៖ «​ជប៉ុន​ជា​ទីផ្សារ​មាន​សក្តានុពល​មួយ​របស់​កម្ពុជា ហេតុនេះ​ខ្ញុំ​រំពឹងថា​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹង​កើនឡើង​បន្តទៀត ពិសេស​ពេល​កម្ពុជា​បើក​ទទួល​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ទូលំទូលាយ​ឡើងវិញ​ចាប់ពី​ចុងខែ​វិច្ឆិកា នេះ​តទៅ​»​។

វិបត្តិ​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ការហោះហើរ​ត្រង់​ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរ​ជប៉ុន ANA ផ្អាក​ការហោះហើរ​មក​កម្ពុជា រហូតមកដល់​ពេលនេះ​។

លោក​បន្ថែមទៀតថា បច្ចុប្បន្ន​កសិផល​កម្ពុជា​កាន់តែ​ច្រើន​ក៏​កំពុង​ត្រូវបាន​អតិថិជន​ជប៉ុន​បញ្ជា​ទិញ​ជា​បន្តបន្ទាប់​។

លោកស្រី អ៊ិន ឡៃហ៊ួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ ​នៅ​ខេត្តកំពង់ធំ​បាន​និយាយថា សិប្បកម្ម​លោកស្រី​បានទទួល​ការបញ្ជាទិញ​គ្រាប់ស្វាយចន្ទី​ (​ផលិតផល​សម្រេច​) ​ជា​បន្ត​បន្ទាប់ពី​ក្រុមហ៊ុន Top Planning Japan (TPJ) ​សម្រាប់​នាំទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​ជប៉ុន ប៉ុន្តែ​ដោយសារ​សមត្ថភាព​ផលិត​នៅមាន​កម្រិត​លោកស្រី​មិនអាច​ផលិត​ទាន់​តាម​ការបញ្ជាទិញ​ទេ​។ លោកស្រី​បន្តថា ផលិតផល​កម្ពុជា​នឹង​ទទួលបាន​ការគាំទ្រ​កាន់តែ​ច្រើន​បន្ថែម​នៅ​ប្រទេស​ជប៉ុន បើ​មាន​ការរៀបចំ​កែច្នៃ និង​វេចខ្ចប់​បាន​កាន់តែ​ល្អ​។

លោកស្រី​បានលើកឡើង​ថា​៖ «​ជប៉ុន​គឺជា​ទីផ្សារ​ធំ ប៉ុន្តែ​គ្រប់​ផលិតផល​ត្រូវតែ​មាន​គុណភាព​ស្តង់ដា​កម្រិត​ខ្ពស់​»​។

ផលិតផល​ដែល​កម្ពុជា​នាំទៅ​ជប៉ុន​មានដូចជា សម្លៀកបំពាក់ គ្រឿង​ផ្គុំ​អគ្គិសនី និង​គ្រឿង​ផ្គុំ​អេឡិចត្រូនិក ខណៈ​ការនាំ​ចូល​ពី​ជប៉ុន​មានដូចជា គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​។ ចំណែក​ផលិតផល​ជប៉ុន​នាំមក​កម្ពុជា មាន​ភាគច្រើន​ជា គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ទំនើបៗ​។

វិបត្តិ​កូវីដ​ ១៩ ធ្វើឱ្យ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ជប៉ុន​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ​សរុប ២ ១០១,៧៨ ​លាន​ដុល្លារ​ធ្លាក់ចុះ ៨,៣៥ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០១៩ ក្នុងនោះ​ការនាំចេញ​មាន​ទឹកប្រាក់ ១៦១៧,០៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៦,៦ ​ភាគរយ និង​នាំចូល​មាន ៤៨៤,៧០ ​លាន​ដុល្លារ ធ្លាក់ ១៣,៨ ​ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន Jetro៕ LA