ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គ្រោង​នឹង​រៀបចំ​ឱ្យមាន​ការតភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ពី​ទន្លេ​បាសាក់​ទៅ​សមុទ្រ​ខេត្ត​កែប ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការដឹកជញ្ជូន​ទំនិញ និង​ទេសចរណ៍​តាមផ្លូវ​ទឹក ដោយ​មិនចាំបាច់​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក វ៉ាស៊ីម សូរិយា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ៣១ ខែមករា​ថា តាម​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​គម្រោង​តភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​រវាង​ទន្លេបាសាក់ និង​សមុទ្រ​ខេត្ត​កែប​នេះ​បានបញ្ចប់​ការសិក្សា​ជំហាន​ទី​ ១ រួចហើយ និង​ត្រូវការ​ពេល​សិក្សា​បន្ថែមទៀត​មុននឹង​ឈានដល់​ការចាប់ផ្តើម​អនុវត្ត​គម្រោង​ដ៏​ធំ​មួយ​នេះ​។


លោក​បន្តថា គម្រោង​នេះ​ត្រូវបាន​សិក្សា​ដោយ​មន្ត្រី​ជំនាញ​របស់​ក្រសួង សហការ​ជាមួយ​អ្នកជំនាញ​បរទេស​។ ទោះយ៉ាងណា លោក សូរិយា ប្រាប់ថា លោក​មិនទាន់​ទទួលបាន​របាយការណ៍​សិក្សា​លម្អិត​ជុំវិញ​គម្រោង​នេះ​ថា​មាន​ប្រវែង​ប៉ុន្មាន​គីឡូម៉ែត្រ​ចាប់ផ្តើម​កសាង​ពី​ចំណុច​ណា​ទៅ​ចំណុច​ណា និង​ចំណាយ​ថវិកា​ប៉ុន្មាន​សម្រាប់​អនុវត្ត​គម្រោង​នេះ​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​ការសិក្សា​បឋម​នេះ ខ្ញុំ​មិនទាន់​បានទទួល​ឯកសារ​បង្ហាញ​ជា​ផ្លូវការ​នៅឡើយ​ទេ​។ គម្រោង​នេះ​ក៏​មិនទាន់មាន​ការដាក់​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​អនុវត្ត​នៅឡើយ​ទេ ព្រោះ​មន្ត្រី​ជំនាញ​របស់​ក្រសួង និង​បរទេស​កំពុងធ្វើការ​សិក្សា​ឱ្យ​លម្អិត​ជាមុនសិន​។ ទោះ​គម្រោង​តូច ឬ​ធំ គឺ​ត្រូវតែ​សិក្សា​ឱ្យបាន​ច្បាស់​»​។


បើតាម លោក សូរិយា ការដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​ផ្លូវគោក​មិន​ស្មើនឹង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ទេ ព្រោះ​ងាយស្រួល​បាន​ចំនួន​ច្រើន និង​មាន​សុវត្ថិភាព​។ លោក​បន្តថា កំពង់ផែ​នៅតាម​ផ្លូវទឹក គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​កំណើន​សេដ្ឋកិច្ច​។

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ក្រសួង​ឆ្នាំ​ ២០២១ កាលពី​ថ្ងៃទី ​២៨ ​មករា​បាន​លើកឡើងថា ក្រសួង​បាន​សិក្សា​រួចហើយ​ចំពោះ​គម្រោង​នេះ និង​បាន​រាយការណ៍​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រួចហើយ​ដែរ​។

លោក​ថ្លែងថា​៖ «​យើង​ចង់ឱ្យមាន​ការរីកចម្រើន​តាមផ្លូវ​ទឹក ហើយ​ខេត្ត​មួយចំនួន​ដូចជា​ខេត្តតាកែវ​នឹង​បាន​ទទួលផល​ល្អ​ពី​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ពី​ទន្លេបាសាក់ ទៅកាន់​សមុទ្រ​ត្រង់​ទៅ​តែម្តង នេះ​ជំហាន​ទី​ ១»​។

បើតាម​លោក ចាន់ថុល សម្រាប់​ជំហាន​ទី ​២ ក្រសួង​នឹងសិក្សា​លម្អិត​ពី​ផលប៉ះពាល់ និង​ការចំណាយ​របស់​គម្រោង​នេះ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការដឹកជញ្ជូន​ទំនិញ និង​ទេសចរណ៍​ពី​ភ្នំពេញ​ទៅកាន់​សមុទ្រ ដោយ​មិនបាច់​ឆ្លងកាត់​តាម​ច្រក​ក្អម​សំណ និង​ឆ្លងកាត់​ប្រទេស​វៀតណាម​។ លោក​បន្តថា​៖ «​គម្រោង​នេះ​យើង​ក៏បាន​សិក្សា​ជាមួយ​ក្រសួង​ធនធានទឹក ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់​របស់​គណៈកម្មការ​ទន្លេមេគង្គ គឺ​អត់​មាន​ផលប៉ះពាល់​អី​ទេ គឺ​យើង​អាចធ្វើ​បាន​»​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​និយាយថា ការដឹកជញ្ជូន​តាមផ្លូវ​ទឹកទន្លេសាប​ក្នុងប្រទេស​កម្ពុជា​តាំង​ពីមុន និង​បច្ចុប្បន្ន គឺ​ពឹងផ្អែក​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ក្អម​សំណ ប៉ុន្តែ​ពេល​រដ្ឋាភិបាល​រៀបចំ​ឱ្យមាន​ផ្លូវទឹក​ដោយ​ភ្ជាប់​រវាង​ទន្លេសាប និង​សមុទ្រ​បែបនេះ គឺ​បង្ហាញ​ពី​ការបង្កើត​អំណាច​សេដ្ឋកិច្ច និង​ដែល​ត្រូវ​ធ្វើជា​ចាំបាច់​។

លោក​ពន្យល់ថា ការបង្កើតឱ្យមាន​ការតភ្ជាប់​ដោយ​ខ្លួនឯង​ដោយ​បន្ថែម​ពីលើ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​សមុទ្រ​រាម និង​កំពង់ផែ​ទេសចរណ៍​នៅ​ខេត្តកំពត​នឹង​ជួយ​ធ្វើឱ្យ​ការដឹក​ទំនិញ និង​ភ្ញៀវទេសចរ​ចូលមក​ភ្នំពេញ​កាន់តែ​ងាយ​ស្រួល​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា នេះ​គឺជា​កត្តា​មួយ​ល្អ​សម្រាប់​បង្កើត​អំណាច​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង​។ ក្រៅពី​យើង​មាន​ផែ​ទឹក​ជ្រៅ យើង​នឹង​លែង​ពឹងពាក់​លើ​កំពង់ផែ​ទឹក​ជ្រៅ​របស់​វៀតណាម​។ ឥឡូវនេះ​យើង​លែង​ពឹងពាក់​ផ្លូវ​ទន្លេ​បាសាក់​ពី​វៀតណាម​ទៀត កម្ពុជា​កាន់តែ​ឯករាជ្យ និង​អាចមាន​កំណើន​សេដ្ឋកិច្ច​កាន់តែខ្លាំង​»៕ LA