ទីក្រុង​សេ​អ៊ូ​លៈ Ioniq 5 ដែលជា​ប្រភេទ​រថយន្ត​អគ្គិសនី​ដំបូងបង្អស់​របស់ Hyundai Motor គ្រោង​នឹង​ឈានដល់​ការលក់​បាន​ប្រហែល ៩ ម៉ឺន​គ្រឿង​នៅ​ទូទាំង​ពិភពលោកចាប់តាំងពី​ការប្រកាស​លក់កាល​ពី ១​ ឆ្នាំមុន។

យោងតាម​ក្រុមហ៊ុន​ផលិត​រថយន្ត​កាល​ពីស​ប្តា​ហ៍​មុនរថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី​ប្រភេទ Crossover ខ្នាត​មធ្យម​ត្រូវបាន​លក់​អស់ ៨៨ ៨៧១ គ្រឿងដោយ​ចំនួន ៣៣ ២១២ គ្រឿង​ត្រូវ​លក់​នៅក្នុង​ប្រទេស និង ៥៥ ៦៥៨ គ្រឿង​ត្រូវ​លក់​នៅក្រៅ​ប្រទេស​គិត​ត្រឹម​ខែមីនា​ឆ្នាំនេះ។


រថយន្ត​ប្រភេទ Ioniq 5 បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅក្នុង​ខែមេសា​ឆ្នាំមុន ដោយបាន​ក្លាយជា​រថយន្ត​ដំបូង​គេ​ដែល​ដំណើរការ​នៅលើ​កម្មវិធី​រថយន្ត EV ផ្ទាល់ខ្លួន​របស់​ក្រុមហ៊ុន Hyundai ដែល​ហៅថា «Electric-Global Modular Platform» ឬ E-GMP ។

ដោយ​ធ្វើជា​និមិត្តរូប​នៃការផ្លាស់ប្តូរ​របស់​ក្រុមហ៊ុន Hyundai ទៅជា​រថយន្ត​ប្រើ​ថាមពល​អគ្គិសនីរចនាប័​ទ្មរបស់​វា​ត្រូវបាន​អន្ទង​ចិត្ត​ ដោយ​ការផលិត​ដំបូង​របស់​ក្រុមហ៊ុន​ផលិត​រថយន្តគឺ​រថយន្តម៉ាក Pony ដែល​បានចេញ​ផ្សាយ​នៅ​ឆ្នាំ ១៩៧៤ កន្លងមក។


រថយន្ត​នេះ​ក៏​ជា​រថយន្ត​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​បាន​បំពាក់​នូវ​សមត្ថភាព​សាក​ថ្ម​យ៉ាង​រហ័ស 800V សាក​ពី ១០ ទៅ ៨០ ភាគរយ​ក្នុង​រយៈពេល​ត្រឹមតែ ១៨ នាទី​ប៉ុណ្ណោះ។ក្នុងការ​សាក​ថ្ម​ម្តងរថយន្ត​នេះ​អាច​បើក​បរបាន​ចម្ងាយ​ដល់​ទៅ ៤២៩ គីឡូម៉ែត្រដែលជា​ផ្លូវ​វែង​បំផុត​មួយ​នៅលើ​ទីផ្សារ។

នៅក្នុង​ស្រុករថយន្ត​នេះគឺជា​រថយន្ត EV ដែល​លក់ដាច់​បំផុតដែល​ស្មើនឹង ៣១,៥៩ ភាគរយ​នៃ​ការលក់​សរុប ២២ ៥៨៧ គ្រឿង​កាលពី​ឆ្នាំមុន។

ការប្រកួតប្រជែង​រប​ស់វា​ក៏ត្រូវ​បានទទួល​ស្គាល់​នៅក្នុង​ពិភពលោកដោយ​ការ​ឈ្នះ​រង្វាន់​ជាច្រើនរួមទាំង​ពាន «World Car of the Year» ដែល​ផ្តល់​ដោយ World Car Awards, German Car of the Year, UK Car of the Year និង Auto Express Car of the Year។

មន្ត្រី Hyundai បាន​និយាយ​ថា៖‍ ​«ការរចនា​ប្រកប​ដោយភាព​ច្នៃ​ប្រឌិត លំហ​ខាង​ក្នុង​ដ៏ល្អ​ ស្អាត ឥ​តខ្ចោះ​ និង​លក្ខណ​ពិសេ​ស​កម្រិត​ខ្ពស់​ផ្សេងៗ គឺ​ជាអ្វី​ដែល​ទាក់ទាញ​អតិថិជន​ឱ្យ​ទិញ ​Ioniq 5»៕ Korea Herald-ANN/RR