តម្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា​​បាននិង​កំពុង​បន្ត​កើនឡើង

Content image - Phnom Penh Post
តម្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា​​បាននិង​កំពុង​បន្ត​កើនឡើងជាបន្តបន្ទាប់​ចាប់តាំងពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​ ២០២១ រហូតដល់​ដំណាច់​ខែមករា ឆ្នាំ​ ២០២២។ ហេង ជីវ័ន

ភ្នំពេញៈ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតែ​បន្ត​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​ ២០២១ រហូតដល់​ដំណាច់​ខែមករា ឆ្នាំ​ ២០២២​ នេះ ខណៈដែល​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​លើកឡើង​ថា ការ​លក់រាយ​ប្រេង​ឥនន្ធៈ​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់​។

បើតាម​សេចក្តី​ជូនដំណឹង​ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ថ្លៃ​ប្រេង ក្រុម​ឥន្ធនៈ​លក់រាយ​បាន​បន្ត​ឡើងថ្លៃ​ក្នុងនោះ កាលពីថ្ងៃ​ ១៦ ដល់​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ ប្រេងសាំង​ធម្មតា តម្លៃ​ ៤ ១០០ ​រៀល ហើយ​ចាប់ពី​ថ្ងៃទី​ ១ ដល់​ ១៥ ខែមករា ឆ្នាំ​ ២០២២ មានតម្លៃ​ ៤ ២០០ ​រៀល និង​ចាប់ពី​ថ្ងៃទី​ ១៦ ដល់​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២២ បន្ត​ឡើងដល់ ​៤ ៣៥០ ​រៀល ក្នុង​ ១​ លីត្រ​។ អ្នកសេដ្ឋកិច្ច​លើកឡើងថា ការបន្ត​ឡើងថ្លៃ​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នេះ ដោយសារ​តែ​សន្ទស្សន៍​នៃ​ផ្សារហ៊ុន​នៃ​ថ្លៃ​ប្រេង​ឥន្ធនៈ​ឡើងថ្លៃ​ផង និង​តម្រូវការ​ប្រេង​ឥន្ធនៈ​សម្រាប់​វិស័យ​ផលិតកម្ម​នៅតាម​រោងចក្រ​ពី​បណ្តា​ប្រទេស​ផ្សេងៗ ជាពិសេស​ចិន​មាន​សម្ទុះ​តម្រូវការ ប្រេង​កើនឡើង​ខ្លាំង ក្រោយពី​វិបត្តិ​កូវីដ​ ១៩ បាន​ធូរស្រាល​បន្តិច​។

លោក គី សេរីវឌ្ឍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តម្រូវការ​ទៅលើ​ប្រេងឥន្ធនៈ​ច្រើនជាង​ការផ្គត់ផ្គង់ ដោយ​អង្គការ​នៃ​ប្រទេស​ផលិត​ប្រេង​ ឬ​ហៅ​កាត់​ថា (OPEC ) ដែលជា​ស្ថាប័ន​ផ្តាច់មុខ​ទៅលើ​ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​បានកំណត់​ចំនួន​ផ្គត់ផ្គង់ គួបផ្សំ​នឹង​ការ​ថមថយ​នូវ​ទំនិញ​ជំនួស​ប្រេង​ផលប៉ះពាល់​នៃ​បរិស្ថាន​និង​វិបត្តិ​នៅ​ប្រទេស​ស្រីលង្កា ដែល​រុញច្រាន​ឱ្យ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​ជា​បន្តបន្ទាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​តម្លៃ​ប្រេងឥន្ធនៈ​នេះ​អាច​នឹង​ឡើង ឬ​ចុះថ្លៃ​អាស្រ័យទៅលើ​តម្រូវការ​ប្រើប្រាស់ និង​ការផ្គត់ផ្គង់ ប៉ុន្តែ​វា​ក៏​ពាក់ព័ន្ធ​នឹង​​កត្តា​ការវិវឌ្ឍ​នៃ​រូបិយវត្ថុ​របស់​សហរដ្ឋ​អាមេរិក​ផងដែរ​»​។

លោក ស៊ឺន នីត ម្ចាស់​ស្ថានីយ​ប្រេងឥន្ធនៈ​ភីធីធី ព្រែកកំពឹស បាន​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា ក្រោយ​ស្ថានភាព​កូវីដ​មាន​សភាព​ធូរស្រាល ការធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ចាប់ផ្តើម​វិល​ទៅរក​ភាពប្រក្រតី​វិញ ដែល​ជំរុញ​ឱ្យ​ការលក់​ប្រេងឥន្ធនៈ​នៅ​ស្ថានីយ​របស់​លោក​មាន​កំណើន​ឡើងវិញ​ផងដែរ​។

លោក​បាន​បន្តថា ដោយសារតែ​​ស្ថានីយ​ប្រេងឥន្ធនៈ​របស់​លោក​បាន​ទិញ​សិទិ្ធ​អាជីវកម្ម​ពី​ក្រុមហ៊ុន​ភីធីធី​របស់​ថៃ ដូចនេះ​រាល់​តម្លៃ​ប្រេងឥន្ធនៈ​ត្រូវគោរព​ទៅតាម​ការកំណត់​របស់​រដ្ឋ​។

លោក​យល់ថា ការឡើង​ថ្លៃ​នៃ​ប្រេងឥន្ធនៈ​នេះ គឺ​បណ្តាល​មកពី​តម្លៃ​ប្រេងឆៅ​អន្តរជាតិ​ឡើងថ្លៃ តែ​មិន​ទាក់ទង​នឹង​បុណ្យចូលឆ្នាំ​ចិន ដែល​ចិន​នឹង​​ប្រារព្ធ​នាពេល​ខាង​មុន​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រោយពី​​តម្លៃ​ប្រេង​ចាប់ផ្តើម​ឡើងថ្លៃ​ជា​បន្តបន្ទាប់ រហូតដល់​បច្ចុប្បន្ន សាំង ធម្មតា​តម្លៃ ​៤ ៣៥០ ​រៀល​នេះ​មក​ធ្វើឱ្យ​ការលក់​របស់លោក​បាន​ចាប់ផ្តើម​ថយចុះ​នៅ​ថ្ងៃ​ធម្មតា និង​អាច​កើន​វិញ​ក្នុង​ថ្ងៃ​បុណ្យទាន ដោយ​អាច​កើន​ពី ៨​ ម៉ឺន​លីត្រ ទៅ​ ១៣​ម៉ឺន លីត្រ ក្នុង​ ១ ​ខែ​»​។

លោក ទី តូ ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ កាល់តិច នៅតាម​បណ្តោយ​ផ្លូវ ២១៧ ក្នុង​ខណ្ឌដង្កោ បាន​ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​ថា ការលក់​ប្រេងឥន្ធនៈ​នៅ​ស្ថានីយ​របស់លោកបាន​ថយចុះ​ពី​ ១០ ​ម៉ឺន​លីត្រ មក​នៅត្រឹម​ ៧ ​ម៉ឺន​លីត្រ នៅក្នុង ១ ​ខែ​។

លោក​បាន​បន្តថា ការថយចុះ​នេះ​អាច​ថា​ដោយសារតែ​ពលរដ្ឋ​ចាប់ផ្តើម​កាត់បន្ថយ​ការធ្វើដំណើរ​ដែល​មិន​ចាំបាច់​ព្រោះតែ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​។

លោក​បាន​បញ្ជាក់ថា​៖ «​ចាប់ពី ចុងឆ្នាំ​ ២០២១ ​មក​ការលក់​ប្រេង​មាន​ការកើនឡើង​បន្តបន្ទាប់ ជាពិសេស​ពេល​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យមាន​ការធ្វើដំណើរ​កម្សាន្ត​ឡើងវិញ​នាំឱ្យ​ការធ្វើដំណើរ​ច្រើន ប៉ុន្តែ​ចាប់តាំងពី​​តម្លៃ​ប្រេង​ឡើងថ្លៃ​វិញ​មក ការលក់ ក៏​ថយចុះ​វិញ​ផងដែរ ព្រោះ​បើ​សាំង ឡើងថ្លៃ​បែបនេះ​ពលរដ្ឋ​ក៏​មិនសូវមាន​ធ្វើដំណើរ​ច្រើន​ដែរ​»​។

បើ​យោងតាម​សារព័ត៌មាន Reuter ចុះ​កាលពី​ថ្ងៃទី​ ១២ ខែមករា តម្លៃ​ប្រេង​ដែល​បាន​និង​កើនឡើង ៥០ ​ភាគរយ កាលពី​ឆ្នាំ​ ២០២១​ នោះ​នឹង​បន្ត​ការកើនឡើង​បន្ថែមទៀត​នៅក្នុង​ឆ្នាំ​ ២០២២​នេះ ខណៈដែល​អ្នកវិភាគ​ខ្លះ​ធ្វើការ​ព្យាករ​ថា បញ្ហា​កង្វះ​នៃ​សមត្ថភាព​នៃ​​ផលិតកម្ម និង​ការវិនិយោគ​ដែលមាន​ដែន​កំណត់​នៅក្នុង​វិស័យនេះ​នឹងធ្វើ​ឱ្យ​តម្លៃ​ប្រេងឆៅ​នឹង​កើនឡើង​ដល់​ ៩០​ ដុល្លារ​ ឬ​ខ្ពស់ជាង​ ១០០ ​ដុល្លារ​​ក្នុង​ ១ ​បារ៉ែល​៕ LA

ព័ត៌មានថ្មីៗ