ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ប្រទេស​កូរ៉េ​ប្រចាំ​កម្ពុជា​លោក Park Heung-Kyeoung មាន​សុទិដ្ឋិនិយម​ថា ការដាក់​ឱ្យប្រើ​នូវ​ច្បាប់​វិនិយោគ​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្របពេល​ប្រទេស​ទាំង​ ២ ​គ្រោង​នឹង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នាពេល​ខាងមុខ​នឹង​ក្លាយជា​កាតាលីករ​ដ៏សំខាន់​ក្នុង​ការលើក​កម្ពស់​ការដោះដូរ​ទំនិញ​ទ្វេភាគី និង​លំហូរ​វិនិយោគទុន​ផ្ទាល់​ (FDI) ​ពី​កូរ៉េ​មក​កម្ពុជា​នាពេល​ដ៏ខ្លី​ខាងមុខ​។

ការលើកឡើង​របស់​មន្ត្រី​ទូត​រូបនេះ​ធ្វើឡើង​នា​អំឡុង​ពេលដែល​រូបលោក​ចូលរួម​កិច្ចប្រជុំ​វេទិកា​កម្ពុជា-កូរ៉េ ឆ្នាំ​ ២០២១ ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) សហការ​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា និង​ភ្នាក់ងារ​ជំរុញ​វិនិយោគិន និង​ពាណិជ្ជកម្ម​កូរ៉េ​ (KOTRA) កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដល់​វិនិយោគិន​កូរ៉េ​ប្រមាណ ១០០ ​នាក់​។


លោក Park Heung-Kyeoung បានលើកឡើង​ពី​ទំនាក់ទំនង​ការទូត​ល្អ​រវាង​ប្រទេស​ទាំង​ ២ ​ដែល​ត្រូវបាន​លើកកម្ពស់​ជា​លំដាប់​ចាប់តាំងពី​ការផ្សារភ្ជាប់​ឡើងវិញ​នៅក្នុង​ឆ្នាំ​ ១៩៩៧ ដែល​ធ្វើឱ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​ឈានដល់​កម្រិត​ខ្ពស់​គួរឱ្យកត់សម្គាល់​។

លោក​និយាយថា​៖ «​ការដាក់ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​កូរ៉េ​រួម​ជាមួយ​នឹង​ការចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​ការគេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ​ពិតជា​នឹង​មាន​កំណើន​កាន់តែ​ខ្ពស់​ជាក់​ជាមិនខាន​»​។


បើតាម​លោក Park ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២ កាលពី​ឆ្នាំ​ ២០១៩ សម្រេចបាន​ជាង ១ ​ពាន់​លាន​ដុល្លារ ខណៈ​ប្រទេស​កូរ៉េ គឺជា​អ្នកវិនិយោគ​ធំជាងគេ​ទី​ ២ នៅ​កម្ពុជា​ដោយបាន​បណ្តាក់ទុន​ជិត ៧ ​ពាន់​លាន​ដុល្លារ គិតពី​ឆ្នាំ​ ១៩៩៧ មកដល់​បច្ចុប្បន្ន​។

លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​សម្តែង​ការសាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ CDC និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​តាក់តែង​ច្បាប់​វិនិយោគ​ថ្មី​នេះ​ឡើង និង​ទទួល​បានការ​ឡាយ​ព្រះហត្ថលេខា​របស់​ព្រះមហាក្សត្រ​ប្រកាស​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២១ ស្រប​ពេលដែល​កម្ពុជា-កូរ៉េ​កំពុង​ស្ថិតក្នុង​ដំណើរការ​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​មាន​ការរំខាន​យ៉ាងធ្ងន់ធ្ងរ​ដល់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​បណ្តាល​មកពី​កូវីដ​ ១៩​។

លោកស្រី​ថ្លែងថា​៖ «​ការដាក់ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី និង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​កូរ៉េ​កាលពី​ចុងខែ​កន្លងទៅ បាន​ធ្វើឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ​នឹង​កើនឡើង​មួយកម្រិត​ទៀត ដែល​នឹងចូលរួម​លើកកម្ពស់​ការស្តារ​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩»​។

អគ្គលេខាធិការ CDC លោក សុក ចិន្តាសោភា បានឱ្យដឹងថា សហគមន៍​ធុរកិច្ច​កូរ៉េ​នៅ​កម្ពុជា​តាមរយៈ​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា KOTRA និង​ភាគី​ពាក់ព័ន្ធ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការលើក​កម្ពស់​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​ប្រទេស​ទាំង​ ២​។

លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​ច្បាប់​វិនិយោគ​ថ្មី​នេះ ខាង​ភាគី​កូរ៉េ​នឹង​បន្ត​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ដល់​ធុរជន និង​វិនិយោគិន​កូរ៉េ​ ដើម្បី​ពង្រីក​អាជីវកម្ម និង​បណ្តាក់​ទុនវិនិយោគ​កាន់តែច្រើន​បន្ថែមទៀត​»​។

លោក​បន្តថា ការវិនិយោគ​របស់​កូរ៉េ​នាពេល​កន្លងមក​គឺ​បាន​ផ្តោត​ទៅ​ស្ទើរ​គ្រប់​វិស័យ ដែលមាន​វិស័យ​ចម្បងៗ​ដូចជា កសិកម្ម វាយនភណ្ឌ ដំឡើងរថយន្ត ធនាគារ ផ្សារមូលបត្រ​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២១ ដែលជា​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រទេស​ទាំង​ ២ ​ក្នុង​ការបង្កើន​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​។ កិច្ចព្រមព្រៀង​នេះ​នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ៦០ ​ថ្ងៃ​បន្ទាប់ពី​ភាគី​ទាំង​ ២ ​ជូនដំណឹង​ឱ្យ​គ្នា​ទៅវិញ​ទៅមក ​តាមរយៈ​ការទូត​អំពី​ការបញ្ចប់​នីតិវិធី​ផ្ទៃក្នុង​សម្រាប់​ការផ្តល់​សច្ចាប័ន​៕ LA