ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍គ្រោងបង្កើតសួនទេសចរណ៍តេជោ Westerdam នៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រៅពីតំបន់ឆ្នេរ និងកោះ និងជាពិសេសដើម្បីរំឭកដល់ពេលកម្ពុជាដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍របស់អាមេរិក Westerdam ដែលផ្ទុកមនុស្សសរុបជាង ២ ០០០ នាក់ឱ្យចូលចតកាលពីដើមឆ្នាំ ២០២០។
តាមរយៈគម្រោងបង្កើតសួនទេសចរណ៍តេជោ Westerdam គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសដើម្បីរៀបចំសួនទេសចរណ៍តេជោ Westerdam នេះដែលមានសមាសភាព ១០ រូបដោយមានលោក គឹម សេរីរដ្ឋ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារជាប្រធាន និង លោក លន់ ប៊ុនធឿន ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាតជាអនុប្រធាន។
ប្រការ ២ នៃសេចក្តីសម្រេចនេះបានចែងថា ក្រុមការងារបច្ចេកទេសមានតួនាទី និងភារកិច្ច សហការជាមួយនឹងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះសីហនុដើម្បីសិក្សាពិនិត្យទីតាំងរៀបចំគម្រោងអភិវឌ្ឍន៍សួនទេសចរណ៍តេជោ Westerdam ស្វែងរកដៃគូសហការក្នុងការគាំទ្របច្ចេកទេស និងថវិការៀបចំគម្រោងអភិវឌ្ឍន៍សួនទេសចរណ៍ តេជោ Westerdam» ស្វែងរកដៃគូសហការអនុវត្តគម្រោងអភិវឌ្ឍន៍សួនទេសចរណ៍តេជោ Westerdam និង រៀបចំរបាយការណ៍វឌ្ឍនភាពរៀបចំគម្រោងសួនទេសចរណ៍តេជោ «Westerdam» ជូនប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទង លោក តុប សុភ័ក,លោក អាំង សុវណ្ណរ័ត្ន និងលោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍បានទេកាលពីថ្ងៃអង្គារ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែកុម្ភៈថា ពាក់ព័ន្ធនឹងការរៀបចំគម្រោងបង្កើតសួនទេសចរណ៍តេជោ Westerdam ត្រូវបានដឹកនាំដោយក្រសួងទេសចរណ៍ដោយបច្ចុប្បន្នក្រុមការងារកំពុងតែសិក្សាលើទីតាំងសមស្របណាមួយក្នុងខេត្តព្រះសីហនុ ខណៈទំហំដីក៏មិនទាន់ត្រូវបានកំណត់នៅឡើយដែរ។
លោកបានបន្តថា តាមរយៈគម្រោងអភិវឌ្ឍន៍ និងការរៀបចំបង្កើតសួនទេសចរណ៍តេជោ Westerdam នេះនឹងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនា និងលេងកម្សាន្តកាន់តែច្រើនថែមទៀត។ ព្រឹត្តិការណ៍នាវា Westerdam ចូលចតនៅក្នុងកំពង់ផែនៃខេត្តព្រះសីហនុ គឺជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅលើពិភពលោកដែលកម្ពុជាជួយសង្គ្រោះជីវិតមនុស្សគ្រប់ជាតិសាសន៍ច្រើននាក់នៅលើនាវា Westerdam។
លោករំឭកថា៖ «យើងបានជួយសម្របសម្រួលជួយភ្ញៀវទេសចរនៅលើនាវានេះឱ្យទៅកាន់ផ្ទះសំបែងរបស់គាត់វិញប្រកបដោយសុខសុវត្ថិភាព និងមិនមាននរណាម្នាក់រកឃើញមានការឆ្លងវីរុសកូវីដ ១៩ នៅពេលនោះឡើយ។ ទង្វើនោះ គឺជាកាយវិការមនុស្សធម៌ប្រកបដោយក្តីស្រឡាញ់ក្នុងនាមជាមនុស្សជាតិដូចគ្នារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើង»។
បើតាមលោក ឃាង ភារម្យ បើទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូងធំទូលាយ ដោយមិនមែនត្រឹមតែការផ្តល់ក្តីស្រឡាញ់ទេ គឺជួយសង្គ្រោះ និងផ្តល់នូវការរស់រានមានជីវិតដល់មនុស្សរាប់ពាន់នាក់នៅក្នុងនាវាទេសចរណ៍ Westerdam នេះ។ ដូច្នេះការបង្កើតសួនតេជោ Westerdam នេះ គឺជាការបង្កើតនូវការចងចាំនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ពិភពលោកទាំងមូល។
នាវាទេសចរណ៍របស់អាមេរិក Westerdam កាលពី ២ ឆ្នាំមុន ដឹកមនុស្សសរុបជាង ២ ០០០ នាក់ចាកចេញពីទីក្រុងហុងកុង ហើយត្រូវបានអាជ្ញាធរជាច្រើនប្រទេសបដិសេធមិនឱ្យចូលចត ដោយសារតែព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនាវានោះអាចមានផ្ទុកមេរោគកូវីដ ១៩។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើល និងកក្រើកពិភពលោក ដោយបានអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយមិនត្រឹមតែអនុញ្ញាតឱ្យនាវាចូលចតប៉ុណ្ណោះទេនៅថ្ងៃទី ១៤ ខែកុម្ភៈ «ថ្ងៃបុណ្យនៃក្តីស្រឡាញ់» ដែលជាវប្បធម៌របស់មនុស្សជាតិនៅតំបន់អឺរ៉ុបនោះ លោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញតាមឧទ្ធម្ភាគចក្រទៅកាន់នាវា ដើម្បីទទួលស្វាគមន៍ដោយផ្ទាល់ចំពោះវត្តមានអ្នកដំណើរអមដោយផ្កាកុលាបថែមទៀតផង៕ LA