ទីក្រុង​បាងកកៈ ការដឹកជញ្ជូន​សាច់មាន់​កែច្នៃ​បានចេញ​ដំណើរ​ពី​ច្រាំង​សមុទ្រ​របស់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទៅកាន់​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ជា​លើកដំបូង​ក្នុង​រយៈពេល​ ១៨ ​ឆ្នាំ​បន្ទាប់ពី​ព្រះរាជាណាចក្រ​ទាំង​ ២ បាន​ធ្វើឱ្យ​ទំនាក់ទំនង​មាន​លក្ខណៈ​ប្រក្រតីភាព​ឡើងវិញ​កាលពីពេល​ថ្មីៗ​នេះ​។

លោក JurinLaksanawisit រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ដែល​ធ្វើជា​អធិបតី​ក្នុង​ពិធី​បង្ហាញ​ការនាំចេញ​សាច់មាន់​កែច្នៃ​លើកដំបូង​នៅ​រោងចក្រ​ Charoen Pokphand Foods (CPF) ក្នុង​ទីក្រុង​ Minburi ដោយមាន​ការចូលរួម​ពី​លោក Prasit Boondoungprasert អគ្គនាយក​ក្រុមហ៊ុន​ CPF លោក​ឧត្តមសេនីយ៍ទោ​នគរបាល Surin Palare ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​លោក Mallikar Boonmeetrakul ទីប្រឹក្សា​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក Phusit RatanakulSerirerngrit អគ្គនាយក​នៃ​នាយកដ្ឋាន​លើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​លោក​ Watnasak Sua-iam អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង​។


លោក Prasit បាន​ថ្លែងអំណរគុណ​ដល់​លោក Jurin និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក​ Chalermchai Srion ដែល​បាន​ចរចារ​កិច្ចព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​។

លោក​បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​រដ្ឋមន្ត្រី​ទាំង​ ២ រោងចក្រ​កែច្នៃ​សាច់មាន់​ចំនួន​ ៥ ​ដែល​គ្រប់គ្រង​ដោយ​រោងចក្រ​ CPF ទទួលបាន​ការយល់ព្រម​ពី​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​។


លោក​បាន​ថ្លែងថា​៖ «​ការសម្របសម្រួល​នេះ​ជាមួយ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត នឹង​ជំរុញ​ការនាំចេញ​សាច់មាន់​របស់​ប្រទេស​ថៃ ប្រកបដោយ​និរន្តរភាព​»​។

រោងចក្រ CPF រំពឹងថា នឹង​រកប្រាក់​ចំណូល​បាន​ជិត​ ៥០០ ​លាន​បាត​ពី​ការនាំចេញ​សាច់មាន់​កែច្នៃ​ប្រហែល ​៦​ ពាន់​តោន​ទៅកាន់​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត នៅ​ឆ្នាំនេះ​។

ទន្ទឹមនឹងនោះ លោក Jurin បានឱ្យដឹងថា ការដឹកជញ្ជូន​កាលពី​ថ្ងៃ​ចន្ទ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយសារ​តែ​វា​ជា​ជំហាន​ដំបូង​ឆ្ពោះទៅរក​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​រយៈពេល​ ១៨ ​ឆ្នាំ​។

លោក​បាន​បន្ថែមថា ក្រុមមន្ត្រី​ការទូត​ថៃ​ដោយមាន​ការសម្របសម្រួល​ជាមួយ​ក្រសួងការបរទេស​បាន​ចរចា​លើ​វិញ្ញាបនបត្រ​នៅតាម​រោងចក្រ​ចំនួន​ ១១​ នៅក្នុង​ប្រទេស​ថៃ​ ដើម្បី​នាំចេញ​សាច់មាន់​ទៅកាន់​ប្រទេស​មជ្ឈិមបូព៌ា​ប្រកបដោយ​សក្តានុពល​មួយ​នេះ​។

លោក ​Jurin បាន​បន្តថា​ ៧៥ ​ភាគរយ​នៃ​សាច់មាន់​ដែល​ប្រើប្រាស់​នៅក្នុង​ប្រទេស​ អារ៉ាប៊ី សាអ៊ូឌីត ត្រូវបាន​នាំចូល ​២៥ ​ភាគរយ​ត្រូវបាន​ដឹកជញ្ជូន​ពី​ប្រទេស​អ៊ុយក្រែន និង​បារាំង​។

ទោះយ៉ាងណា លោក​បាន​បញ្ជាក់ថា​គោលបំណង​គឺ​ចង់ឱ្យ​ប្រទេស​ថៃ​ក្លាយជា​ប្រទេស​នាំចេញ​មាន់​ដ៏សំខាន់​មួយ​ទៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​។

លោក Jurin បាន​បញ្ជាក់ថា ប្រទេស​ថៃ​បាន​នាំចេញ​សាច់មាន់​ប្រហែល​ ៩០០ ពាន់​តោន​ដែល​រកប្រាក់​ចំណូល​បាន​ប្រហែល​ ១០០ ​ពាន់​លាន​បាត​កាលពី​ឆ្នាំមុន​។ លោក​បាន​បន្ថែមថា បរិមាណ​នេះ​នឹង​កើនឡើង​ដល់​ប្រហែល​ ៩៨​ ម៉ឺន​តោន ​ក្នុង​ ១​ ឆ្នាំ​ដែល​នៅពេលនេះ​ទីផ្សារ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត បើកចំហ​សម្រាប់​ប្រទេស​ថៃ​។

ប្រទេស​ទាំង​ ២​ បាន​ពើបប្រទះ​ការទូត​ល្អក់កករ​ ដោយសារតែ «Blue Diamond Affair» ដែល​ក្នុងនោះ​គ្រឿងអលង្ការ​ដែល​មិនអាច​កាត់ថ្លៃ​បាន​រាប់រយ​ប្រភេទ​ត្រូវបាន​លួច​ពី​រាជវាំង​របស់​ព្រះអង្គម្ចាស់​ Faisal bin Fahd ដោយ​អ្នក​ថែទាំ​ជនជាតិ​ថៃ​នៅ​ឆ្នាំ ​១៩៨៩៕ The Nation-ANN/LA