ភ្នំពេញៈ វិបត្តិ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ មិនបាន​ធ្វើឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន​ធ្លាក់ចុះ​នោះឡើយ ដោយ​ក្នុង​ឆ្នាំ​ ២០២១ កន្លងមក ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប​ជាង ២,៣ ​ពាន់​លាន​ដុល្លារ កើន​ជិត ១១ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ ​២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន Jetro​។

ទិន្នន័យ Jetro ចេញផ្សាយ​ក្នុង​សប្តាហ៍​នេះ​ឱ្យដឹងថា ចាប់ពី​ខែមករា​-​ខែធ្នូ ឆ្នាំ​ ២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​តម្លៃ​សរុប ២ ៣៣៣,០៦ ​លាន​ដុល្លារ​កើន ១០,៩៩ ​ភាគរយ បើ​ធៀប​ឆ្នាំ​ ២០២០ ដែលមាន​តម្លៃ ២ ១០១,៩១ ​លាន​ដុល្លារ​។


បើ​យោងតាម Jetro ទំនិញ​កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​មាន​ទឹកប្រាក់ ១ ៧៥២,៩៨ ​លាន​ដុល្លារ កើនឡើង ៨,៣៩ ​ភាគរយ​ពី​ចំនួន ១ ៦១៧,២១ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ និង​ការនាំ​ទំនិញ​ពី​ជប៉ុន​មក​កម្ពុជា​មាន​ទឹកប្រាក់ ៥៨០,០៨៤ ​លាន​ដុល្លារ​កើនឡើង ​១៩,៦៧​ ភាគរយ​ពី​ចំនួន ៤៨៤,៧០ ​លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​ខែធ្នូ ឆ្នាំ​ ២០២១ ការនាំ​ចេញពី​កម្ពុជា​មាន​ទឹកប្រាក់ ១២៨,២៩ ​លាន​ដុល្លារ ធ្លាក់ ០,៦ ​ភាគរយ​ធៀប​នឹង​ខែធ្នូ ឆ្នាំ​ ២០២០ និង​ការ​នាំចូល​មាន​ចំនួន ៥៤,៤៣ ​លាន​ដុល្លារ កើន ៤,៥ ​ភាគរយ​។


អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់ថា ទំហំ​ពាណិជ្ជកម្ម​នេះ​នឹង​កើនឡើង​បន្ថែមទៀត ខណៈ​ប្រទេស​ទាំង ២ កំពុង​ចរចា​គ្នា​ក្នុង​ការបង្កើន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​។ លោក​បន្តថា ការចូល​ជាធរមាន​នៃ​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា និង​កិច្ចព្រមព្រៀង RCEP នាពេល​ថ្មីៗ​នេះ​ក៏​បាននិងកំពុង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ដល់​វិនិយោគិន​ជប៉ុន និង​បរទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ដើម្បី​ផលិត​នាំ​ចេញទៅ​ទីផ្សារ​ជប៉ុន និង​ប្រទេស​ផ្សេងៗ​ផងដែរ​។

លោក​ប្រាប់ថា​៖ «​សកម្មភាព​នៃ​ការនាំចេញ​នាំចូល​រវាង​ប្រទេស​ទាំង ២ នឹង​រឹតតែ​រឹងមាំ បន្ទាប់ពី​កម្ពុជា​បានធ្វើ​កំណែទម្រង់​ច្បាប់​វិនិយោគ និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ជា​បន្តបន្ទាប់​។

RCEP គឺជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន​ (១០ ​ប្រទេស​) ក្នុងការ​បង្កើត​ដៃគូ​ជាមួយនឹង​ប្រទេស​ចំនួន ៥​ នៅក្រៅ​តំបន់​ដែល​រួមមាន ប្រទេស​ជប៉ុន ចិន អូស្ត្រាលី កូរ៉េខាងត្បូង និង​នូវែលសេឡង់​។ RCEP បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បានឱ្យដឹងថា ភាពវិជ្ជមាន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ ពិសេស​ការនាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន​បង្ហាញថា ផលិតផល​កម្ពុជា​គឺមាន​គុណភាព​ល្អ ព្រោះ​គ្រប់គ្នា​សុទ្ធតែ​ដឹងថា​ទីផ្សារ​ជប៉ុន គឺ​ទាមទារ​ស្តង់ដា​ខ្ពស់​ណាស់​។ លោក​បន្តថា កំណើន​នេះ​ក៏​កើតចេញពី​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ ព្រមទាំង​កិច្ចខិតខំ​របស់​ក្រសួង​ស្ថាប័ន និង​ក្រុមហ៊ុន​ឯកជន​កម្ពុជា និង​ជប៉ុន​ផងដែរ​។

លោក​ថ្លែងថា​៖ «​កំណើន​នៃ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន​ក៏​បណ្តាលមកពី​កំណើន​ការ​ចូលមក​បណ្តាក់ទុន​របស់​អ្នកវិនិយោគ ដើម្បី​នាំចេញ​ទៅ​ជប៉ុន​ផងដែរ​»​។ លោក​បន្ថែមទៀត​ថា​៖ «​ទោះយ៉ាងណា​ដើម្បី​ធានាបាន​និរន្តរភាព​នៃ​កំណើន​នេះ កម្ពុជា​ក៏ត្រូវ​ខំ​ធ្វើ​ពិពិធកម្ម​ផលិតផល​នាំចេញ​របស់ខ្លួន​បន្ថែម​ទៀត ដើម្បីឱ្យ​ស្របតាម​ការវិវឌ្ឍ​របស់​ទីផ្សារ​ជប៉ុន​»​។

ផលិតផល​ដែល​កម្ពុជា​នាំទៅ​ជប៉ុន​មានដូចជា សម្លៀកបំពាក់ គ្រឿង​ផ្គុំ​អគ្គិសនី គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម​។ ចំណែក​ការនាំ​ចូល​ពី​ជប៉ុន រួមមាន គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​៕ LA