ទីក្រុងវ៉ាស៊ីនតោនៈ រទេះ​លក់ទំនិញ​របស់​អ្នកស្រី​ពេញ​ទៅដោយ​គ្រឿង​អាហារ ប៉ុន្តែ​មិនមាន​សាច់​អាំង​ទេ​។ អ្នកស្រី Lisa ជា​ម្តាយ​មាន​អាយុ​ ៤៨ ​ឆ្នាំ​ម្នាក់​បានឱ្យដឹងថា​៖ «​ថ្លៃ​ខ្លាំងណាស់​» ​ខណៈ​ដែល​អ្នកស្រី​កំពុងតែ​ចាកចេញ​ពី​ផ្សារ​ទំនើប Giant ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។

នៅ​អាមេរិក ដែលជា​ទឹកដី​សាច់អាំង និង​ហាង​សាច់​អាំង តម្លៃ​សាច់គោ​កំពុង​កើនឡើង​ខ្លាំង​ខ្ពស់​មិន​ធ្លាប់មាន​។

តម្លៃ​ទំនិញប្រើប្រាស់​ជារួម​បាន​កើនឡើង​ចំនួន ៧ ​ភាគរយ​កាលពី​ឆ្នាំ​ ២០២១ ជា​អត្រា​អតិផរណា​មួយ​ដែល​មិន​បានឃើញ​ចាប់តាំងពី​ឆ្នាំ ​១៩៨២​ ហើយ​ទិន្នន័យ​សម្រាប់​ខែមករា​ដែល​គ្រោង​នឹង​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ត្រូវបាន​រំពឹងថា​នឹង​បង្ហាញ​ពី​ការកើនឡើង​ប្រចាំឆ្នាំ​ជា​បន្តទៅទៀត​។

ក្រុម​អ្នកដើរ​ទិញ​អីវ៉ាន់​ជនជាតិ​អាមេរិក​បាន​មើលឃើញ​តម្លៃ​សាច់ បសុបក្សី ត្រី និង​ស៊ុត​កើនឡើង ១២,៥ ​ភាគរយ​កាលពី​ឆ្នាំមុន ខណៈ​ដែល​សាច់គោ​បាន​កើន​ឡើងដល់​ ២៣ ភាគរយ​អាស្រ័យ​លើ​ការ​កាត់​។


នៅលើ​ធ្នើរ​នៃ​ហាង​លក់​គ្រឿងទេស​ផ្សារ​ទំនើប​ Giant ក្នុង​សង្កាត់ Van Ness នៃ​ទីក្រុង​វ៉ាស៊ីនតោន​មានតែ​សាច់គោ​ដែល​កាត់​ជា​ចំណែក​តូច​ប៉ុណ្ណោះ​ដែលមាន​តម្លៃ​សមរម្យ​សម្រាប់​អ្នកស្រី​ Lisa ដែលជា​ម្តាយ​របស់​ក្មេង​វ័យ​ជំទង់​ ៣​ នាក់​ដែល​បាន​បដិសេធ​ប្រាប់​នាមត្រកូល​របស់​អ្នកស្រី​ពេល​ផ្តល់​សម្ភាសន៍​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​ខ្ញុំ​ទិញ​ភាគច្រើន​ជា​សាច់មាន់ និង​សាច់ក្រក​។ ពេលខ្លះ​សាច់គោ​ចំណែក​តូច​»​។

តម្លៃ​សម្រាប់​ការ​កាត់​សាច់គោ​ដែលមាន​គុណភាព​អាចមាន​តម្លៃ​ដល់ ២៤,៩៩ ​ដុល្លារ​ក្នុង​ ១ ​ផោន​ (២១,៨៥​ អឺរ៉ូ​សម្រាប់​ ៤៥៣ ​ក្រាម​) ខណៈ​ដែល​ហាង​លក់​សាច់​នៅក្នុង​សង្កាត់ Georgetown គិត​តម្លៃ ១៣ ​ដុល្លារ​បន្ថែមទៀត​សម្រាប់​សាច់​ដូចគ្នានេះ​។

លោក Jayson Lusk ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច​កសិកម្ម​នៅ​សាកលវិទ្យាល័យ Purdue University ក្នុង​រដ្ឋ Indiana បានលើកឡើង​ពី «​កត្តា​ជាច្រើន​ដែល​រួមបញ្ចូល​គ្នា​ដើម្បី​ជំរុញ​ឱ្យ​តម្លៃ​ម្ហូបអាហារ​កើនឡើង​កាន់តែ​ខ្ពស់​»​។

ការប្រើប្រាស់​ត្រូវបាន​ជំរុញ​ដោយ​អត្រា​សន្សំ​ខ្ពស់ ដែល​បាន​កើនឡើង​ដោយ​ជំនួយ​ពី​រដ្ឋាភិបាល សម្រាប់​ជនជាតិ​អាមេរិក ដែល​ភាគច្រើន​ជាប់គាំង​នៅផ្ទះ​ក្នុងអំឡុងពេល​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក Lusk បាន​ថ្លែងថា​៖ «​ប្រទេស​ទិញ​សាច់​របស់​អាមេរិក​ជាពិសេស​ប្រទេស​ចិន បានបង្ហាញ​តម្រូវការ​ដ៏រឹងមាំ​រួម​ជាមួយ​នឹង​តម្រូវការ​អ្នកប្រើប្រាស់​ក្នុងស្រុក​ដ៏រឹងមាំ​»​។

លោក​បន្តថា ជាមួយ​គ្នា​នេះ ប្រាក់​ឈ្នួល​ក្នុង​ឧស្សាហកម្ម​វេចខ្ចប់​សាច់​បាន​កើនឡើង​ជិត ២០​ ភាគរយ​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ចំពេល​មានការ​ខ្វះខាត​កម្មករ​ទូទាំង​ប្រទេស ដែល​បាន​ប៉ះពាល់​ដល់​ការផលិត និង​ការដឹកជញ្ជូន​ផងដែរ​។

Tyson Foods ដែលជា​ក្រុមហ៊ុន​កែច្នៃ​សាច់​ឈានមុខ​គេ​នៅ​អាមេរិក​នៅ​សប្តាហ៍​នេះ បានបង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​ការកើនឡើង​តម្លៃ​របស់ខ្លួន​ដោយ​លើកឡើង​ថា វា​ត្រូវតែ​ប៉ះប៉ូវ​ថ្លៃដើម​ដែល​កើនឡើង​សម្រាប់​កម្លាំង​ពលកម្ម​ដើម្បី​បំពេញតម្រូវការ​ដែល​បន្ត​លើសពី​សមត្ថភាព​របស់​វា​៕ LA