ភ្នំពេញៈ កម្ពុជា​ និង​ប៉ាគីស្ថាន​ដែល​ស្ថិតនៅ​តំបន់​អាស៊ី​ខាងត្បូង​បាន​ឈានដល់​ការឯកភាព​គ្នា​រៀបចំ​ឱ្យមាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ការជំរុញ​ចលនា​ទេសចរ​ទៅវិញទៅមក ខណៈ​ប្រទេស​ទាំង​ ២ ​សុទ្ធ​តែមាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​ដូចគ្នា​។

ការព្រមព្រៀង​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​សវនការ​រវាង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក ហ្សាហៀរូដឌីន បាបារ ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អ៊ិស្លាម​ប៉ាគីស្ថាន​ប្រចាំ​កម្ពុជា កាល​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២២ នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍​។


លោក ថោង ខុន បាន​លើកឡើង​ថា ដើម្បីឱ្យ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​អាច​ប្រព្រឹត្ត​ទៅបាន​រឹងមាំ កម្ពុជា​មាន​បំណង​រៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ប៉ាគីស្ថាន​ឱ្យបាន​ឆាប់រហ័ស​នាពេលខាងមុខ ហើយ​នៅពេល​រៀបចំ​ហើយ ភាគី​ទាំង​ ២ ​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ​ជាមួយ​គ្នា​។

លោក ថោង ខុង បាន​បន្តថា ក្រោម​ឆ័ត្រ​នៃ​អនុស្សរណៈ​នេះ ប្រទេស​ទាំង​ ២​ នឹង​បង្កើតឱ្យ​មាន​ទស្សនកិច្ច​ទេសចរណ៍​ទៅវិញ​ទៅមក ទាំង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន ដើម្បី​ជំរុញ​ចលនា​ទេសចរ​រវាង​ប្រទេស​ទាំង ​២​ ឱ្យ​កាន់តែ​មាន​កំណើន​ឈានឡើង​។


លោក រដ្ឋមន្ត្រី​ក៏បាន​បន្ថែមថា បច្ចុប្បន្ន កម្ពុជា-ប៉ាគីស្ថាន​មិនទាន់​មាន​ជើងហោះហើរ​ត្រង់​ជាមួយគ្នា​នៅឡើយ​ទេ ដូច្នេះ​កិច្ចការ​សំខាន់​គឺ​ការសម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ព្រោះ​ប្រសិនបើ​ចង់ឱ្យ​មាន​កំណើន​ទេសចរ ចាំបាច់​ត្រូវមាន​ការតភ្ជាប់​ការធ្វើដំណើរ​ជាមុនសិន​។

ក្នុងជំនួប​នោះ លោក ហ្សាហៀរូដឌីន ​បាន​កោតសរសើរ​ពី​នយោបាយ​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុវត្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​ ១៩ ពង្រឹង​ភាពសុំា​ក្នុង​សហគមន៍ រហូត​ឈានដល់​ការបើក​សេដ្ឋកិច្ច​-​សង្គម និង​បើក​ប្រទេស​ទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ​។

លោក​ទូត​ក៏បាន​កត់សម្គាល់​អំពី​សក្ដានុពល​ទេសចរណ៍​របស់​កម្ពុជា ដែលមាន​ភាព​ទាក់ទាញ​យ៉ាង​សម្បូរបែប មានដូចជា តំបន់​សៀមរាប-​អង្គរ តំបន់ឆ្នេរ និង​តំបន់​អេកូទេសចរណ៍​។

លោក ហ្សាហៀរូដឌីន បាន​ប្ដេជ្ញាចិត្ត​ថា ក្នុង​អាណត្តិ​បេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​ប៉ាគីស្ថាន​នៅ​កម្ពុជា​នេះ លោក​នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​-​ប៉ាគីស្ថាន​លើ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់​រឹងមាំ និង​រីកចម្រើន​បន្ថែមទៀត ដោយហេតុថា​កម្ពុជា​ និង​ប៉ាគីស្ថាន​សុទ្ធ​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​ដូចគ្នា​។

ភាគី​ទាំង​ ២​ ក៏បាន​លើកឡើង​អំពី​ការជំរុញឱ្យ​អ្នកវិនិយោគ​ប៉ាគីស្ថាន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា ពិសេស​លើ​វិស័យ​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អ៊ិ​ស្លាម​មកពី​ប្រទេស​ប៉ាគីស្ថាន និង​ប្រទេស​ដទៃទៀត​ផងដែរ​៕