ទីក្រុង​ហុងកុងៈប្រេងឆៅ West Texas Intermediate បាន​កើនឡើង​ថ្លៃ​ជាង​ ៦ ភាគរយ​កាលពី​ថ្ងៃ​ចន្ទ ហើយ​ប្រេង​ម៉ាក Brent បាន​កើនឡើង​ច្រើនជាង 5 ភាគរយ ខណៈ​ពាណិជ្ជករ​កាន់តែ​មាន​ការព្រួយបារម្ភ​អំពី​វិបត្តិ​ថាមពល បន្ទាប់ពី​បណ្តា​ប្រទេស​លោកខាងលិច​បានដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​រុស្ស៊ី​ជុំវិញ​ការឈ្លានពាន​ប្រទេស​អ៊ុយក្រែន​។

ប្រេងឆៅ WTI បាន​កើនឡើង ៦,២៧ ​ភាគរយ​ដល់ ៩៧,៣៣ ​ដុល្លារ ខណៈពេលដែល​ប្រេង​ឆៅ Brent កើនឡើង​ ៥,២៤ ​ភាគរយ​មានតម្លៃ​ ១០៣,០៦ ​ដុល្លារ​។


សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​បាន​និយាយថា ពួកគេ​នឹង​ដក​ធនាគារ​រុស្ស៊ី​មួយចំនួន​ចេញពី​ប្រព័ន្ធ​ទូទាត់ SWIFT អន្តរជាតិ ហើយ​បានកំណត់​គោលដៅ​ផ្ទាល់​ចំពោះ​លោក​ប្រធានាធិបតី Vladimir Putin និង​រដ្ឋមន្ត្រី​ការបរទេស Sergei Lavrov​។

ពួកគេ​ក៏បាន​ហាមឃាត់​រាល់​ប្រតិបត្តិការ​ទាំងអស់​ជាមួយ​ធនាគារ​កណ្តាល​របស់​រុស្ស៊ី​ផងដែរ បណ្តាល​ឱ្យ​ប្រាក់​រូប​របស់​រុស្ស៊ី​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារ​ព័ត៌មាន Bloomberg ដែល​ផ្សាយ​ថា​វា​បាន​ធ្លាក់ចុះ​ជិត​ ៣០ ​ភាគរយ​នៅក្នុង​ការជួញដូរ​នៅក្រៅ​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ​។


លោក Andy Lipow មកពី​ក្រុមហ៊ុន Lipow Oil Associates នៅ​ទីក្រុង Houston រដ្ឋ Texas បាន​កត់សម្គាល់​ថា​៖ «​ការដក​ធនាគារ​រុស្ស៊ី​មួយចំនួន​ចេញពី SWIFT អាច​បណ្តាល​ឱ្យ​មានការ​រំខាន​ដល់​ការផ្គត់ផ្គង់​ប្រេង នៅពេល​ដែល​អ្នកទិញ និង​អ្នកលក់​ព្យាយាម​រក​វិធី​រុករក​ក្បួនច្បាប់​ថ្មី​»​។

ក្រុម​ពាណិជ្ជករ​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​កិច្ចប្រជុំ​មួយ​នៅ​សប្តាហ៍​នេះ​នៃ​អង្គការ OPEC និង​ប្រទេស​ផលិត​ប្រេង​សំខាន់ៗ​ផ្សេងទៀត​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី ជា​កន្លែង​ដែល​ពួកគេ​នឹង​ពិភាក្សា​អំពី​ផែនការ​សម្រាប់​ទិន្នផល​បន្ថែមទៀត​។

ក្រុម​នេះ​បាន​ព្រមព្រៀង​គ្នា​ពីមុន​ក្នុង​ការបង្កើន​ផលិតកម្ម​ជា​បណ្តើរៗ​ជា​រៀងរាល់ខែ ប៉ុន្តែ​វិបត្តិ​អ៊ុយក្រែន​អាចធ្វើឱ្យ​ផែនការ​នោះ​ច្របូកច្របល់​។

កាលពី​ថ្ងៃអាទិត្យ អ៊ុយក្រែន​ បាន​និយាយថា ខ្លួន​បាន​យល់ព្រម​បញ្ជូន​គណៈប្រតិភូ​ទៅ​ជួប​ជាមួយ​តំណាង​រុស្ស៊ី​នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​បេឡា​រុស ទោះបី​ជា​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelensky បាន​និយាយថា លោក​សង្ស័យ​អំពី​កិច្ចពិភាក្សា​នេះ​៕ RR

វីដេអូ៖