ទីក្រុងញូវយ៉កៈ ក្រុមហ៊ុន Tesla បាន​រាយការណ៍​កំណើន​ប្រាក់ចំណេញ​នៅ​ត្រីមាស​ទី​ ១ ​កាលពី​ថ្ងៃ​ពុធ​លើ​រថយន្ត​ដែលមាន​តម្លៃ​កាន់តែ​ខ្ពស់ ហើយ​បានឱ្យដឹងថា​ផែនការ​ទិន្នផល​ឆ្នាំ​ ២០២២ របស់ខ្លួន​កំពុង​ដំណើរការ ទោះបី​ជាមាន​បញ្ហា​ខ្សែចង្វាក់​ផ្គត់ផ្គង់​ដែល​កំពុង​បន្ត និង​ការរង​ផលប៉ះពាល់​ដោយសារតែ​វិធាន​ការបិទខ្ទប់​ជំងឺ​កូវីដ​ ១៩ នៅពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​ចិន​ក៏ដោយ​។

ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ដែល​ទទួល​ជោគជ័យ​ខ្លាំង​បំផុត​របស់​លោក Elon Musk បាន​បំបែក​កំណត់ត្រា​ថ្មី​មួយ ផ្នែក​ប្រាក់ចំណេញ​ប្រចាំត្រីមាស​ចំនួន​ ៣,៣ ​ពាន់​លាន​ដុល្លារ បន្ទាប់ពី​ការបង្ហាញ​រោងចក្រ​ថ្មីៗ នៅក្នុង​អាល្លឺម៉ង់ និង​រដ្ឋ​តិចសាស​របស់​អាមេរិក ដែល​បានចាប់ផ្តើម​ចែកចាយ​ពាណិជ្ជកម្ម​។


ឧបសគ្គ​ជាច្រើន​ក្រុមហ៊ុន​ប្រឈមមុខ​រួមមាន​ការបង្កើន​តម្លៃ​ដើម​វត្ថុធាតុដើម ក៏ដូចជា​ការ​ដាច់​ភ្លើង​រយៈពេល​មួយ​សប្តាហ៍​នៅ​រោងចក្រ​សៀងហៃ បន្ទាប់ពី​ការរឹតបន្តឹង​ជំងឺ​កូវីដ​ ១៩ ពេល​ថ្មីៗ​របស់​រដ្ឋាភិបាល​ចិន​។

ក្រុមហ៊ុន Tesla បានឱ្យដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ប្រាក់ចំណូល​របស់ខ្លួន​ថា​៖ «​រោងចក្រ​ផ្ទាល់ខ្លួន​របស់​យើង​កំពុងដំណើរការ​ក្រោម​សមត្ថភាព​សម្រាប់​ត្រីមាស​ជាច្រើន ដោយសារ​ខ្សែចង្វាក់​ផ្គត់ផ្គង់​បានក្លាយ​ជា​កត្តា​កំណត់​ដ៏សំខាន់ ដែល​ទំនងជា​នឹង​បន្ត​រហូតដល់​រយៈពេល​ផ្សេងទៀត​នៅ​ឆ្នាំ​ ២០២២»​។


ប៉ុន្តែ លោក Musk បានឱ្យ​ដឹងថា​វា ​«​ហាក់ដូចជា​» ក្រុមហ៊ុន​មួយ​នេះ​នឹង​ផលិត​រថយន្ត​ច្រើនជាង​ ១​ លាន​កន្លះ​នៅ​ឆ្នាំ ​២០២២ ដែល​នឹង​លើសពី​គោលដៅ​កំណត់​រយៈពេល​វែង​របស់​ក្រុមហ៊ុន​ដែលមាន​កំណើន​ទិន្នផល​យ៉ាងហោចណាស់ ៥០ ​ភាគរយ​។

លោក Musk បានឱ្យដឹង​នៅក្នុង​សន្និសីទ​មួយ​ជាមួយ​ក្រុម​វិនិយោគិន និង​ក្រុម​អ្នកវិភាគ​ថា​៖ «​យើង​កំពុង​រីកចម្រើន​យ៉ាង​រហ័ស​បំផុត​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយ​នៅតែមាន​ទំនុកចិត្ត​លើ​កំណើន​លើសពី​ ៥០ ​ភាគរយ​សម្រាប់​ការរំពឹងទុក​នៅពេល​អនាគត​។ លោក​ថា​៖ «​អនាគត​គួរឱ្យ​រំភើប​ខ្លាំងណាស់​»​។

ប៉ុន្តែ​រថយន្ត​ម៉ូដែល Tesla 3 ​បច្ចុប្បន្ន​ចុះបញ្ជី​ក្នុងតម្លៃ​ចាប់ផ្តើម ៤២ ៦៩០ ដុល្លារ ដែល​ធ្វើឱ្យ​វា​ហួស​ពី​លទ្ធភាព​សម្រាប់​គ្រួសារ​ជាច្រើន​។

លោក Musk ដែល​បាន​និយាយ​ជាយូរ​មកហើយ​អំពី​តម្រូវការ​ក្នុង​ការធ្វើឱ្យ​រថយន្ត​អគ្គិសនី​មានតម្លៃ​សមរម្យ​សម្រាប់​មហាជន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​បាន​បញ្ជាក់ថា​៖ «​ច្បាស់​ណាស់ យើង​ចង់​ធ្វើឱ្យ​រថយន្ត EV មាន​តម្លៃ​សមរម្យ​តាម​ដែល​អាចធ្វើ​ទៅបាន​»​។

លោក Musk ដែល​បានកត់សម្គាល់​ពី​របៀប​ដែល​ក្រុមហ៊ុន​ផ្គត់ផ្គង់​បាន​ស្វែងរក​ការបង្កើន​តម្លៃ​ពី ២០ ​ទៅ ៣០ ​ភាគរយ​សម្រាប់​គ្រឿងបន្លាស់​បានឱ្យ​ដង​ថា​៖ «​វា​មានការ​លំបាក​ខ្លាំងណាស់​នៅពេល​ដែល​អតិផរណា​មាន​កម្រិត​ខ្ពស់​ក្នុង​រយៈពេល ៤០ ឬ​ ៥០ ​ឆ្នាំ​»​។

សម្រាប់​ត្រីមាស​ចុងក្រោយ​នេះ ក្រុមហ៊ុន Tesla បាន​រាយការណ៍​ប្រាក់ចំណេញ​ចំនួន ៣,៣ ​ពាន់​លាន​ដុល្លារ កើនឡើង ៦៥៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​ប្រាក់ចំណូល​កើនឡើង​ចំនួន​ ៨១ ​ភាគរយ​ដល់ ១៨,៨ ​ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន​មួយ​នេះ​បាន​ផលិត​រថយន្ត​ចំនួន ៣០៥ ៤០៧ ​គ្រឿងក្នុង​អំឡុង​ពេលនេះ ដែល​ទាប​ជាង​បន្តិច​ធៀប​នឹង​កម្រិត​ត្រីមាស​មុន ប៉ុន្តែ​គ្រប់គ្រាន់​ដើម្បី​ជំរុញ​ទិន្នផល​លើសពី​ ១ ​លាន​គ្រឿងក្នុង​រយៈពេល​ ១២ ​ខែ​ចុង​ក្រោយនេះ​។

លោក Zach Kirkhorn ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​បាន​ឱ្យដឹងថា រោងចក្រ​សៀងហៃ​របស់​ក្រុមហ៊ុន Tesla «​បាន​ខាតបង់​រយៈពេល​ផលិត​ប្រហែល​ ១ ​ខែ​» ដោយសារតែ​ការបិទ​ខ្ទប់ ប៉ុន្តែ​ការផលិត​នោះ «​កំពុង​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​ក្នុង​កម្រិត​មានកំណត់ ដើម្បី​ត្រឡប់​ទៅ​ផលិតកម្ម​ពេញលេញ​ឡើងវិញ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

លោក Kirkhorn បានឱ្យដឹងថា អតិផរណា​តម្លៃ​លើ​វត្ថុធាតុដើម​បាន​កើនឡើង​ក្នុងអំឡុង​ត្រីមាស​ទី ​១ ហើយ​ការចំណាយ​ក្នុង​ត្រីមាស​ទី ​២ ​មាន​និន្នាការ «​ខ្ពស់ជាង​បន្តិច​»​។

ដោយសារ​បញ្ហា​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅតែ​បន្ត ក្រុម​អ្នកវិភាគ​ផ្នែក​រថយន្ត​បាន​ព្រមាន​ថា កំណើន​រថយន្ត EV អាច​ត្រូវបាន​រារាំង​ដោយ​វត្ថុ​ធាតុដើម​មាន​កម្រិត​៕ LA