ទីក្រុងឡុងដ៍៖ ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាគ្មានការងារធ្វើរបស់ចក្រភពអង់គ្លេសបានធ្លាក់ចុះបន្ថែមទៀត មកនៅត្រឹមកម្រិតទាប ក្នុងរយៈពេលជិត ៥ ទសវត្សរ៍ ប៉ុន្តែតម្លៃប្រាក់ឈ្នួលនៅតែបន្តធ្លាក់ចុះ ដោយសារតែអតិផរណាកើនឡើង។
ការិយាល័យជាតិស្ថិតិ (ONS) បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អត្រាគ្មានការងារធ្វើបានធ្លាក់ចុះមកនៅត្រឹម ៣,៧ ភាគរយក្នុងរយៈពេលបីខែដល់ចុងខែមីនា។
នោះគឺជាកម្រិតទាបបំផុតក្នុងរយៈពេលជាង ៤៧ ឆ្នាំ ហើយធៀបនឹងអត្រា ៣,៨ ភាគរយនៅត្រីមាសនេះ ដល់ចុងខែកុម្ភៈ។
ONS បានបន្ថែមថា ប្រាក់ឈ្នួលបានបន្តធ្លាក់ចុះនៅក្នុងលក្ខខណ្ឌជាក់ស្តែង ខណៈដែលចក្រភពអង់គ្លេស ក៏ដូចជាបណ្ដាប្រទេសផ្សេងទៀតផងដែរ ប្រឈមនឹងអតិផរណាដែលមិនអាចគ្រប់គ្រងបាន។
លោក Darren Morgan នាយក ONS នៃស្ថិតិសេដ្ឋកិច្ចបានថ្លែងថា៖ «មានការបន្ត ក្នុងការយល់ឃើញផ្សេងៗគ្នា សម្រាប់ទីផ្សារការងារ»។
ការងារសរុបនៅតែស្ថិតក្រោមកម្រិតមុនពេលការរីករាលដាលជំងឺកូវីដ ១៩ របស់ខ្លួន ដោយកន្លែងការងារទំនេរ មានកម្រិតខ្ពស់បំផុតមិនធ្លាប់មានជិត ១,៣ លានកាលពីចុងខែមេសា។
លោក Morgan បានថ្លែងថា៖ «ជាការពិតជាមួយនឹងការធ្លាក់ចុះចុងក្រោយនៃភាពអត់ការងារធ្វើមកនៅត្រឹមអត្រាទាបបំផុតចាប់តាំងពីឆ្នាំ ១៩៧៤ មក។ ពិតណាស់ វាមានមនុស្សអត់ការងារធ្វើតិចជាងកន្លែងទំនេរជាលើកដំបូងចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម»។
ខណៈពេលដែលក្រុមហ៊ុនជាច្រើនជម្នះក្នុងការបំពេញមុខតំណែង បន្ទាប់ពីការរីករាលដាលជំងឺកូវីដ ១៩ បានបណ្តាលឱ្យមនុស្សជាច្រើនផ្លាស់ប្តូរអាជីព លោក Morgan បានកត់សម្គាល់ថាចាប់តាំងពីការរីករាលដាលជំងឺកូវីដ ១៩ មនុស្សប្រហែលកន្លះលាននាក់បន្ថែមទៀតនៅក្នុងចក្រភពអង់គ្លេស «បានដកខ្លួនចេញពីទីផ្សារការងារទាំងស្រុង»។
លោកបានបន្ថែមថា សម្រាប់អ្នកដែលកំពុងធ្វើការប្រាក់ចំណូលទៀងទាត់ដោយមិនរាប់បញ្ចូលប្រាក់លើកទឹកចិត្ត «កំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងលក្ខខណ្ឌជាក់ស្តែង»៕ LA