ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា កម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការពង្រឹងប្រសិទ្ធភាពថវិកាទាំងកម្រិតវិភាជ និងប្រតិបត្តិការ ការកែលម្អរដ្ឋបាលពន្ធ និងធ្វើវិចារណកម្មគោលនយោបាយពន្ធ ក៏ដូចជាការពង្រឹងការធ្វើពិពិធកម្មមូលដ្ឋានការប្រមូលចំណូល ដើម្បីធានាឱ្យបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ និងដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យត្រឡប់ទៅគន្លងនូវកំណើនសក្តានុពល។
ក្នុងសន្និសីទជាន់ខ្ពស់ (High-Level Conference) ដែលរៀបចំទន្ទឹមគ្នានឹងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ក្រោមប្រធានបទ:«ហិរញ្ញប្បទានប្រកបដោយចីរភាព៖ ការកៀរគរហិរញ្ញប្បទានសម្រាប់ការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩» នៅរាជធានីភ្នំពេញកាលពីថ្ងៃទី ៧ ខែមេសា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ឆ្នាំ ២០២២ បានលើកឡើងថា កម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព ដើម្បីពង្រឹងភាពធន់នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ត្រូវមានដំណោះស្រាយប្រកបដោយភាពប្រាកដនិយម និងការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសារពើពន្ធ និងស្វែងរកគំនិតផ្តួចផ្តើមហិរញ្ញប្បទានបៃតង ដើម្បីស្តារសេដ្ឋកិច្ចតំបន់ឡើងវិញប្រកបដោយបរិយាប័ន្ន និងចីរភាព និងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការកាន់តែស្អិតល្មួត រវាងប្រទេសសមាជិក និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនីមួយៗ។
លោកបញ្ជាក់ថា៖«នៅក្នុងរយៈពេល ២ឆ្នាំមកនេះ កម្ពុជាបានអនុវត្តគោល-នយោបាយសារពើពន្ធក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩, ពិសេសការកែទម្រង់សារពើពន្ធដែលបាននិងកំពុងអនុវត្តព្រមទាំងកត់សម្គាល់ថា កម្ពុជាបានផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងប្រសិទ្ធភាពថវិកា ទាំងកម្រិតវិភាជ និងប្រតិបត្តិការ, ការកែលម្អរដ្ឋបាលពន្ធ និងធ្វើវិចារណកម្មគោលនយោបាយពន្ធ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការពង្រឹងប្រសិទ្ធភាពថវិកា និងការធ្វើវិចារណកម្មគោលនយោបាយសារពើពន្ធនេះគួរតែត្រូវបានអនុវត្តតាំងពីយូរណាស់មកហើយ ព្រោះថាកន្លងមកថវិការដ្ឋមានការលេចធ្លាយ ខណៈដែលការចំណាយថវិការដ្ឋកន្លងមកមានការខ្ជះខ្ជាយ។ ដូចនេះការរឹតបន្តឹងនេះគួរតែត្រូវបានអនុវត្តឱ្យបានលឿន ដើម្បីរក្សាចំណូលរដ្ឋឱ្យនៅសល់ សម្រាប់ការធ្វើហិរញ្ញប្បទាននៅពេលដែលមានវិបត្តិផ្សេងៗ។
លោកបន្ថែមថា កន្លងទៅមានការលួចបន្លំបញ្ជីពន្ធដារ និងការឃុបឃិតរវាងមន្ត្រីពន្ធដារ និងអ្នកបង់ពន្ធ ជាពិសេសមន្ត្រីពន្ធដារនៅតាមបណ្តាស្រុកនានា ដែលបានកេងបន្លំប្រាក់ចំណូលពន្ធពីសហគ្រាសធុនតូច និងមធ្យម ដោយសារ SME មួយចំនួនមិនមានការយល់ដឹងការបង់ពន្ធនេះនោះទេ។
លោកបញ្ជាក់ថា៖ «ដើម្បីចៀសវាងការខាតបង់ចំណូលពន្ធនេះ ខាងពន្ធដារ គួរតែមានការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតពីការបង់ពន្ធ ក៏ដូចជានីតិវិធីនៃការបង់ពន្ធដល់អ្នកដែលជាប់ពន្ធ ធ្វើយ៉ាងណាប្រមូលចំណូលឱ្យបានត្រឹមត្រូវតាមការកំណត់របស់ច្បាប់ស្តីពីសារពើពន្ធ»។
លោកបន្តថា គោលនយោបាយ និងយុទ្ធសាស្ត្រ ដែលរដ្ឋាភិបាលបានរៀបចំ គឺបានល្អច្រើនហើយ ប៉ុន្តែទាមទារឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយមន្ត្រីរដ្ឋាភិបាលទាំងអស់ ដែលទទួលបន្ទុកត្រូវព្យាយាមអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញ»៕ LA