​គិត​ត្រឹម​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២ សាជីវកម្ម​ធានា​ឥត​ទាន​កម្ពុជា​(CGCC) បានផ្តល់​ធានា​ឥណទាន​ដល់​៤៤៨ ក្រុមហ៊ុន​អាជីវកម្ម​ដែល​គិត​ជា​ប្រាក់ ៤៥,៥​លាន​ដុល្លារ​។​

​សេវា​ធានា​ឥណទាន ត្រូវបាន​ប្រើប្រាស់​ក្នុង​គោលដៅ​គាំទ្រ​ក្រុមហ៊ុន​អាជីវកម្ម ជាពិសេស អាជីវកម្ម​ខ្នាតតូច និង​មធ្យម ឱ្យ​ទទួលបាន​ហិរញ្ញប្បទាន​ផ្លូវការ​។


​បច្ចុប្បន្ន សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​បញ្ចេញ​ដោយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​(PFIs) របស់ CGCC ទៅកាន់​អ្នកស្នើសុំ​កម្ចី ក្រោម​គម្រោង​ធានា​ឥណទាន​ដែល​បានដាក់​ចេញ​ដោយ CGCC​។

​ដូច្នេះ ដើម្បី​ចាប់យក​អត្ថប្រយោជន៍​ពី​ការធានា​ឥណទាន ក្រុមហ៊ុន​អាជីវកម្ម​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​ដើម្បី​ស្នើសុំ​កម្ចី​ទៅកាន់ PFIs ជាមុនសិន​។


​ការស្វែងយល់​អំពី​លក្ខណៈវិនិច្ឆ័យ​ដែល PFIs ប្រើប្រាស់​ដើម្បី​វាយតម្លៃ​លើ​សំណើសុំ​ឥណទាន អាចជួយ​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​ត្រៀមខ្លួន​បានល្អ​ប្រសើរ​ជាមុន ក្នុងការ​ទទួលបាន​ក​ម្ចី​ដែលមាន​ការធានា​ពី CGCC​។​

​លោក ណូ លីដា អគ្គនាយករង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា លើកឡើងថា​៖«​ការ​បង្រួម​គម្លាត​តម្រូវការ និង​ការផ្គត់ផ្គង់​ឥណទាន​ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច និង​បេសកកម្ម​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​សម្រាប់​ផ្តល់​ការធានា​ឥណទាន​លើ​កម្ចី​ដល់​អាជីវកម្ម ដើម្បី​ចែករំលែក​ហានិភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​កម្ចី និង​បង្កើន​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​»​។

​កាលពី​ខែកញ្ញា ឆ្នាំ​២០២១ កន្លងមក សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បាន​ដាក់ឱ្យ​ដំណើរការ គម្រោង​ធានា​ឥណទាន​សម្រាប់​សហ​ហិរញ្ញប្បទាន (CFGS) ត្រូវបាន​បង្កើត​ឡើងជា​ពិសេស​សម្រាប់​កម្ចី ដែល​បញ្ចេញ​ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី ២ (SCFS II) របស់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​។

​គម្រោង​នេះ ជួយ​គាំទ្រ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs) របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ក្នុងការ​ផ្តល់​កម្ចី​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ ទៅកាន់​សហគ្រាស​ខ្នាតតូច និង​មធ្យម​៕

​​