ទីក្រុង​ឡុង​ដ៍​៖ Selfridges​ ជា​សម្ព័ន្ធ​ហាង​ទំនិញ​ប្រណីត​របស់​ចក្រភព​អង់គ្លេស​ដែល​ល្បីល្បាញ​ផ្នែក​ហាង​ទំនើប​របស់ខ្លួន​នៅលើ​ផ្លូវ Oxford Street​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​សុក្រ​ត្រូវបាន​ទិញយក​ដោយ​សម្ព័ន្ធភាព​ថៃ​-​អូទ្រីស​ក្នុងតម្លៃ ៤,០ ពាន់​លាន​ផោន នៅក្នុង​កិច្ចព្រមព្រៀង​មុន​ថ្ងៃបុណ្យ​ណូអែល​ដែល​នឹង​បង្កើតជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​លើ​ពិភពលោក​។​

​ក្រុមហ៊ុន​បានប្រកាស​នៅក្នុង​ប្រកាស​ព័ត៌មាន​មួយ​ថា ក្រុមហ៊ុន​Selfridges ដែលជា​ធម្មតា​ប្រមូលផ្តុំ​អ្នកដើរ​ទិញ​អំណោយ​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​បុណ្យ ត្រូវបាន​លក់​ដោយ​គ្រួសារ​លោក​Weston របស់​ប្រទេស​កាណាដា​ទៅឱ្យ​Central Group ជា​ក្រុមហ៊ុន​លក់រាយ​ឈានមុខ​គេ​របស់​ប្រទេស​ថៃ និង​ក្រុមហ៊ុន​អចលនទ្រព្យ​អូទ្រីស Signa​។​


​តម្លៃ​ដែល​ស្មើនឹង ៥,៤ ពាន់​លាន​ដុល្លារ ឬ ៤,៧ ពាន់​លាន​អឺរ៉ូ មិនត្រូវ​បានបង្ហាញ​ជា​ផ្លូវការ​នោះទេ ប៉ុន្តែ​ត្រូវបាន​បញ្ជា​ក់ដោយ​ប្រភព​ដែល​ដឹង​ពី​បញ្ហា​នេះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង​ប្រកបដោយ​ភាពជោគជ័យ​មួយ​នេះ ធ្វើឡើង​ចំពេល​មានការ​បារម្ភ​កាន់តែខ្លាំង​ឡើង​ជុំវិញ​ផលប៉ះពាល់​ដោយសារតែ​វីរុស​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​លើ​វិស័យ​លក់រាយ ដែល​ត្រូវបាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​រួចទៅហើយ ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​រយៈពេល​យូរ​៕LA