សៀមរាបៈ ចលនាទេសចរណ៍​ក្នុងប្រទេស​បានបង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បន្តបន្ទាប់ ជាពិសេស​នៅ​អំឡុងពេល​ពិធីបុណ្យ​អុំទូក កន្លងមក​ដែលមាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​ប្រមាណ​ជាង ១,២ ​លាន​នាក់​។

«​ប្រាសាទអង្គរវត្ត​» គឺជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏ល្បី​នៅ​ប្រទេស​កម្ពុជា​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យទៅ​ទស្សនា​កម្សាន្ត​រាប់លាន​នាក់​ក្នុង​ ១ ​ឆ្នាំៗ​នៅ​មុនពេល​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩​។


លោកស្រី ហំ ផានិត អ្នកយក​ព័ត៌មាន​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ជួប​សម្ភាស​ជាមួយ​លោក ឡុង កុសល ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​អំពី​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទ​ ដើម្បី​សោភណភាព​ទាក់ទាញ​ទេសចរ​ពេល​ពិភពលោក​រួច​ផុតពី​វិបត្តិ​សុខភាព​កូវីដ​ ១៩​។


អំឡុងពេល​ជិត ២ ​ឆ្នាំ​នៃ​ការរីក​រាលដាល​កូវីដ​ ១៩ តើ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​អ្វីខ្លះ?


ក្នុង​រយៈកាល​កន្លងមក​នេះ អ្វី​ដែលជា​ចំណុច​សំខាន់​របស់​យើង គឺ​ការរក្សា​បាន​នូវ​គោលការណ៍ «​អភិរក្ស​ដើម្បី​អភិវឌ្ឍ និង​អភិវឌ្ឍ​ដើម្បី​អភិរក្ស​» គឺ​បានសេចក្តី​ថា យើង​ពុំ​អាច​បំបែក​គោលការណ៍​នេះ​សម្រាប់​កិច្ចការងារ​ថែរក្សា និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​យើង​បានទេ​។


ក្នុងពេល​ណាមួយ​ដែល​យើង​មិនមាន​តុល្យភាព​ក្នុង​កិច្ចការងារ​អភិរក្ស និង​កិច្ចការងារ​អភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាព​នោះ យើង​នឹងមាន​បញ្ហា​។ មានន័យថា ជញ្ជីង​ទាំង​ ២ ​នេះ​ត្រូវតែ​រក្សា​លំនឹង ហេតុអ្វី​? យើង​ត្រូវ​ដឹងថា មរតក​បេតិកភណ្ឌ​របស់​យើង គឺជា​ចំណុច​ស្នូល​សំខាន់​ក្នុង​ពេល​បច្ចុប្បន្ន​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​។ ដូចនេះ ការដែល​យើង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ វា​ផ្តល់​ផលប្រយោជន៍​ជាច្រើន ដែលមាន​ដូចជា​ការបង្កើន​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការបង្កើត​កិច្ចការងារ​ផ្សេងៗ​ជា​លក្ខណៈ​ផ្ទាល់ និង​ប្រយោល​។

តើ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​បែបណាខ្លះ​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​បរិវេណ​ប្រាសាទ​?

សម្រាប់​ការងារ​លើកកម្ពស់​សោភណភាព​ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត គឺ​យើង​បានរៀបចំ​នូវ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ ជាពិសេស​នៅ​ខាងក្នុង​ប្រាសាទអង្គរវត្ត ព្រោះ​កន្លងមក​នៅ​រដូវប្រាំង ស្មៅ​ចាប់ផ្តើម​ប្រែ​ពណ៌​ទៅជា​ពណ៌​ក្រហម ធ្វើឱ្យ​បាត់បង់​សោភណភាព ដូចនេះ​យើង​សង្ឃឹមថា សោភណភាព​ប្រាសាទ​អង្គរវត្ត​នឹង​កាន់តែ​មាន​ភាពល្អប្រសើរ​ទាំង​រដូវប្រាំង និង​វស្សា​។ លើសពីនេះ​ទៀត ដូច​ឃើញជាក់ស្តែង​នៅ​ពីមុខ​ប្រាសាទអង្គរវត្ត មានការ​ប្រែប្រួល​យ៉ាងច្រើន ដូចជា ប្រែ​ពី​ទីកន្លែង​ដែលមាន​ភក់​នៅ​រដូវវស្សា និង​ដី​ហុយ​នៅ​រដូវប្រាំង​ទៅ​ជា​ទីកន្លែង​មាន​ភាពបៃតង ដោយសារ​មាន​ការដាំ​កូនឈើ និង​ការរៀបចំ​ដើម្បី​ឱ្យ​ទីកន្លែង​នេះ​មាន​ភាពទាក់ទាញ​។

រាជរដ្ឋាភិបាល​បាន​ប្រកាស​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​រួចរាល់ ប៉ុន្តែ​ទន្ទឹមនឹងនេះ​ក៏មាន​ការលេចចេញ​នូវ​មេរោគ​កូវីដ​ ១៩ បំប្លែង​ថ្មី​ (​អូមីក្រុង​)​។ តើ​លោក​មាន​គិតថា​មេរោគ​នេះ​នឹង​អាច​រាំងស្ទះ​ការមក​ដល់​របស់​ភ្ញៀវទេសចរ​បរស​ដែរ​ឬ​ទេ​?

យើង​ពិតជា​ព្រួយបារម្ភ ប៉ុន្តែ​យើង​ត្រូវមាន​ដំណោះស្រាយ​។ យើង​ឃើញថា រដ្ឋាភិបាល​បាន​ខិតខំ​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ តាម​គ្រប់​មធ្យោបាយ នេះ​ជា​ចំណុច​មួយ​ដែល​យើង​បាន​កត់សម្គាល់ ហើយ​ចំណុច​មួយទៀត គឺ​ធ្វើយ៉ាងណា​បញ្ចៀស​នូវ​ផលវិបាក​សម្រាប់​ភ្ញៀវ​ដែល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​។ យើង​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​របស់​ក្រសួង​សុខាភិបាល គឺ​វិធានការ ៣​កុំ ៣ ការពារ ព្រោះ​យើង​ដឹងថា ជំងឺ​នេះ​មាន​ភាពប្រែប្រួល​លឿន ងាយ​នឹង​ឆ្លង ប៉ុន្តែ​បើ​យើង​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​ជំងឺ​នេះ​នឹងមិន​ងាយ​ឆ្លង​បានទេ​។ ក្រៅពីនេះ​គឺ​ការរៀបចំ​វង់​ទស្សនាចរ ព្រោះ​យើង​ដឹងថា កូវីដ​ ១៩ មិនទាន់​ផុតរលត់​ទេ ដូចនេះ​ត្រូវ​រៀន​រស់នៅ​ជាមួយ​វា ដោយ​យើង​បានរៀបចំ​ផ្លូវ​ទស្សនា​ជូន​ភ្ញៀវទេសចរ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង ដើម្បី​ឱ្យ​យើង​ងាយស្រួល​គ្រប់គ្រង​។ យើង​ក៏មាន​ស្តង់ដា SOP ដែល​ជា​ការណែនាំ​របស់​ក្រសួងទេសចរណ៍​ផងដែរ​។

ក្នុង​រយៈពេល​ជិត ២ ​ឆ្នាំ​មកនេះ ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប គឺជា​ភ្ញៀវ​ក្នុងស្រុក​។ តើ​អាជ្ញាធរ​អប្សរា​មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​?

ភ្ញៀវទេសចរ​ក្នុង​ស្រុក​បាន​ដើរតួ​សំខាន់​ណាស់​ក្នុង​ការធ្វើឱ្យ​សេដ្ឋកិច្ច​ជាតិ​រីកចម្រើន​ឡើងវិញ ដោយ​មិន​រំពឹង​តែ​ទៅលើ​ភ្ញៀវទេសចរ​បរទេស​។ ទោះបីយ៉ាងណា យើង​ក៏បាន​និង​កំពុង​ធ្វើការ​ជាច្រើន​ជាមួយ​ក្រសួង​ទេសចរណ៍ ដើម្បី​ស្តារឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​បរទេស​ក្រោយពេល​ជំងឺ​កូវីដ​ ១៩ មាន​ភាពធូរស្រាល​។ យើង​នឹង​បន្ត​កិច្ចការងារ​ផ្សព្វផ្សាយ ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន ជាក់ស្តែង​ដូចជា​ពិធី​រំឭក​គុណ​អង្គរ​ជាដើម ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​។

តើ​លោក​មាន​សុទិដ្ឋិនិយម​បែបណា​ ខណៈ​រដ្ឋាភិបាល​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួចរាល់​?

ខ្ញុំ​យល់ថា នេះ​ជា​យុទ្ធសាស្ត្រ​ដ៏ល្អ ព្រោះ​យើង​បាន​ត្រៀម​រួចហើយ​នៅពេល​ស្ថានភាព​កូវីដ-១៩ ស្ថិតក្រោម​ការគ្រប់គ្រង​។ សម្រាប់​រមណីយដ្ឋាន​អង្គរ គឺ​យើង​ត្រៀម​រៀបចំ​រួចហើយ ដូចជា ការដាក់​នូវ​បរិក្ខារ​ទេសចរណ៍​, ការបង្កើត​នូវ​វង់​ទស្សនាចរ​តាម​ប្រាសាទ​ជាដើម​។ ខ្ញុំ​ជឿថា យើង​នៅ​រង់ចាំតែ​ការត្រឡប់​មកវិញ​របស់​ភ្ញៀវ​ប៉ុណ្ណោះ​៕ LA