Hotel Nikko Phnom Penh នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​ ២០២៤

Content image - Phnom Penh Post
រូបភាព​នៃ​គម្រោង​សណ្ឋាគារ Nikko Phnom Penh​។ រូបថត សហការី

ភ្នំពេញៈ Hotel Nikko Phnom Penh ដែលជា​សណ្ឋាគារ​ល្បីឈ្មោះ​របស់​ប្រទេស​ជប៉ុន​មាន​ទីតាំង​ស្ថិតនៅ​អគារ​ពាណិជ្ជកម្ម​ជប៉ុន ក្នុង​សង្កាត់​ទួលទំពូង ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ គ្រោង​នឹង​បើក​ឱ្យ​ដំណើរការ​​ជា​ផ្លូវការ​នៅ​ឆ្នាំ​ ២០២៤ ខាងមុខ​។

យោង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សណ្ឋាគារ Nikko Hotels International បានឱ្យដឹងថា​៖ «​អគារ​ពាណិជ្ជកម្ម​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ជា​អគារ​ពាណិជ្ជកម្ម​ចម្រុះ​មាន​ទាំង​ការិយាល័យ ហាង​លក់រាយ និង​សណ្ឋាគារ (Nikko Phnom Penh)​។ នេះ​ជា​អគារ​ធំ​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ជប៉ុន​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា សណ្ឋាគារ​នេះ​មាន​បន្ទប់​ទទួល​ភ្ញៀវ​ចំនួន​ ២០១ ដែល​បន្ទប់​នីមួយៗ​មាន​ទំហំ​ប្រហែល ៣៦ ​ម៉ែត្រការ៉េ​។ ក្រៅពីនេះ​ក៏មាន​ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន និង​ស្កាយបារ៍​នៅ​ជាន់​ទី​ ២៣ ដែល​ភ្ញៀវ​អាច​រីករាយ​នឹង​ទិដ្ឋភាព​ដ៏អស្ចារ្យ​នៅ​ទូទាំង​រាជធានី​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន កាលពី​ថ្ងៃ​ទី​ ២៩ ខែវិច្ឆិកា បាន​សម្តែង​ការស្វាគមន៍​ចំពោះ​វត្តមាន​សណ្ឋាគារ Nikko Phnom Penh នៅ​កម្ពុជា ព្រោះ​សណ្ឋាគារ​នេះ​មានឈ្មោះ​ល្បី​នៅក្នុង​ប្រទេស​ជប៉ុន​។ លោក​បន្តថា កម្ពុជា​ពិតជា​ត្រូវការ​សណ្ឋាគារ​ម៉ាក​ល្បីៗ​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត ព្រោះ​នៅពេលណា​មាន​សណ្ឋាគារ ឬ​ផលិតផល​ម៉ាក​ល្បីៗ​ចូលមក​កាន់តែច្រើន វា​នឹងចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ជំនឿ​ចិត្ត​របស់​វិនិយោគិន និង​ទេសចរ​នៅលើ​ពិភពលោក​មកលើ​ប្រទេស​កម្ពុជា​។

លោក​និយាយថា​៖ «​ប្រ៊េនដ៍​សណ្ឋាគារ​របស់​ជប៉ុន​មិនទាន់​មាន​ច្រើន​ទេ​នៅ​កម្ពុជា មាន​ ១ ​ដែរ​គឺ Tokyo Inn នៅមុខ​កោះពេជ្រ​ដែល​បានរួម​ចំណែក​តិចតួច​ទាក់ទាញ​ភ្ញៀវទេសចរ​ជប៉ុន ប៉ុន្តែ​អ៊ីចឹង​បានជា​ខ្ញុំ​ត្រូវការ​ឱ្យមាន​សណ្ឋាគារ​ម៉ាក​ល្បីៗ​ចូលមក​កម្ពុជា កាន់តែច្រើន​គឺ​កាន់តែ​ល្អ​ក្នុង​ការទាក់ទាញ​ភ្ញៀវ​ជប៉ុន ព្រោះ​កន្លងមក​ប្រ៊េនដ៍​ពី​ជប៉ុន​នៅមាន​តិចតួច​ណាស់​»​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់ថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ​ចំពោះ​វត្តមាន​សណ្ឋាគារ​នេះ ថា​បាន​ចុះបញ្ជី​ត្រឹមត្រូវ ឬ​យ៉ាងណា​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​កន្លងមក​ក៏មាន​សណ្ឋាគារ​របស់​ជប៉ុន​មួយចំនួន បាននិង​កំពុង​បើក​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​រួចហើយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​អត់​ច្បាស់​ដែរ​ថា គាត់​ (Nikko Phnom Penh) បាន​ស្នើសុំ​ ឬ​នៅ​?​។ កាលណា​គាត់​ស្នើសុំ​គឺ​ត្រូវមាន​អាជ្ញាប័ណ្ណ​ពី​ខាង​ទេសចរណ៍​ទើប​គាត់​អាច​ប្រកប​អាជីវកម្ម​បាន ប៉ុន្តែ​បើ​បើក​ក្នុង​ឆ្នាំ​ ២០២៤ ឯណោះ ប្រហែល​ជា​នៅទេ​មើល​ទៅ​»​។

លោក​បន្តថា បើ​សណ្ឋាគារ​នេះ​មានបំណង​បើក​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវតែ​ស្នើសុំ​ច្បាប់​អនុញ្ញាត​សាងសង់ ច្បាប់​អនុញ្ញាត​ធ្វើ​ពាណិជ្ជកម្ម និង​ចុងក្រោយ​បាន​មក​ស្នើ​នៅ​ក្រសួង​ទេសចរណ៍ ទើប​អាច​បម្រើសេវា​ទេសចរណ៍​បាន​។

បើ​យោងតាម លោក សុភ័ក វា​មិន​ទាស់ខុស​អ្វី​ទេ ចំពោះ​វត្តមាន​សណ្ឋាគារ​នេះ ព្រោះ​កម្ពុជា​ស្វាគមន៍​នូវ​រាល់​ការវិនិយោគ​ទាំងអស់ ពិសេស​វិស័យ​ទេសចរណ៍​ឱ្យតែ​ការវិនិយោគ​នោះ គោរព​ទៅតាម​ច្បាប់ បទដ្ឋាន​គតិយុត្ត​ និង​ច្បាប់​តម្រូវ​។

ទោះជា​យ៉ាងណា លោក​ស្វាគមន៍​សម្រាប់​គម្រោង​វិនិយោគ​ធំៗ​បែបនេះ​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​វា​នឹង​រួមចំណែក​ជំរុញ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ក៏ដូចជា​ទាក់ទាញ​ភ្ញៀវទេសចរ​លើ​ពិភពលោក ជាពិសេស​ភ្ញៀវទេសចរ​ជប៉ុន​ឱ្យមក​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​៕

ព័ត៌មានថ្មីៗ