ភ្នំពេញៈ អ្នកឯកទេសជំនាញលើបាទីក (Batik) និងគ្រឿងអលង្ការច្នៃពីលោហធាតុបានធ្វើការបណ្តុះបណ្តាលជំនាញនេះដល់កម្ពុជាអំពីការរុំលោហធាតុ ដែលវាជាសិល្បៈនៃការធ្វើគ្រឿងអលង្ការ ពិសេសការច្នៃគ្រឿងអលង្ការ ដើម្បីបម្រើដល់វិស័យទេសចរណ៍។
កាលពីថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២២ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានរៀបចំសិក្ខាសាលាចំនួន ២ ដើម្បីណែនាំអំពីបាទីក (Batik) និងគ្រឿងអលង្ការច្នៃពីលោហធាតុនៅខេត្តសៀមរាប និងមួយទៀតនឹងរៀបចំធ្វើនៅក្នុងស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២។
បើតាមការចុះផ្សាយរបស់ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានឱ្យដឹងថា សិក្ខាសាលានេះគឺត្រូវធ្វើឡើងនៅក្នុងគោលបំណងណែនាំអំពីបាទីក (Batik) និងគ្រឿងអលង្ការច្នៃពីលោហធាតុជាមួយនឹងការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ មិត្តភក្តិរបស់ប្រទេសឥណ្ឌូនេស៊ី ប្រជាជនឥណ្ឌូនេស៊ី សហគ្រាសធុនតូច និងមធ្យមកម្ពុជា (SMEs) សិស្សនិស្សិត និងគ្រូបង្វឹកមកពី Batik House Indonesia។
ស្ថានទូតបានពន្យល់ថា Batik មកពីពាក្យ Javanese amba(wide/large) និង titik(dot) ដែលមានន័យថា ធ្វើគំនូរ ឬសរសេរ។ បច្ចេកទេសបាទីក ប្រើក្រមួនដែលត្រូវបានគូរ ឬបោះត្រាលើក្រណាត់ដែលក្លាយជាវត្ថុធន់នឹងពណ៌។ នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៩ បាទីកត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូថា ជាស្នាដៃដ៏អស្ចារ្យ និងជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ហេតុដូច្នេះហើយប្រជាជនឥណ្ឌូនេស៊ីប្រារព្ធថ្ងៃទី ២ ខែតុលា ជាថ្ងៃបុណ្យជាតិ Hari Batik ឬ National Batik Day។ Batik ត្រូវបានគេប្រើក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនឥណ្ឌូនេស៊ីគ្រប់រូបពីការស្លៀកពាក់ ការតុបតែង។
ស្ថានទូតបន្តថា គ្រឿងអលង្ការច្នៃពីខ្សែលោហធាតុ គឺជាបច្ចេកទេសដែកសម្រាប់ធ្វើការ (មិនរលាយ) ដែលប្រើខ្សែលោហធាតុរុំនៅលើចំណុចសំខាន់ ដែលជាត្បូងដើម្បីបង្កើតគ្រឿងអលង្ការ។ ឥណ្ឌូនេស៊ី ជាប្រទេសមួយដែលសម្បូរដោយត្បូងធម្មជាតិ (រួមទាំងគជ់ខ្យង)។ ដោយប្រើបច្ចេកទេសរុំលួសលើត្បូងទាំងនេះត្រូវបានច្នៃទៅជាគ្រឿងអលង្ការដ៏ស្រស់ស្អាតជាមួយនឹងតម្លៃសមរម្យ។
សារព័ត៌មាន AKP បានចុះផ្សាយដោយស្រង់សម្តី លោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជានៅក្នុងពិធីបើកជាផ្លូវការកាលពីថ្ងៃទី ២២ ខែឧសភា នៅខេត្តសៀមរាប ថា Batik សម្រាប់ប្រជាជនឥណ្ឌូនេស៊ីមិនត្រឹមតែជាបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាឧស្សាហកម្មច្នៃប្រឌិតដែលគាំទ្រមនុស្សរាប់លាននាក់ មានទីផ្សារ និងអ្នកគាំទ្រគ្រប់វ័យ ទាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអន្តរជាតិ។
លោកបន្តទៀតថា សិល្បៈនៃការរុំលោហធាតុ គឺជាសិល្បៈនៃការធ្វើគ្រឿងអលង្ការ ដែលមានតាំងពីបុរាណ មុនពេលរកឃើញនូវបច្ចេកទេសផ្សារដែកទំនើបៗ ដោយការចងខ្សែរុំជុំវិញត្បូងទៅជាគ្រឿងអលង្ការដ៏ស្រស់ស្អាត។ គ្រឿងអលង្ការច្នៃពីលោហធាតុនេះ មានភាពល្បីល្បាញនៅប្រទេសឥណ្ឌូនេស៊ី ជាពិសេស នៅទីក្រុង Yogyakarta, East Java និង South Sumatra យូរមកហើយ។
បើតាមលោក Sudirman Haseng ការវិវត្តនៃគ្រឿងអលង្ការច្នៃពីលោហធាតុនេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរួមជាមួយនឹងការកើនឡើងនៃចំនួនសិប្បករពីថ្មដ៏មានតម្លៃ ហើយបានរីករាលដាលពាសពេញប្រទេសឥណ្ឌូនេស៊ីផងដែរ។
លោកនិយាយថា៖ «ការទូតសង្គម-វប្បធម៌ បានផ្តល់ការយល់ដឹងដ៏ទូលំទូលាយក្នុងចំណេះដឹងអំពីវប្បធម៌ និងសង្គមដទៃទៀត ហើយដើម្បីសម្រេចគោលបំណងនេះ ការអប់រំគឺជាឧបករណ៍ដ៏សំខាន់។ សម្រាប់ឥណ្ឌូនេស៊ី កម្ពុជា គឺជាដៃគូរបស់យើងជាមិត្ត ជាបងប្អូននៅក្នុងតំបន់។ ដូច្នេះហើយ វាមានសារៈសំខាន់សម្រាប់យើងក្នុងការធានាថា យុវជនជំនាន់ក្រោយរបស់កម្ពុជា ដែលនឹងក្លាយជាអ្នកដឹកនាំនាពេលអនាគតរបស់ប្រទេសមានការយល់ដឹង និងចំណេះដឹងទូលំទូលាយអំពីប្រទេសឥណ្ឌូនេស៊ី»។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបបានឱ្យដឹងដែរថា ខេត្តសៀមរាបបានភ្ជាប់ទំនាក់ទំនងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសិនត្រល់ចាវ៉ា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ តាមរយៈចំណងមេត្រីភាពភាគីទាំង ២ បានពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែប្រសើរ។
លោកបន្តថា សម្រាប់ការរៀបចំសិក្ខាសាលា ដើម្បីចែករំលែកការយល់ដឹងពីសិល្បៈ និងវប្បធម៌នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងគ្រឿងអលង្ការដែលផលិតដោយដៃនាពេលនេះ គឺបានធ្វើឱ្យប្រជាជននៃប្រទេសទាំង ២ បានឈ្វេងយល់ពីវប្បធម៌បានកាន់តែច្បាស់ផងដែរ។ ដោយក្នុងសិក្ខាសាលានេះ អ្នកចូលរួមគឺបានអនុវត្តផ្ទាល់ក្នុងការគូសគំនូរសិល្បៈឥណ្ឌូនេស៊ី ដូចនេះអ្នកចូលរួមបានយល់កាន់តែច្បាស់អំពីវប្បធម៌ឥណ្ឌូនេស៊ី។
លោកលើកឡើងទៀតថា កម្ពុជាជាប្រទេសមួយដែលមានសិល្បៈសម្បូរបែបហើយផ្សារភ្ជាប់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសដោយសារតែតម្លៃនៃសិល្បៈជាតិនេះហើយទើបធ្វើឱ្យកម្ពុជាមានកិត្តិនាមល្បីល្បាញលើឆាកអន្តរជាតិរហូតមកដល់បច្ចុប្បន្ន។ លោកបានបន្ថែមថា៖ «ក្នុងន័យនេះហើយទើបគេយល់ឃើញថា សិល្បៈជាអត្តសញ្ញាណជាតិ និងបានរួមចំណែកលើកស្ទួយកិត្តិយសជាតិ»៕ LA