ទីក្រុងញូវយ៉កៈ ក្រុមហ៊ុន Tesla បានបង្ហាញ​ពី​ការកើនឡើង​នៃ​តម្រូវការ​រថយន្ត​អគ្គិសនី​ដែល​រុញ​ប្រាក់​ចំណេញ​រហូត​ទៅដល់ ៥,៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១ ប៉ុន្តែ​ក្រុមហ៊ុន​របស់លោក Elon Musk បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា បញ្ហា​ចង្វាក់​ផ្គត់ផ្គង់​នឹង​បន្ត​កាត់បន្ថយ​ផលិតកម្ម​រហូតដល់​ឆ្នាំ​ ២០២២​។

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ​រកបាន​ពិន្ទុ​កើនឡើង ៨៧ ​ភាគរយ​នៅក្នុង​ការចែក​ចាយ​រថយន្ត​កាលពី​ឆ្នាំ​មុន​។ ទោះបី​មានការ​ខ្វះខាត​ឧបករណ៍​អេឡិចត្រូនិក​ពាក់កណ្តាល​ចម្លង​នៅ​ជុំវិញ​ពិភពលោក​ក៏ដោយ ក៏​ក្រុមហ៊ុន​បាន​រាយការណ៍​ថា មានការ​កើនឡើង ៧១ ​ភាគរយ​នៃ​ប្រាក់ចំណូល​រហូតដល់ ៥៣,៨​ ពាន់​លាន​ដុល្លារ​។


ក្រុមហ៊ុន Tesla បានឱ្យដឹងថា ខ្លួន​មិនបាន​មើលឃើញ​ពី​ការធូរស្រាល​ភ្លាមៗ​ពី​បញ្ហា​ខ្សែចង្វាក់​ផ្គត់ផ្គង់​ដែល​បាន​ប៉ះពាល់​ដល់​សកម្មភាព​ «​សម្រាប់​ត្រីមាស​នានា​» ឡើយ​។

«​យើង​គ្រោង​នឹង​បង្កើន​សមត្ថភាព​ផលិត​របស់​យើង​ឱ្យបាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន​»​។ នេះ​បើ​យោងតាម​ការលើកឡើង​របស់​ក្រុមហ៊ុន​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បានបញ្ជាក់​សាជាថ្មី​អំពី​គោលដៅ​របស់​ក្រុមហ៊ុន​ក្នុង​កំណើន​ចំនួន ៥០ ​ភាគរយ​ប្រចាំឆ្នាំ​។


Tesla បានឱ្យដឹង​ទៀតថា​៖ «​អត្រា​នៃ​កំណើន​នឹង​អាស្រ័យ​លើ​សមត្ថភាព​ឧបករណ៍​របស់​យើង ប្រសិទ្ធភាព​ប្រតិបត្តិការ សមត្ថភាព និង​ស្ថិរភាព​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់​» ។

ក្រុមហ៊ុន​ឱ្យដឹង​ទៀតថា​៖ «​រោងចក្រ​របស់​យើង​ផ្ទាល់​បាន​ដំណើរការ​ក្រោម​សមត្ថភាព​សម្រាប់​ត្រីមាស​ជាច្រើន​នាពេល​ខាងមុខ ដោយសារ​ខ្សែចង្វាក់​ផ្គត់ផ្គង់​បានក្លាយ​ជា​កត្តា​កំណត់​ដ៏សំខាន់​ដែល​ទំនងជា​នឹង​បន្ត​រហូត​ទៅដល់​ឆ្នាំ​ ២០២២»​។

ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk បាន​និយាយថា លោក​មានការ​ពេញចិត្ត​ចំពោះ​ការប្រកាស​សមត្ថភាព​ផលិត​ផល​ពាក់កណ្តាល​ចម្លង​ថ្មី​ដែល​គួរតែ​កាត់បន្ថយ​អតុល្យភាព​នៅ​ចុងឆ្នាំ​ ២០២២ ឬ​ដើមឆ្នាំ​ ២០២៣ ។

នៅក្នុង​អំឡុង​ពេលធ្វើ​សន្និសីទ​សារព័ត៌មាន​ជាមួយនឹង​អ្នកវិភាគ លោក ​Musk ប្រាប់ថា​៖ «​អាច​នឹងមាន​បញ្ហា​ផ្សេងទៀត​កើតឡើង​នៅ​ឆ្នាំនេះ​»​។

លោក​ក៏បាន​លើកឡើង​ពី​បញ្ហា​ខ្សែចង្វាក់​ផ្គត់ផ្គង់​ថា ជា​កត្តា​ក្នុង​ការសម្រេច​ចិត្ត​ពន្យារពេល​ចេញលក់​ផលិតផល​ថ្មី​នៅ​ឆ្នាំនេះ ដោយ​បន្ថែមថា ក្រុមហ៊ុន​នឹងធ្វើ​វិស្វកម្ម​នៃ​រថយន្ត​ភិក​អាប់​អគ្គិសនី​ «Cybertruck»​ របស់ខ្លួន​ជាមួយនឹង​ក្រសែភ្នែក​ឆ្ពោះទៅ​ចេញលក់​ដែល​អាចធ្វើ​បាន​នៅ​ឆ្នាំ ​២០២៣​។

លោក Musk និយាយថា​៖ «​ការផ្តោត​សំខាន់​ជា​មូលដ្ឋាន​របស់​ក្រុមហ៊ុន Tesla គឺ​ការធ្វើ​មាត្រដ្ឋាន​យានជំនិះ​។ ក្រុមហ៊ុន​បាន​ណែនាំ​ម៉ូដែល​ថ្មី​នៅ​ឆ្នាំ ២០២១ វា​នឹង​ធ្វើឱ្យ​ផលិតកម្ម​ទាំង​មូល​ធ្លាក់ចុះ​៕ LA