ភ្នំពេញៈ កម្ពុជា-ហុងគ្រី​បាន​បើក​កិច្ចពិភាក្សា​ធុរកិច្ច​ជា​លើកដំបូង​ជាមួយគ្នា​ ដើម្បី​ជំរុញ​ភាពជា​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​បន្ថែមទៀត ខណៈ​កាលពី​ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទឹកប្រាក់​ត្រឹមតែ​ជាង ៥ ​លាន​ដុល្លារ​ប៉ុណ្ណោះ​។

ជំនួប​ធុរកិច្ច​លើក​ទី​១ រវាង​កម្ពុជា-​ហុងគ្រី ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​គោលបំណង​ផ្តល់ឱកាស​ឱ្យ​ធុរជន និង​វិនិយោគិន​ប្រទេស​ទាំង​ ២ ​ស្វែងយល់​បន្ថែម​ពី​សក្តានុពល​ពាណិជ្ជកម្ម និង​ការវិនិយោគ​ដើម្បី​លើកកម្ពស់ និង​ពង្រីក​ប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​។


លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​ថា ជំនួប​ធុរកិច្ច​ទ្វេភាគី​នេះ​គឺ​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាព និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​កម្ពុជា-​ហុង​គ្រី​ឱ្យ​កាន់តែ​ល្អ ស្របតាម​ស្មារតី​កិច្ចប្រជុំ​លើក​ទី ​១ នៃ​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-​ហុងគ្រី កាលពី​ថ្ងៃទី​ ២០-២១ មករា ឆ្នាំ​ ២០២១​។

លោក​រដ្ឋមន្ត្រី​ឱ្យដឹង​ទៀតថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុង​ការស្វាគមន៍ និង​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ដល់​ធុរជន និង​វិនិយោគិន​ហុងគ្រី ដែល​មាន​បំណង​មក​ពង្រីក​ប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​។


លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ថា កម្ពុជា-​ហុងគ្រី គឺជា​មិត្ត​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​ទំនាក់ទំនង​សេដ្ឋកិច្ច​នៅមានកម្រិត​តិចតួច​នៅឡើយ ដោយសារ​ប្រជាជន​ប្រទេស​ហុងគ្រី​មាន​ត្រឹមតែ ៥-៦ ​លាន​នាក់​ប៉ុណ្ណោះ ដូចនេះ​ទីផ្សារ​នៅ​តូច​។

ទោះយ៉ាងណា លោក​បន្ថែម​ថា ថ្វីដ្បិត​មាន​ទីផ្សារ​តូច ប៉ុន្តែ​វិនិយោគិន​កម្ពុជា​បាន​សម្លឹង​ឃើញ​ពី​សក្តានុពល​នៃ​ប្រទេស​ហុងគ្រី​ ដែលជា​ប្រទេស​ស្ថិតនៅក្នុង​តំបន់​អឺរ៉ុប​។

អនុប្រធាន​សភាពាណិជ្ជកម្ម​រូបនេះ​បាន​បញ្ជាក់ថា​៖ «​យើង​បានបង្ហាញ​ពី​សក្តានុពល និង​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​ជាច្រើន ដែល​យើង​ទទួលបាន​ក៏ដូចជា EBA និង GSP ដែល​យើង​នៅមាន​ដើម្បី​ទាញ​អ្នក​វិនិយោគ​ហុងគ្រី​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​វិនិយោគ​លើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ​, ទេសចរណ៍​, កសិកម្ម ខណៈ​ប្រទេស​ហុងគ្រី ក៏​ស្វាគមន៍ អ្នកវិនិយោគ​កម្ពុជា​ផងដែរ​»​។

លោក លី ឃុនថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ផ្នែក​កាត់ដេរ​ស្បែកជើង​រំពឹងថា​អាច​នឹង​ចាប់យក​ទីផ្សារ​ហុងគ្រី​បាន​ពី​ ២០-៣០ ​ភាគរយ​។ លោក​បន្តថា ទីផ្សារ​ហុងគ្រី​នឹង​អាច​ទទួលយក​ផលិតផល​ស្បែកជើង​ផលិត​នៅ​កម្ពុជា ខណៈ​ផលិត​ស្បែកជើង​កម្ពុជា ក៏​កំពុង​នាំ​ចេញទៅ​ទីផ្សារ អាមេរិក អឺរ៉ុប កាណាដា រួចហើយ និង​ត្រូវបាន​គេ​ទទួលស្គាល់​គុណភាព​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា ឆ្លងកាត់​ជំនួប​នេះ វិនិយោគិន​ប្រទេស​ទាំង​ ២ ​នឹង​បង្កើន​ទំនាក់ទំនង​ជាមួយគ្នា​ថែមទៀត ដោយ​រដ្ឋាភិបាល​ប្រទេស​ទាំង ​២ ​បាន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ជំនួប​លើក​នេះ​។ ដូចនេះ​ភាគី​ទាំង ​២​ នឹង​បន្ត​កិច្ចពិភាក្សា​បន្តបន្ទាប់​ទៀត ធ្វើយ៉ាងណា​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ឱ្យមាន​កំណើន​ជាង​ឆ្នាំ​កន្លងទៅ​»​។

នៅក្នុង​ជំនួប​ធុរកិច្ច​លើក​ទី​ ១ ប្រទេស​កម្ពុជា និង​ហុងគ្រី​បាន​ផ្តោត​សំខាន់​លើ​វិស័យ​សក្តានុពល​ចំនួន ៦ រួមមាន កសិកម្ម​ និង​ផលិតផល​កសិកម្ម​,​បច្ចេកវិទ្យា ធារាសាស្ត្រ និង​បរិស្ថាន​,​ការកែច្នៃ និង​សុវត្ថិភាព​ម្ហូបអាហារ​,​សេវាកម្ម​ទេសចរណ៍​, ផលិតផល​ឱសថ និង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​ផលិតផល​កម្មន្តសាល​៕ LA