ភ្នំពេញៈ ជា​កិច្ចខំប្រឹងប្រែង​ក្នុងការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME ) ដើម្បី​ពង្រីក​អាជីវកម្ម សហគ្រិន​ខ្មែរ ក្រុមហ៊ុន OBOR និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ (FI) ចំនួន ៥ បានរួម​គ្នា​ដើម្បី​ចាប់ផ្តើម​កម្មវិធី​ត្រៀមខ្លួន​សម្រាប់​ការវិនិយោគ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ (SME IR Program) ដែល​ផ្តោតលើ​ការស្វែងរក និង​បង្កើន​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​ភាពចាស់ទុំ​ក្នុងប្រទេស ដើម្បី​ពួកគេ​អាច​បង្កើន​ដើមទុន​ប្រកបដោយ​ប្រសិទ្ធភាព​។

កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០២២​ នៅពេល​សហគ្រិន​ខ្មែរ​ផ្តល់​ការគាំទ្រ​ដល់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន​ឱ្យមាន​ប្រសិទ្ធភាព​នៅ​កម្ពុជា​។ សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​នានា​របស់​សហគ្រិន​ខ្មែរ គឺ​បង្កើន​ឱកាស​នៃ​ការទទួល​បាន​ការគាំទ្រ​ថវិកា សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម ហើយ​កម្មវិធី​ «​ត្រៀមខ្លួន​ដើម្បី​ទទួលបាន​ការវិនិយោគ​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​» ​នេះ​នឹងធ្វើ​ឱ្យសម្រេចបាន​នូវ​គោលដៅ​របស់​សហគ្រិន​ខ្មែរ​។


លោក ឈៀង វណ្ណមុនិណ្ឌ ​នាយក​ប្រតិបត្តិ​របស់​សហគ្រិន​ខ្មែរ​បាន​ឱ្យដឹងថា ការគាំទ្រ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន ៥ នៅ​កម្ពុជា រួមមាន ធនាគារ ABA, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេអឹមខេ​, ធនាគារ​វីង​, ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​, និង ធនាគារ​អេស៊ីលីដា នឹង​រួម​ចំណែក​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​ថ្លែងថា​៖ «​ការឧបត្ថម្ភ​របស់​ស្ថាប័ន​ធនាគារ​ក្នុង​កម្មវិធី​នេះ​បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​អ្នកពាក់ព័ន្ធ​ផ្សេងៗ​គ្នា​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន ដើម្បី​បង្កើន​លទ្ធភាព​ក្នុង​ការទទួល​បានការ​គាំទ្រ​ហិរញ្ញវត្ថុ សម្រាប់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ហើយ​សហគ្រិន​ខ្មែរ មាន​ក្តី​រីករាយ​ដែល​បាន​ក្លាយជា​ចលករ​មួយ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បែបនេះ​»​។


លោក ShivamTripathi នាយក​ប្រតិបត្តិ​ក្រុមហ៊ុន OBOR​ បានឱ្យដឹងថា ការស្វែងរក​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​បញ្ហា​ប្រឈម​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ OBOR មាន​ក្តីរំភើប​ដែល​ធ្វើការ​ជាមួយ​សហគ្រិន​ខ្មែរ​ដើម្បី​នាំយក​សហគ្រាស​ធុន​តូច និង​មធ្យម​បន្ថែមទៀត​ទៅកាន់​ដំណាក់កាល​គ្រប់លក្ខណ​សម្បត្តិ​សម្រាប់​ទទួលបាន​ការវិនិយោគ​។ OBOR មានបំណង​បង្កើត​គំរូ​មួយ​ដែល​អាច​ប្រើ​សម្រាប់​ជួយ​សហគ្រាស​ធុនតូច និង​មធ្យម​ផ្សេងទៀត​»​។

លោក Igor Zimarev ប្រធាន​ផ្នែក​ទីផ្សារ​របស់​ធនាគារ ABA បានឱ្យដឹងថា ការទទួលបាន​ចំណេះដឹង​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ការលូតលាស់​ដោយ​ចីរភាព​នៃ​សហគ្រាស​ធុនតូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី​។ ធនាគារ ABA ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ក្នុងការ​រួមចំណែក​ក្នុង​កម្មវិធី SME IR ជាមួយ​សហគ្រិន​ខ្មែរ ក្នុងការ​អនុវត្ត​កម្មវិធី​ជាមួយ OBOR ដើម្បី​បង្កើត​ឱកាស និង​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​ធុរកិច្ច​បង្កើត​ថ្មី និង​ជួយ​ដល់​សហគ្រិន​ឱ្យ​រីកចម្រើន​។

លោក​និយាយថា​៖ «​តាមរយៈ​ការឧបត្ថម្ភ​នេះ ធនាគារ ABA បន្ត​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដែលជា​ធាតុផ្សំ​ដ៏សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​រយៈពេល​វែង​»​។

កម្មវិធី SME IR នឹង​ចាប់ផ្តើម​ការបណ្តុះបណ្តាល​របស់ខ្លួន​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​ ២០២២ ​នេះ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ២៥ ដែល​ត្រូវបាន​ជ្រើសរើស​។ សិក្ខាសាលា​មាន​រយៈពេល​ពី ២០ ​ដល់ ​២៥ ​ម៉ោង​នឹង​បណ្តុះបណ្តាល​អំពី​តម្រូវការ​វិនិយោគិន គម្រោង​អាជីវកម្ម និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​។ បន្ទាប់មក​នៅ​ជុំ​ទី ​២ គម្រោង​នឹង​ជ្រើសរើស​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន ​៥ ដែល​ពួកគេ​នឹង​ទទួលបាន​ការប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ ១ ទល់នឹង ១ ដែល​រៀបចំឡើង​ដើម្បី​ជួយ​ពួកគេ​ឱ្យ​សម្រេច​គោលដៅ​បង្កើន​ដើមទុន​អាជីវកម្ម​។ ទន្ទឹមនឹង​ការបង្កើន​ដើមទុន ធនាគារ ABA, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេអឹមខេ, ធនាគារ​វីង និង​ធនាគារ សហគ្រាស​ធុន​តូច និង​មធ្យម ក៏បាន​រួមគ្នា​បង្កើត​កញ្ចប់​ប្រាក់រង្វាន់​ចំនួន ១៥ ០០០ ​ដុល្លារ ដែល​នឹង​ផ្តល់​ដល់​សហគ្រាស​ដែល​ឈានមុខ​គេ​៕ LA