ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​កាណាដា ​រយៈពេល ១០ ខែ ​ដើម​ឆ្នាំ ២០២១ មាន​តម្លៃ​ប្រមាណ ៨២២ លាន​ដុល្លារ កើន ២៦ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២០។

ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ ២០២១ ការ​នាំចេញ-នាំចូល​ទំនិញ​រវាង​កម្ពុជា និង​ប្រទេស​កាណាដា មាន​ទឹក​ប្រាក់​សរុប ៨២២ លាន​ដុល្លារ កើន​ឡើង ២៦ ភាគរយ​ពី​ចំនួន ៦៥២ លាន​ដុល្លារ នា​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២០។


យោង​តាម​ទិន្នន័យ​ខាង​លើ​ ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា ទៅ​ប្រទេស​កាណាដា មាន​តម្លៃ ៧៩០ លាន​ដុល្លារ កើន​ឡើង ៣១ ភាគរយ ពី​ចំនួន ៦០៤ លាន​ដុល្លារ និង​ការ​នាំ​ទំនិញ​ពី​កាណាដា មក​ទីផ្សារ​កម្ពុជា​មាន​តម្លៃ ៣២ លាន​ដុល្លារ ធ្លាក់ចុះ ៣៣ ភាគរយ ពី​ចំនួន ៤៨ លាន​ដុល្លារ។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា (រាជបណ្ឌិត្យ​សភា​កម្ពុជា) បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា កាណាដា​ជា​ប្រទេស​ជឿន​លឿន និង​មាន​សេដ្ឋកិច្ច​រីក​ចម្រើន ដែល​ទិញ​ទំនិញ​ច្រើន​ពី​កម្ពុជា ដោយ​ទំនិញ​ទាំង​នោះ​ភាគ​ច្រើន​ជា​ផលិតផល​វាយនភណ្ឌ សម្ភារ​ធ្វើ​ដំណើរ និង​កាបូប​ជា​ដើម។ កម្ពុជា​តែងតែ​មាន​ឧត្តមភាព​សម្រាប់​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កាណាដា។


លោក​អះអាង​ថា៖ «តាមរយៈ​ការ​ធ្វើ​ពិពិធកម្ម​ផលិតកម្ម​ជា​បន្តបន្ទាប់ កម្ពុជា​រំពឹង​ថា នឹង​អាច​នាំចេញ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ទៅ​ប្រទេស​កាណាដា។ ម៉្យាង​ទៀត​តាមរយៈ​ការ​ដាក់​ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី និង​ច្បាប់​ពាណិជ្ជកម្ម​ជាច្រើន​ទៀត ខ្ញុំ​គិត​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹង​រឹត​តែ​ធំ​បន្ថែម​ទៀត​នៅ​ពេល​អនាគត»។

ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ឱ្យ​កាន់​តែ​មាន​ទំហំធំ បច្ចុប្បន្ន​ប្រទេស​កាណាដា និង​អាស៊ាន ក៏​បាន​និង​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ឈាន​ទៅ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-កាណាដា ផង​ដែរ។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២០ ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា-កាណាដា មាន​តម្លៃ​សរុប ៨០០,៤ លាន​ដុល្លារ ធ្លាក់​ចុះ ១៦,៤៤ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ក្នុង​នោះ​ការ​នាំ​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ ៧៤៥,០៤ លាន​ដុល្លារ ធ្លាក់​ចុះ ១០,៩៥ ភាគរយ និង​ការ​នាំចូល​ទំនិញ​ពី​កាណាដា​មាន​តម្លៃ ៥៥,៣៦ លាន​ដុល្លារ ធ្លាក់​ចុះ ៥៤,៣១ ភាគរយ។ នេះបើ​តាម​ក្រសួង​ពាណិជ្ជកម្ម៕