ភ្នំពេញ: កម្ពុជានាំចេញផលិតផលម្រេចបានប្រមាណ ២៧ ៧៣០,០៧ តោននៅក្នុងរយៈពេល ១១ ខែឆ្នាំនេះកើនឡើង ៤៥៦,៥៣% ដោយក្នុងនោះមានទាំងម្រេចកំពត ដែលជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) និងម្រេចធម្មតាមិនមានសម្គាល់ទីតាំងភូមិសាស្ត្រ។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម។
របាយការណ៍បានបញ្ជាក់ទៀតថា ក្នុងចំណោមការនាំចេញក្រៅប្រទេសសរុបម្រេចនាំចេញទៅប្រទេសវៀតណាមមានចំនួនច្រើនជាងគេ គឺប្រមាណ ២៦ ៨៨៧, អាល្លឺម៉ង់ចំនួនជាង ៤៩៧ តោន, ប្រទេសថៃចំនួន ១៨០ តោន និងមានតិចតួចប៉ុណ្ណោះនាំចេញទៅកាន់បណ្តាប្រទេសជាង ២០ ទៀត នៅលើពិភពលោក។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ៦ ខែធ្នូ ថា ការលក់ម្រេចកំពតនៅក្នុងឆ្នាំនេះគឺមានការកើនឡើង ដោយកើនចាប់តាំងពីដើមឆ្នាំ ២០២១ រហូតមកដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ម្រេចកំពតលក់ចេញបានប្រមាណជាង ១០៤ តោន ខណៈដែលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន លក់បានចន្លោះពី ៦០ ទៅ ៧០ តោនប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ឆ្នាំនេះកសិករសប្បាយចិត្តដែលទិន្នផលម្រេចបានច្រើន ហើយតម្លៃក៏នៅគួរសម ដោយម្រេចខ្មៅតម្លៃ ១៥ ដុល្លារ, ម្រេចក្រហម ២៥ ដុល្លារ, និងម្រេចស ២៨ ដុល្លារ ក្នុង ១ គីឡូក្រាម ដោយតម្លៃនេះគឺប្រហាក់ប្រហែលនឹងឆ្នាំមុនៗដែរ ដូច្នេះតម្លៃនេះ គឺកសិករអាចទទួលយកបាន»។
លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅឆ្នាំនេះ ទីផ្សារម្រេចហាក់មានភាពល្អប្រសើរជាងឆ្នាំមុនបន្តិចដោយកាលពីអំឡុងពេលផ្ទុះជំងឺកូវីដ ១៩ ដំបូងម្រេចកម្ពុជាជួបវិបត្តិខ្លាំង ដោយបានធ្វើឱ្យកសិករមួយចំនួនត្រូវសម្រេចចិត្តបោះបង់របរនេះ និងបានធ្វើឱ្យទិន្នផលម្រេចធ្លាក់ចុះផងដែរ។
លោកបានបន្តថា កាលពីឆ្នាំ ២០២០ តម្លៃម្រេចចុះខ្លាំង គឺនៅក្រោម ១ ម៉ឺនរៀលក្នុង ១ គីឡូក្រាម តែឆ្នាំនេះប្រសើរបន្តិចវិញ គឺមានតម្លៃចន្លោះពី ១៥ ០០០ រៀល ទៅ ១៦ ០០០ រៀលក្នុង ១ គីឡូក្រាម។
លោកបានអះអាងថា៖ «បើតាម ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជារូបនេះនៅមុនពេលមានវិបត្តិកូវីដ ១៩ កម្ពុជាមានផ្ទៃដីដាំម្រេចសរុបមានប្រមាណ ជិត ៧ ០០០ ហិកតា តែបច្ចុប្បន្ននេះបានថយចុះប្រមាណ ១០ ទៅ ២០%។ លោកថា ការដាំដុះម្រេចគឺភាគច្រើន សម្រាប់បំពេញតម្រូវការការនាំចេញប៉ុណ្ណោះ ដោយសារការប្រើប្រាស់ម្រេចក្នុងស្រុកមានតិចតួចប្រមាណ ៥% ទៅ ៧% ប៉ុណ្ណោះក្នុង ១ ឆ្នាំ បើធៀបនឹងចំនួនម្រេចដែលផលិតបានសរុប។
ប្រទេសកម្ពុជាមានខេត្តចំនួន ១៨ ដែលមានការដាំដុះម្រេចនៅក្នុងនោះខេត្តដែលសម្បូរការដាំដុះម្រេចច្រើនដែរ រួមមាន មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និងកំពតជាដើម។
ចំពោះម្រេចកំពត ក្រោយពីបានក្លាយជាទំនិញសម្គាល់ភូមិសាស្ត្រនៅទីផ្សារសហភាព-អឺរ៉ុបហើយ ម្រេចកំពតរបស់កម្ពុជាកាលពីដើមឆ្នាំ ២០២០ ក៏ត្រូវបានចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន ៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញផងដែរ៕
វីដេអូ៖