សមាជិក​សហគ្រាស​ធុន​តូច និង​មធ្យម តាមរយៈ​សហគ្រិន​ខ្មែរ ឥឡូវនេះ​អាច​ស្នើ​ប្រាក់កម្ចី​ពី​ធនាគារ​ វីង និង​តាមរយៈ​​ប្រព័ន្ធ​ឌីជីថល​ហិរញ្ញវត្ថុ​របស់​ វីង ដើម្បី​ជួយ​ពួកគេ​ឱ្យ​ឆ្លង​ផុតពី​ផលប៉ះពាល់​នៃ​វិបត្តិ​កូវីដ​ ១៩

សហគ្រិន​ខ្មែរ និង​ធនាគារ វីង (​ខេមបូឌា​) ម.ក ចាប់​ដៃគូ​យុទ្ធសាស្ត្រ​រួមគ្នា ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រតិបត្តិការ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​កម្ពុជា​ក្នុង​គោលបំណង​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកប​ដោយ​និរន្តរភាព និង​សមស្រប​សម្រាប់​សហគ្រិន ធុរកិច្ច​បង្កើត​ថ្មី ព្រមទាំង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដើម្បី​ពង្រីក​ឥទ្ធិពល​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​។


តាមរយៈ​ភាព​ជា​ដៃគូ​នេះ សហគ្រិន​ខ្មែរ និង​ធនាគារ​ វីង នឹង​ធ្វើការ​រួម​គ្នា ដើម្បី​ជំរុញ​ប្រតិបត្តិការ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​វិស័យ​ជា​អាទិភាព​សំខាន់ៗ​ចំនួន​ ៤ រួមមាន វិស័យ​កសិកម្ម ផលិតកម្ម សេវាកម្ម និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ឱកាស​ក្នុងការ​ទទួល​បាន​ប្រាក់កម្ចី​ពី​ធនាគារ​ វីង និង​ប្រព័ន្ធ​ឌីជីថល​ហិរញ្ញវត្ថុ​របស់​ វីង​។

ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយក​ប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ​បាន​មានប្រសាសន៍ថា​៖ «​ភាពជា​ដៃគូ​ថ្ងៃនេះ​ជាមួយ​ធនាគារ​ វីង ​នឹង​ផ្តល់​ជម្រើស​មួយ​ផ្សេងទៀត​ដល់​សមាជិក​សហ​គ្រាស​ធុន​តូច និង​មធ្យម​របស់​យើង ដែល​កំពុង​ស្វែងរក​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម​របស់​​ពួកគេ ជាពិសេស​អ្នក​ដែល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​កូវីដ​ ១៩»​។


លោក ហោ ប៊ុនថែ អគ្គនាយករង​នៃ​ធនាគារ វីង បាន​មាន​ប្រសាសន៍​ថា​៖ «​សហគ្រាស​ធុន​តូច និង​មធ្យម​ដើរតួនាទី​សំខាន់​នៅក្នុង​សហគមន៍​របស់​យើង តាមរយៈ​ការបង្កើត​ឱកាស​ការងារ និង​ជា​ធាតុ​ចូលទៅក្នុង​ផលិតកម្ម​នៃ​សហគ្រាស​ធំៗ​ជាដើម​។ ភាពជា​ដៃគូ​នៅថ្ងៃនេះ ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការជួយ​ដល់​កំណើន​សហគ្រាស​ធុន​តូច និង​មធ្យម និង​ស្វែងរក​ឱកាស​បន្ថែមទៀត​ ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​មាន​និរន្តរភាព​»​។

ធនាគារ វីង មាន​បទពិសោធ​ជាច្រើន​ឆ្នាំ​ក្នុង​ការជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​។ គិត​ត្រឹម​ឆ្នាំ​ ២០២០ ធនាគារ វីង បាននិង​កំពុង​ធ្វើការ​ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន​ជាង ២ ៤០០ សម្រាប់​សេវាកម្ម​ប្រមូល និង​ទូទាត់​ប្រាក់​។

បន្ទាប់ពី​សម្ពោធ​ជា​ផ្លូវការ​ជា​ធនាគារ​ពាណិជ្ជ នៅ​ខែមេសា ឆ្នាំ ២០២១ ធនាគារ វីង បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការគាំទ្រ​ដល់​សហគមន៍​ដោយ​បង្កើត​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ទាំង​អតិថិជន​រូបវន្តបុគ្គល និង​ម្ចាស់​អាជីវកម្ម​នានា​។ អតិថិជន​អាច​ទទួលបាន​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ទាំងនោះ​បាន​តាមរយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បែប​ឌីជីថល​នៃ​ធនាគារ​វីង រួមមាន កម្មវិធី​ស្មាតហ្វូន​វីង និង​ភ្នាក់ងារ​វីង​ដែលមាន​ជាង​ ១ ​ម៉ឺន​កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​។

សហគ្រិន​ខ្មែរ ត្រូវ​បាន​បង្កើតឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) មាន​គោលបំណង​កៀរគរ វិនិយោគ និង​គ្រប់គ្រង​ធនធាន ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ ប្រព័ន្ធ​អេកូឡូស៊ី សហគ្រិន​ដ៏រស់រវើក​នៅ​កម្ពុជា ដោយ​ធ្វើការ​ជំរុញ​សកម្មភាព​សហគ្រិនភាព ប្រកប​ដោយ​ការច្នៃប្រឌិត និង​ការបង្កើន​តម្លៃបន្ថែម​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​។

ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម និង​ផលប៉ះពាល់​នៃ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ ២០២១ សហគ្រិន​ខ្មែរ​បាន​ធ្វើការ​សម្រិតសម្រាំង​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​មក​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​ជិត​ ៧០០ ដែល​ក្នុងនោះ សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ៥៩ ត្រូវបាន​ជ្រើសរើស​ ដើម្បី​ទទួលបាន​ជំនួយ​ពី​រដ្ឋាភិបាល​។

នៅ​ឆ្នាំ​ ២០២២ សហគ្រិន​ខ្មែរ មានបំណង​ដាក់ចេញ​នូវ​កម្មវិធី​កញ្ចប់​ជំនួយ​ម្តងទៀត ដើម្បី​គាំទ្រ​ដល់​ធុរកិច្ច​បង្កើត​ថ្មី សហគ្រាស​ធុន​តូច និង​មធ្យម ឱ្យ​រីកចម្រើន​បន្ទាប់ពី​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​៕