ភ្នំពេញៈ ក្រុមហ៊ុន​ឯកជន​មកពី​សាធារណរដ្ឋ​ឆែក​បាន​ចុះកិច្ចសន្យា​ទិញ​ម្រេច​ពី​សមាគម​ម្រេច​កំពត​ចំនួន​ ៣៥ ​តោន ពី​កសិករ​ជាង​​ ២០០​ គ្រួសារ ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​។

លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ៨ ខែមីនា​ថា ក្រុមហ៊ុន អ៊ីយូ លែន អេន ផេបភើរ អ៊ីនវេសមិន (Eu land and pepper investment co ltd) ជា​ក្រុមហ៊ុន​ទី ​៨ ​ហើយ ដែល​បានសម្រេច​ចុះកិច្ចសន្យា​ជាមួយ​កសិករ​ផ្ទាល់​ដោយ​គ្រោង​នឹង​ទិញ​ម្រេច​ពី​កសិករ​ចំនួន​ ២០០ ​គ្រួសារ ក្នុង​រង្វង់​ប្រមាណ​ ៣៥​ តោន​នៅក្នុង​ឆ្នាំ​ ២០២២​ នេះ​។


លោក​បាន​បន្ថែមថា កាលពី​ឆ្នាំ​ ២០២១ ក្រុមហ៊ុន​បាន​ទិញ​ម្រេច​ពី​សមាគម ប៉ុន្តែ​មិនមាន​ការចុះ​កុងត្រា​ដោយផ្ទាល់​នោះទេ ដោយ​ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​ ១ ក្នុងចំណោម​ក្រុមហ៊ុន​ ៣០ ជា​ក្រុមហ៊ុន​នាំចេញ​ម្រេច​ទៅ​ក្រៅប្រទេស​។ លោក​បាន​បញ្ជាក់ថា​៖ «​ឆ្នាំនេះ ក្រុមហ៊ុន អ៊ីយូលែន នេះ​បាន​ចុះ​កុងត្រា​ (​កិច្ចសន្យា​) ជាមួយ​កសិករ​ ២០០ ​គ្រួសារ ដោយ​អាច​ប្រមូល​ទិញ​ក្នុង​រង្វង់​៣៥​តោន ឬ​លើសពីនេះ ឱ្យតែ​កសិករ​ផលិត​បាន គាត់​ប្រមូល​ទិញ​ទាំងអស់ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងតែ​ជំរុញ​ឱ្យ​កសិករ​ទាំង​ ២០០ ​គ្រួសារ​នេះ ដាំដុះ​ម្រេច​តាមបែប​សរីរាង្គ​»​។

លោក ទេព យឿន កសិករ​ម្នាក់​ក្នុងចំណោម​កសិករ​ ២០០​ នាក់ ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន អ៊ីយូលែន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​ និង​កសិករ​ផ្សេងទៀត​គ្រោង​នឹង​ពង្រីក​ការដាំដុះ​បន្ថែមទៀត បន្ទាប់ពី​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​នេះហើយ​។


យោងតាម​របាយការណ៍​ពី​ក្រសួង កសិកម្ម នៅក្នុង​ឆ្នាំ​ ២០២១ កម្ពុជា​នាំចេញ​ផលិតផល​ម្រេច​បាន​ប្រមាណ ២៨ ០៧៤,៧៩ ​តោន កើនឡើង​ចំនួន ៤៥២,៧២ ​ភាគរយ ទាំង​ម្រេច​កំពត ដែល​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) និង​ម្រេច​ធម្មតា​មិនមាន​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​។ នៅក្នុង​នោះ នាំ​ចេញទៅ​វៀតណាម​មាន​ចំនួន​ ២៧ ១១៧,៧៤ ​តោន ក្រៅពីនេះ​នាំទៅ​ប្រទេស​អាល្លឺម៉ង់ ថៃ បារាំង ឥណ្ឌា បែលហ្ស៊ិក តៃវ៉ាន់ សាធារណរដ្ឋ​ឆែក ប៉ូឡូញ ជប៉ុន រុស្ស៊ី​កូរ៉េ សិង្ហ​បុរី និង​បណ្តា​ប្រទេស​មួយចំនួនទៀត​។ ​ប្រទេស​កម្ពុជា​មាន​ខេត្ត​ចំនួន​ ១៨ ដែលមាន​ការដាំដុះ​ម្រេច​នៅក្នុង​នោះ​ខេត្ត​ដែល​សម្បូរ​ការដាំដុះ​ម្រេច​ច្រើន​ដែរ រួមមាន មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និង​កំពត​ជាដើម​៕ LA