ភ្នំពេញៈ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ដែល​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) បានប្រកាស​អំពី​ការបង្កើន​ដើមទុន​ចុះបញ្ជី​របស់ខ្លួន​ពី ៣០០ ​លាន​ដុល្លារ​ដល់​ ៤០០ ​លាន​ដុល្លារ​ដែលជា​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ប្រែក្លាយ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទៅជា​ធនាគារ​ពាណិជ្ជ បន្ទាប់ពី​ការព្យាយាម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។

យោងតាម​ការប្រកាស​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៣ ខែឧសភា ប្រាសាក់ ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា និង​មាន​ភាគទុនិក​រឹងមាំ​ពី​ប្រទេស​កូរ៉េ​គឺ​ធនាគារ KB Kookmin Bank បាន​ដំឡើង​ដើមទុន​ចុះបញ្ជី​រហូតដល់ ៤០០ ​លាន​ដុល្លារ​អាមេរិក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ត្រៀមខ្លួន​កម្លាយ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទៅជា​ធនាគារពាណិជ្ជ​ដ៏ធំ ពង្រីក​សម្ពៀត​ឥណទាន និង​ប្រតិបត្តិការ​អាជីវកម្ម ព្រមទាំង​កសាង​ភាពខ្លាំង​របស់ខ្លួន​ ដើម្បី​បម្រើ​អតិថិជន​ដាក់​ប្រាក់​បញ្ញើ និង​សាធារណជន​ឱ្យ​កាន់តែ​ល្អ​។


លោក អ៊ុំ សមអឿន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រាសាក់​បាន​ឱ្យដឹងថា ប្រាសាក់ បានធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​ក្រុមហ៊ុន​ ដើម្បី​ដំឡើង​ដើមទុន​ចុះបញ្ជី​ពី ៣០០ លាន​ដុល្លារ​ដល់ ៤០០ លាន​ដុល្លារ​។

លោក​បញ្ជាក់ថា ការដំឡើង​ដើមទុន​នេះ​នឹង​ជួយ​ដល់​យុទ្ធសាស្ត្រ​កំណើន​របស់​គ្រឹះស្ថាន និង​ពង្រឹង​ជំហរ​នៅក្នុង​ទីផ្សារ​។ លើសពីនេះ ក៏​នឹង​ជួយ​ស្ថាប័ន​ពង្រីក​ការផ្ដល់សេវា​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ធ្វើ​ពិពិធកម្ម​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ជាពិសេស​គឺ​ផ្នែក​ឌីជីថល​។


លោក​បន្ថែមថា​៖ «​យើង​ពិតជា​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម ចំពោះ​ការអនុម័ត និង​ទទួលស្គាល់​ការដំឡើង​ដើមទុន​នេះ​»​។

ប្រាសាក់ ដែល​ពីដំបូង​គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវបាន​ទិញ​ទាំងស្រុង​ដោយ​ធនាគារ KB Kookmin របស់​ប្រទេស​កូរ៉េខាងត្បូង ដែលជា​ក្រុមហ៊ុន ធនាគារពាណិជ្ជ​របស់ KB Fi-nancial Group Inc (KB) បាន​ចុះបញ្ជី​នៅ​ញូវយ៉ក ដែលមាន​តម្លៃ​ប្រហែល​ជាង ៩២៥ ​លាន​ដុល្លារ​។

ភ្លាមៗ​បន្ទាប់ពី​ការទិញ​យក​ភាគហ៊ុន​ទាំងស្រុង ក្រុមមន្ដ្រី​មាន​បទពិសោធ​ជួរមុខ​របស់ខ្លួន​រួមទាំង​អគ្គនាយក​ផងដែរ​នោះ​បាន​សម្រេច​ចិត្ត​លាលែង​ពី​តំណែង​។

កាលពី​ថ្ងៃទី​ ៥ ខែឧសភា ឆ្នាំមុន ប្រាសាក់​បាន​ចុះបញ្ជី​មូលបត្រ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ដោយ​បម្រុង​ទុក​ភាគហ៊ុន​ចំនួន ១ ២៧២ ០០០ នៅក្នុង​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​ជាមួយនឹង​ទឹកប្រាក់​សរុប​ចំនួន ១២៧,២ ​ពាន់​លាន​រៀល (៣១ ​លាន​ដុល្លារ​)​។

នៅ​ដំណាច់ត្រីមាស​ទី​ ១ ឆ្នាំ ២០២២ ប្រាសាក់ មាន​ទ្រព្យសកម្ម​សរុប ៤,៥ ពាន់​លាន​ដុល្លារ កើនឡើង​ ២១,៣ ភាគរយ បើ​ប្រៀបធៀប​នឹង​ត្រីមាស​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​។ សមតុល្យ​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់ ២,៧ ​ពាន់​លាន​ដុល្លារ ហើយ​សម្ពៀត​ឥណទាន​សរុប​មាន​ ៤,០ ​ពាន់​លាន​ដុល្លារ​៕ LA