ភ្នំពេញៈ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត ១៦​ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ កើនឡើង ១២៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២១ ក្នុង​នោះ​ជាង ៥៤​ភាគរយ បាន​ចូល​មក​កម្ពុជា​តាម​ផ្លូវអាកាស​។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​។

ទិន្នន័យ​ក្រសួងទេសចរណ៍ នា​ចុង​ស​ប្តា​ហ៍​នេះ​បង្ហាញ​ថា ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២២ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ១៥៩ ៥៤៦​នាក់ កើន​ពី​ចំនួន ៧០ ៩០១​នាក់​នា​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២១ ឬ​ស្មើនឹង ១២៥​ភាគរយ​។ ក្នុង​ចំណោម​នោះ ភ្ញៀវ​ចូល​តាម​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ទាំង ៣ មាន​ចំនួន ៨៦ ៩៧៦​នាក់ កើនឡើង ១៥៩,៤​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២១ និង​តាម​ផ្លូវគោក និង​ទឹក មាន​ចំនួន ៧២ ៥៧០​នាក់ កើនឡើង ៩៤,២​ភាគរយ​។


បើ​តាម​ក្រសួងទេសចរណ៍ ភ្ញៀវ​ទេសចរ​វៀតណាម បាន​ចូល​មក​កម្ពុជា​ច្រើន​ជាងគេ​ដោយ​មាន​ចំនួន ៤៦ ៣០៣​នាក់ កើនឡើង ១១៩៩,៩​ភាគរយ​, ថៃ ៣៩ ៦១៥​នាក់ កើន ១២,២​ភាគរយ​, ចិន ៩ ៧៥៣​នាក់ ធ្លាក់​ចុះ ៥៩,១​ភាគរយ​, អា​មេ​រិ​ក ៨ ៨២០​នាក់ កើន ៨៧៦,៧​ភាគរយ​, ឥណ្ឌូ​នេ​ស៊ី ចំនួន ៨ ៥៧៨​នាក់ កើន ២៦៨​ភាគរយ ព្រមទាំង​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា បារាំង​, កូរ៉េ​ខាងត្បូង​, ម៉ា​ឡេ​ស៊ី​, និង​ចក្រភព​អង់គ្លេស ជាដើម​។

កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ក​កម្ពុជា បាន​ចាប់ផ្តើម​រើប​ឡើង​វិញ​ជា​បន្តបន្ទាប់​ក្រោយ​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើង​វិញ បន្ទាប់​ពី​បាន​បិទ​មួយ​រយៈ​ដោយសារ​ការ​ផ្ទុះ​រាលដាល​នៅ​កម្ក​ពុ​ជា​។


ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ី​វលី​ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភាពល្អ​ប្រសើរ​នៃ​យុទ្ធនាការ​ចាប់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ និង​ចំនួន​នៃ​ការ​ឆ្លង​ស្ថិត​ក្នុង​កម្រិត​ទាប បាន​ជួយ​ទាក់ទាញ​ភ្ញៀវ និង​វិនិយោគិន​បរទេស​ជា​ច្រើន​ឱ្យ​ចូល​មក​កម្ពុជា ពិសេស​ចាប់ពី​ដើមឆ្នាំ​២០២២ មក​។ លោកស្រី​លើក​ឡើង​ទៀត​ថា និន្នាការ​នេះ​នឹង​បន្ត​កើនឡើង​ច្រើន​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

លោកស្រី​ប្រាប់​ថា​៖«​ចាប់តាំងពី​ចុងឆ្នាំ​២០២១ មក​មិន​ត្រឹមតែ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើនឡើង​វិញ​ជា​បណ្តើរ​ៗ​នោះ​ទេ សូ​ម្បី​តែ​ចំនួន​ក្រុមហ៊ុន​យន្តហោះ​ដែល​ផ្អាក​សកម្មភាព​ហោះហើរ​ក៏​បាន​នាំ​គ្នា​មក​ដាក់​ពាក្យ​ស្មើ​សុំ​ហោះហើរ​ផង​ដែរ​»​។

កាលពី​ឆ្នាំ​២០២១ ក​ន្ល​មក​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប ១៩៦ ៤៩៥​នាក់ ថយ​ចុះ ៨៥​ភាគរយ ធ្លាក់​ចុះ ៨២​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២០​។