ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) បានដាក់​ឱ្យប្រើ​ប្រាស់​កម្ម​វិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​នៃ​តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ​ ២០២២ ដើម្បី​ជួយ​សម្រួល​ដល់​ធុរជន ក្នុងការ​ស្វែងរក​ចំណាត់ថ្នាក់​ទំនិញ មុខទំនិញ​ហាមឃាត់ និង​ការ​គណនា​ទៅលើ​អត្រាពន្ធអាករ​ជាដើម​។

តាម​សេចក្តី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​កាលពី​ថ្ងៃទី​ ៤ ខែកុម្ភៈ​ឱ្យដឹងថា ការដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​នេះ គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​កិច្ច​សម្រួល​ពាណិជ្ជកម្ម ក៏ដូចជា​សម្រួល​បន្ថែម​ទៀត​ដល់​ធុរជន ដោយ​អ្នក​ធុរកិច្ច​ទាំងអស់​អាច​ប្រើប្រាស់​កម្មវិធី​នេះ​សម្រាប់​ជា​ជំនួយ​ដល់​ការស្វែងរក​ទំនិញ​ផ្សេង ក៏ដូចជា​ទំនិញ​ហាមឃាត់​នានា​បាន​ដោយ​ងាយស្រួល​។


លោក គាម ចាន់កុសល អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គោលដៅ​នៃ​ការបង្កើត​ឱ្យមាន​កម្មវិធី​ទូរស័ព្ទ​ឆ្លាតវៃ​តារាង​ពន្ធគយ​កម្ពុជា គឺ​សម្រាប់​ការស្វែងរក​ចំណាត់ថ្នាក់​ទំនិញ​, មុខទំនិញ​ហាមឃាត់ និង​ជាប់​កម្រិត​កំណត់ និង​ការ​គណនា​ប្រាក់​ពន្ធអាករ​ប៉ាន់ស្មាន​នៃ​ទំនិញ​ដែល​ធុរជន​ចង់​នាំចូល​។

លោក​បន្ថែមទៀតថា ការបង្កើតឱ្យមាន​កម្មវិធី​ទូរស័ព្ទ​ឆ្លាតវៃ​ក៏​ផ្សព្វផ្សាយ​ពី​ការអនុវត្ត​តារាង​ពន្ធគយ​កម្ពុជា ឆ្នាំ​ ២០២២ ដែលមាន​ការកែសម្រួល​ពី​តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ​ ២០១៧ និង​ភាពស៊ីចង្វាក់​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ១០ និង​សង្គតិភាព​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក ដែលជា​សមាជិក​នៃ​អង្គការ​គយ​ពិភពលោក​ (WCO)​។


លោក​បញ្ជាក់ថា​៖ «​នៅពេល​ដែលមាន App នេះ ធុរជន​មិនចាំបាច់​ជាវ សៀវភៅ​តារាង​ពន្ធគយ និង​ដាក់​សៀវភៅ​តាម​ខ្លួន​ទៀត​ទេ គឺ​ឱ្យ​តែមាន​ទូរស័ព្ទ​ឆ្លាត​វៃ ធុរជន​អាច​បើក​មើល ស្វែងរក​នៅទីណា​ក៏បាន​។ វា​ក៏​ផ្នែក​មួយ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​រដ្ឋបាល​គយ​ក្នុងការ​ចូលរួម​លើកកម្ពស់​ការយល់ដឹង និង​ផ្តល់​ភាពងាយស្រួល​ដល់​ធុរជន​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា នេះ​ជា​អ្វីដែល​វិស័យ​ឯកជន ក៏ដូចជា​អ្នកវិនិយោគ​ចង់បាន​ដោយ​កម្មវិធី​នឹង​បង្កលក្ខណៈ​ងាយស្រួល​ច្រើន ខណៈ​កន្លងទៅ​មាន​ធុរជន​ច្រើនណាស់​ជួប​បញ្ហា​ស្មុគស្មាញ​ដោយសារ​ខ្វះ​ព័ត៌មាន​ពី​នីតិវិធី​នៃ​ការ​នាំចូល​។

លោក​បន្ថែមថា កន្លងមក​បើសិន​អ្នក​វិនិយោគ​ចង់ដឹង​ពី​តម្លៃ​ពន្ធ និង​ទំនិញ​ដែល​ហាមឃាត់​ទាល់តែ​ទំនាក់ទំនង​សួរ​ខាង​គយ ដែលនាំឱ្យ​ខាត​ពេល​ និង​ថវិកា​ច្រើន ហើយ​ពេលខ្លះ​ពិបាក​ក្នុង​ការទទួល​បាន​ព័ត៌មាន​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​បើ​មាន Mobile app ដែល​យើង​អាច​ឆែក​តាម​ទូរស័ព្ទ​បាន​យ៉ាង​ដូច្នេះ ពិតជា​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក​នាំចេញ​-​នាំចូល ដែល​គាត់​អាច​ដឹង​ព័ត៌មាន​បាន​រហ័ស ព្រោះ​កន្លងមក​មានការ​លំបាក​ច្រើន ដោយ​ធុរជន​ខ្លះ​បាន​នាំចូល​ទំនិញ​មកហើយ ឆែក​តារាង​ពន្ធ​គ្មាន​តម្លៃ​ពន្ធ​ក៏មាន​ខ្លះទៀត ទំនិញ​ខ្លះ​ត្រូវបាន​ហាមឃាត់​ក៏មាន ដែល​ឱ្យ​ប៉ះពាល់​ដល់​ការខាតបង់​ថវិកា និង​ពេលវេលា​»​។

បែបនេះ​ក្តី​ក្នុងនាម​សភាពាណិជ្ជកម្ម​កម្ពុជា និង​តំណាងឱ្យ​វិស័យ​ឯកជន​លោក លឹម ហេង បានស្នើ​ដល់​អគ្គនាយកដ្ឋាន​គយ​បន្ត​រឹតបន្តឹង និង​ទប់ស្កាត់​ទំនិញគេចពន្ធ និង​រារាំង​ចំពោះ​ការឃុបឃិត​រវាង​អ្នកមាន​ឥទ្ធិពល​នៅតាម​បណ្តា​ច្រកព្រំដែន​ទាំងអស់​ធ្វើយ៉ាងណា​កុំឱ្យ​មាន​ទំនិញ​ខូច​គុណភាព និង​ទំនិញ​ខុស​មាន​ចរាចរណ៍​ក្នុង​ទីផ្សារ​កម្ពុជា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ផលិតផល​ក្នុងស្រុក​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា លោក ស៊ិន ចន្ធី បានឱ្យដឹង​ដែរ​ថា ពីមុន​ចំពោះ​តារាង​ពន្ធ​នាំចូល​ខាង​គយ​តែងតែ​រៀបចំ​ចងក្រង​ជា​សៀវភៅ និង​បាន​ផ្តល់ជូន​មក​ខាង​សមាគម ដើម្បី​ទុកជា​ឯកសារ​សម្រាប់​ពិនិត្យមើល​ចំពោះ​ការ​មុខទំនិញ​ជាប់ពន្ធ​ផ្សេង​។

លោក ចន្ធី បាន​បន្ថែមថា ការរៀបចំ​ឱ្យមាន​កម្មវិធី​ក្នុង​ទូរស័ព្ទដៃ​ឆ្លាតវៃ​នេះ​នឹង​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ថែមទៀត​ក្នុងការ​បំពេញបែបបទ នីតិវិធី​ពន្ធគយ និង​ការទទួលបាន​ព័ត៌មាន​កាន់តែ​រហ័ស ចំណេញ​ពេលវេលា​ និង​ថវិកា ដោយ​សមាគម​នឹង​ផ្សព្វផ្សាយ​ដល់​សមាជិក​ឱ្យបាន​ដឹង និង​ប្រើប្រាស់​ឱ្យបាន​គ្រប់ៗ​គ្នា​។

លោក​បញ្ជាក់ថា​៖ «​យើង​រំពឹង App នេះ​នឹង​ដំណើរការ​ទៅបាន​ដោយ​រលូន មិនមាន​ភាពរអាក់រអួល ជាពិសេស​សូមឱ្យ​ការឆ្លើយតប​ពី​ខាង​គយ​ឱ្យបាន​ទាន់ពេលវេលា នៅពេល​ដែលមាន​ការដាក់​សំណើ​ពី​អ្នក​នាំចូល ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​ការប្រើប្រាស់​កម្មវិធី​នៅក្នុង​ទូរស័ព្ទដៃ​ឆ្លាតវៃ​នេះ​មាន​ប្រសិទ្ធភាព​ល្អ​»៕ LA