ភ្នំពេញៈ ក្រុមហ៊ុនអូស្ដ្រាលី Renaissance Mineral Limited (Cambodia) ដែលកំពុងវិនិយោគលើការរុករករ៉ែមាស នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឱ្យដឹងថា ក្រុមហ៊ុនចម្រាញ់រ៉ែមាសបានជិត ១ ៥០០ គីឡូក្រាមហើយក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២១ ខណៈតាមផែនការក្រុមហ៊ុននេះគ្រោងចម្រាញ់រ៉ែមាសឱ្យបាន ៣ តោនក្នុង ១ ឆ្នាំៗ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម បានលើកឡើងក្នុងពិធីប្រគល់ទទួលអគារទីស្តីការក្រសួងរ៉ែ និងថាមពលទៅឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃសុក្រ ទី ១៤ ខែមករាថា ការចម្រាញ់រ៉ែមាសនៅតំបន់អូខ្វាវ ខេត្តមណ្ឌលគិរី ដោយក្រុមហ៊ុនអូស្ត្រាលី Renaissance Mineral សម្រេចបានប្រមាណជិត ១ ៥០០ គីឡូក្រាម ឬស្មើនឹង ១១០ ដុំមាស នារយៈពេលជាង ៧ ខែកន្លងមក។ លោកបានបន្តថា ក្រុមហ៊ុននេះបានចាប់ផ្តើមដំណើរការចម្រាញ់រ៉ែមាសកាលពីថ្ងៃទី ២១ មិថុនា ឆ្នាំ ២០២១ និងធ្លាប់អះអាងថានឹងអាចផលិតមាសសុទ្ធបាន ៣ តោន ក្នុង ១ ឆ្នាំសម្រាប់រយៈពេល ៨ ឆ្នាំដំបូង។
លោកថ្លែងថា៖ «ក្រុមហ៊ុននេះនឹងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់ធំថែមទៀតក្រោយរយៈពេល ៨ ឆ្នាំដំបូងដោយមាសនឹងត្រូវនាំចេញទៅបន្សុទ្ធនៅក្រៅប្រទេស ដូចជា អូស្ត្រាលី និង សិង្ហបុរី។ Renaissance គឺជាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសខ្នាតអន្តរជាតិ ដោយផលិតចេញជាមាសដុំពាក់កណ្តាលសម្រេច ៩០ ភាគរយ»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទង លោក អ៊ឹង ឌីប៊ូឡា អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ សុំធ្វើអត្ថាធិប្បាយបានទេនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១៦ មករាថា ការចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុនអូស្ត្រាលី គឺជាប្រភពចំណូលរបស់កម្ពុជា និងជាមូលដ្ឋានរបស់រដ្ឋាភិបាលនៅក្នុងការប្រើប្រាស់ចំណូលមិនមែនពន្ធយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងៗ។
លោកថ្លែងថា៖ «បើចំណូលមានភាពល្អប្រសើរ គឺយើងអាចយកចំណូលនេះទៅសាងសង់មន្ទីរពេទ្យ ឬអាចរៀបចំកន្លែងសម្រាប់ទប់ស្កាត់ជាមួយកូវីដ-១៩ និងអភិវឌ្ឍន៍វិស័យអប់រំយើងកាន់តែល្អប្រសើរ»។
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានថ្លែងក្នុងពេលចុះទៅពិនិត្យការដ្ឋានរបស់ក្រុមហ៊ុនរុករករ៉ែ Emerald Resources នា អំឡុងខែធ្នូ ឆ្នាំ ២០២១ ថា ការវិនិយោគរបស់ Renaissance Minerals គឺជាការវិនិយោគរបស់អូស្ត្រាលីដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានថវិកាចំនួន ១៤០ លានដុល្លារសម្រាប់រយៈពេល ១៥ ឆ្នាំ។
លោកបន្តទៀតថា ក្រុមហ៊ុននេះចាប់ផ្តើមចម្រាញ់រ៉ែមាសកាលពីខែមិថុនា ឆ្នាំ ២០២១ និងបានធ្វើការ ២៤ ម៉ោងក្នុង ១ ថ្ងៃ និង ៧ ថ្ងៃក្នុង ១ សប្តាហ៍។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏កំពុងធ្វើការវាយតម្លៃជាច្រើនពីផលប៉ះពាល់បរិស្ថាន ដោយធ្វើការជាមួយសហគមន៍បរិស្ថានលើការអភិរក្សសត្វព្រៃ ដើម្បីឱ្យប្រាកដថា មិនមានផលប៉ះពាល់អវិជ្ជមានពីប្រតិបត្តិការជីករ៉ែ ក៏ដូចជាធ្វើការជាមួយសហគមន៍មូលដ្ឋានលើសកម្មភាពនានាបែបការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម។
កម្ពុជារំពឹងថានឹងទទួលបានផលប្រយោជន៍ជាចំណូលដុលជាមធ្យម ១៨៥ លានដុល្លារក្នុង ១ ឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗប្រមាណ ៤០ លានដុល្លារក្នុងមួយឆ្នាំពីក្រុមហ៊ុនរុករករ៉ែ Emerald Resources របស់អូស្ត្រាលីនេះ ខណៈក្នុងឆ្នាំ២០២២ ក្រុមហ៊ុនរុករករ៉ែមាសចំនួន ៤បន្ថែមទៀតនឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន ដោយក្នុងនោះ ៣ ក្រុមហ៊ុនត្រូវបានវិនិយោគដោយក្រុមហ៊ុនចិននៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី និង ១ ទៀត ជាក្រុមហ៊ុនឥណ្ឌា ដែលមានទីតាំងនៅខេត្តរតនគិរី៕ LA
វីដេអូ៖