ការនាំចេញ-ចូលទំនិញកម្ពុជា-ម៉ាឡេស៊ី មានទឹកប្រាក់ជាង $២០៥ លាន

ភ្នំពេញៈ កម្ពុជាបាននាំចូលទំនិញពីប្រទេសម៉ាឡេស៊ីក្នុងទឹកប្រាក់ប្រមាណ ១៧០ លានដុល្លារនារយៈពេល ៤ ខែដើមឆ្នាំ ២០២២ កើនជាង ៤៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅម៉ាឡេស៊ី ធ្លាក់ចុះជិត ២ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ការនាំទំនិញពីប្រទេសម៉ាឡេស៊ីមកកម្ពុជា មានទឹកប្រាក់ជាង ១៧០ លានដុល្លារ កើន ៤៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ និងការនាំចេញទំនិញពីកម្ពុជាទៅម៉ាឡេស៊ីមានជាង ៣៥,១៦ លានដុល្លារ ធ្លាក់ចុះ -១,៩ ភាគរយ។
តាមរយៈតួលេខនេះ គឺពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ២០៥,១៧ លានដុល្លារ កើនពីចំនួន ១៥២,៩២ លានដុល្លារ នារយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលស្មើនឹងកំណើន ៣៤,៧ ភាគរយ។
យោងតាមទិន្នន័យខាងលើ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពប្រមាណ -១៣៤,៨៤ លានដុល្លារធៀបជាមួយប្រទេសម៉ាឡេស៊ី។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាធម្មតាក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសនីមួយៗ បញ្ហាឱនភាព និងឧត្តមភាពនៃជញ្ជីងពាណិជ្ជកម្មតែងតែកើតមាន ដោយប្រទេសខ្លះមានតម្រូវការខ្ពស់ចំពោះផលិតផលអ្វីមួយដែលប្រទេស ១ ផ្សេងទៀតផលិតបាន និងប្រទេសខ្លះត្រូវការនាំចូលធនធានធម្មជាតិ ឬផលិតផលពាក់កណ្តាលសម្រេច ដើម្បីយកមកផលិតសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។
លោកនិយាយថា៖ «ចំពោះជញ្ជីងពាណិជ្ជកម្មនេះយើងមានឱនភាពខ្លាំង ប៉ុន្តែវាមិនមែនមានន័យថា កម្ពុជានាំទំនិញពីម៉ាឡេស៊ីមកសម្រាប់ប្រើប្រាស់ក្នុងស្រុកទាំងអស់នោះទេ ព្រោះការនាំចូលមួយចំនួន គឺសម្រាប់ជាធាតុផ្សំ ឬផ្នែកគ្រឿងម៉ាស៊ីនបម្រើឱ្យការផលិត ដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ»។
ទោះបែបនេះក្តី លោកក៏បានជំរុញឱ្យកម្ពុជាត្រូវខិតខំធ្វើពិពិធកម្មផលិតផលក្នុងស្រុករបស់ខ្លួនបន្ថែមទៀត ដើម្បីកាត់បន្ថយការនាំចូល និងងាកទៅជំរុញការនាំចេញឱ្យបានកាន់តែច្រើនទៅទីផ្សារម៉ាឡេស៊ី និងប្រទេសជាច្រើនផ្សេងទៀត។
កាលពីខែកុម្ភៈ ឆ្នាំ ២០២២ នៅក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយនឹងលោក Mohamed Azmin Ali រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី ភាគីទាំង ២ បានសន្យានឹងខិតខំបន្តជំរុញនូវកំណើនពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត ព្រមទាំងបានប្តេជ្ញាបន្តរក្សាទីផ្សារបើកចំហ និងសម្រួលការវិនិយោគ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។
នៅក្នុងឱកាសនោះ លោក សូរស័ក្តិ ក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការរួមចំណែកស្តារ និងជំរុញកំណើនសេដ្ឋកិច្ចដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់សំខាន់ៗជាបន្តបន្ទាប់ ដែលមានដូចជា ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋឯកជន ច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីការប្រកួតប្រជែងជាដើម ដើម្បីគាំទ្រ និងសម្រួលដល់វិស័យឯកជន។
បន្ថែមពីលើនោះ លោក សូរស័ក្តិ ក៏បានលើកទឹកចិត្តឱ្យភាគីម៉ាឡេស៊ីបន្តជំរុញ និងបង្កើនវិនិយោគិនរបស់ខ្លួនចូលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត ព្រមទាំងបង្កើនការនាំចូលកសិផលសក្តានុពលពីកម្ពុជា ជាពិសេសអង្ករកម្ពុជា ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មម្ហូបអាហារហាឡាល់ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញ។
ជាការឆ្លើយតបលោក Mohamed Azmin Ali បាននិយាយថា លោកនឹងជួយជំរុញវិនិយោគិនម៉ាឡេស៊ីឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ព្រមទាំងបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អនាពេលនេះផងដែរ។
ទំនិញដែលកម្ពុជានាំទៅប្រទេសម៉ាឡេស៊ីមានដូចជា អង្ករ, ដូងប្រេង, ម្រេច, ក្រណាត់ និងផលិតផលឧស្សាហកម្ម ជាដើម។ ចំណែកទំនិញកម្ពុជានាំចូលពីម៉ាឡេស៊ី មាន គ្រឿងបន្លាស់រថយន្ត អាហារ និងភេសជ្ជៈ និងឧបករណ៍អេឡិចត្រូនិកមួយចំនួន។
ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ីមានទឹកប្រាក់ជាង ៥០០ លានដុល្លារ កើន ១៣,១៤ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះការនាំចេញពីកម្ពុជាទៅម៉ាឡេស៊ីមានជាង ១០១ លានដុល្លារ កើន ២,៦២ ភាគរយ និងការនាំទំនិញពីម៉ាឡេស៊ីមានជាង ៣៩៩ លានដុល្លារកើនឡើង ១៦,១៦ ភាគរយ។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ LA