ទីក្រុង​ញូវយ៉ក៖ ក្រុមមន្ដ្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Pfizer បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ពួកគេ​មាន​ទំនុកចិត្ត​លើ​តម្រូវការ​ដ៏​រឹងមាំ សម្រាប់​ការព្យាបាល​ប្រឆាំង​មេរោគ​ជំងឺ​កូ​វីដ ១៩ របស់​ក្រុមហ៊ុន​ចំពេល​មានការ​បន្ធូរបន្ថយ​វិធានការ​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ខណៈ​ក្រុមហ៊ុន​ឱសថ​ដ៏​ធំ​មួយ​នេះ បាន​រាយការណ៍​ពី​ប្រាក់ចំណូល​ដ៏​រឹងមាំ​ផ្សេងទៀត។

ក្រុមហ៊ុន​ឱសថ​ឈានមុខ​គេ​របស់​អាមេរិក​ដែល​រាយការណ៍ ការកើនឡើង​ប្រាក់ចំណេញ​ក្នុង​ត្រីមាស​ទី ១ ដោយ​ផ្អែកលើ​ការកើនឡើង​ប្រាក់ចំណូល​ពី​វ៉ាក់សាំង​ជំងឺ​គូ​វីដ ១៩ បាន​ឲ្យ​ដឹងថា ការព្យាបាល Paxlovid របស់ខ្លួន​សម្រាប់​វីរុស​នេះ នឹង​ក្លាយជា​មធ្យោបាយ​ដ៏​មានតម្លៃ​សម្រាប់​រដ្ឋាភិបាល​ជាច្រើន ក្នុងការ​កម្រិត​ភាព​ធ្ងន់ធ្ងរ​នៃ​ការរីក​រាលដាល​ជំងឺ ដោយសារ​ពួកគេ​បន្ធូរបន្ថយ​គម្លាត​សង្គម និង​វិធាន​ការពាក់​ម៉ាស់។


លោក Albert Bourlaនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pfizer បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មួយ​នេះ កំពុង​មើលឃើញ «សញ្ញា​ដ៏​រឹងមាំ​បំផុត នៃ​កំណើន​តម្រូវការ​សម្រាប់ Paxlovid ព្រោះ​វា​នៅតែ​ជា​ឧបករណ៍​ដ៏​ល្អ​បំផុត​មួយ​ដែល​យើង​មាន»។

ដោយ​លើកឡើង​ពី​ភាពចុះ​ខ្សោយ​វ៉ាក់សាំង កាន់តែខ្លាំង លោក Bourla បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ក៏​ផ្តោតលើ​វ៉ាក់សាំង​ជំងឺ​កូ​វីដ ១៩ ជំរុញ​ដែល​ផ្តល់​ភាពស៊ាំ ក្នុង​រយៈពេល​ ១ ឆ្នាំ។


លោក Bourla បាន​ប្រាប់​ក្រុមអ្នកវិភាគ តាម​សន្និសីទ​ខន​ហ្វើរ៉ិន ​ថា៖ «មនុស្ស​ធុញ​ទ្រាន់​នឹង​ដូ​ស​ជំរុញ​ម្ដង​ហើយ​ម្តងទៀត ដូច្នេះ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​មក​ទទួល​វ៉ាក់សាំង ដែល​អាចជា​វ៉ាក់សាំង​ប្រចាំឆ្នាំ»។ លោក​បន្តថា៖ «តាម​បច្ចេកទេស វា​មិន​ងាយស្រួល​ក្នុងការ​សម្រេចបាន​នោះទេ»។

លោក Bourla បញ្ជាក់​ថ្លែង​អំពី​សម្ទុះ​សង្គម និង​នយោបាយ​ដើម្បី​បន្ធូរបន្ថយ​វិធានការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ថា៖«មាន​សម្ពាធ​យ៉ាងខ្លាំង​នៅ​ទូទាំង​ពិភពលោក ដើម្បី​ធ្វើឱ្យ​ជីវិត​របស់​យើង​ត្រឡប់​មកវិញ»។ លោក​បន្តថា៖ «ជា​លទ្ធផល​នៃ​រឿង​ទាំងនេះ ច្បាស់​ណាស់​ថា​ យើង​នឹងមាន​រលក» នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ជាច្រើន​ទៀត។

ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​មួយ​នេះ បាន​រាយការណ៍​ប្រាក់ចំណេញ​នៅ​ត្រីមាស​ទី ១ ​ចំនួន ៧,៩ ពាន់​លាន​ដុល្លារ កើនឡើង ៦១ ភាគរយ ដោយ​ផ្អែកលើ​កំណើន​ប្រាក់ចំណូល​កើនឡើង ៧៧ ភាគរយ​ដល់ ២៥,៧ ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន Pfizer បាន​ទម្លាក់​ប្រាក់ចំណេញ​ដែល​បាន​កែសម្រួល​រយៈពេល​ពេញ​ ១ ឆ្នាំ​របស់ខ្លួន​ចំនួន ១០ សេន ពី ៦,៤៥ ដុល្លារ មក​នៅត្រឹម ៦,២៥ ដុល្លារ ក្នុង ១ ​ហ៊ុន ១ ផ្នែក ​ដោយសារតែការ​ចរាចរ​រូបិយប័ណ្ណ។

ប៉ុន្តែ​ក្រុមហ៊ុន​បានបញ្ជាក់​អំពី​ការព្យាករ​ប្រាក់ចំណូល​រយៈពេល​ពេញ ​១ ឆ្នាំ​របស់ខ្លួន​ប្រហែល ១០០ ពាន់​លាន​ដុល្លារ ដែល​កើនឡើង​ប្រហែល ២៣ ភាគរយ​នៅ​កម្រិត​ឆ្នាំ ២០២២។ ប្រាក់ចំណូល​ជាង​ពាក់កណ្តាល​ត្រូវបាន​រំពឹងថា​នឹង​បានមកពី​វ៉ាក់សាំង និង​ការព្យាបាល​ជំងឺ​កូ​វីដ ១៩។

ក្រុមហ៊ុន Pfizer ដែល​បាន​នាំចេញ​វ៉ាក់សាំង​ចំនួន ៣,៤ ពាន់​លាន​ដូ​ស​ទៅ ១៧៩ ប្រទេស ទទួលបាន​ការអនុម័ត​បទ​ប្បញ្ញត្តិ​សម្រាប់​ការចាក់​វ៉ាក់សាំង​របស់ខ្លួន​ក្នុង​ក្រុម​អាយុ​ភាគច្រើន ប៉ុន្តែ​នៅតែ​បន្ត​សិក្សា​អំពី​ការប្រើប្រាស់​របស់​វា ចំពោះ​កុមារ​ដែលមាន​អាយុ​ក្រោម ៥ ឆ្នាំ។

នៅក្នុង​ត្រីមាស​ទី ១ ​នេះ ​Paxlovid​ លក់បាន ១,៥ ពាន់​លាន​ដុល្លារ​ទូទាំង​ពិភពលោក។ ​ប៉ុន្តែ ​ក្រុមហ៊ុន Pfizer រំពឹងថា ​នៅ​ឆ្នាំ ២០២២​ ការលក់​ឱសថ​នេះ នឹង​មាន​ចំនួន ២២​ ពាន់​លាន​ដុល្លារ ​ខណៈ​ក្រុមហ៊ុន​នេះ បង្កើន​ការផលិត និង​ការ​ចែកចាយ។

ក្រុមហ៊ុន​មួយ​នេះ រំពឹងថា​នឹង​ផលិត​ថ្នាំ​គ្រាប់​ញ៉ាំតាម​មាត់​ចំនួន ១២០ លាន​ក្នុង​ឆ្នាំ ២០២២ ជាមួយនឹង​កម្មវិធី​ចែក​ចាយ​ដែល​កំពុង​កើនឡើង​នៅ​អាមេរិក និង​នៅតាម​ទីផ្សារ​ផ្សេងទៀត។

ក្រុមហ៊ុន​នេះ បាន​ឲ្យ​ដឹងថា​ ការព្យាបាល​បាន​ទទួល​ការយល់ព្រម​ជា​បន្ទាន់ ឬ​តាម​លក្ខខណ្ឌ​ក្នុងប្រទេស​ចំនួន ៤០ ​ហើយ រហូត​មក​ដល់​ពេលនេះ​៕ LA