ភ្នំពេញៈ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចាប់ផ្តើមពិភាក្សាគ្នាពីលទ្ធភាពនៃការបង្កើតក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ [Comprehensive Economic Partnership Agreement (CEPA)] និងការបង្កើននូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងកំណត់យន្តការអាទិភាពនានា ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ។
ជំនួបនេះបានធ្វើឡើងរវាងលោក រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយលោក Kayaan K. Unwalla ទីប្រឹក្សាអនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។
ជំនួបនេះធ្វើឡើងស្របតាមស្មារតីនៃជំនួបទ្វេភាគីរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Thani Bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ (អេមីរ៉ាតអារ៉ាប់រួម) ដែលបានធ្វើកាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ ក្នុងឱកាសចូលរួមទិវាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក នៅទីក្រុងឌូបៃ។
ជាកិច្ចចាប់ផ្តើម លោក រដ្ឋ សារ៉ាវុធ បានសម្តែងការស្វាគមន៍ និងអបអរសាទរដល់រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម ចំពោះជោគជ័យនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងឌូបៃ នាពេលកន្លងមក។
បន្ថែមលើនេះលោកក៏បានថ្លែងអំណរគុណចំពោះប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលបានគាំទ្រលើគំនិតផ្តួចផ្តើមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅតាមរយៈក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង និងបានស្នើក្រុមការងារអេមីរ៉ាតអារ៉ាប់រួម រៀបចំសេចក្តីព្រាងលក្ខន្តិកៈយោង (Terms of Reference) ក៏ដូចជារួមគ្នាសិក្សាស្រាវជ្រាវពីភាពដែលអាចធ្វើបាន (Feasibility study)។
ជាកិច្ចឆ្លើយតប លោក Kayaan បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀង CEPA ជាមួយកម្ពុជា ព្រមទាំងបានលើកឡើងពីព័ត៌មានពាក់ព័ន្ធនឹងនីតិវិធី និងសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលអាចកើតមាន។
លោកលើកឡើងទៀតថា កិច្ចព្រមព្រៀង CEPA មានវិសាលភាពគ្របដណ្តប់វិស័យអាទិភាពជាសារវន្តដូចជា ពាណិជ្ជកម្មទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច មីក្រូសហគ្រាស សហគ្រាសធុន-តូច និងមធ្យម និងពាណិជ្ជកម្មឌីជីថល។
គិតមកដល់ពេលនេះ ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានបង្កើត CEPA ចំនួន ២ រួចមកហើយរួមមានជាមួយប្រទេសអ៊ីស្រាអែល និងឥណ្ឌា ហើយត្រៀមបង្កើតបន្ថែមជាមួយឥណ្ឌូនេស៊ី និងប្រទេសផ្សេងទៀតនៅក្នុងតំបន់។
ជាកិច្ចបញ្ចប់ភាគីទាំង ២ បានឯកភាពគ្នានឹងពិនិត្យលទ្ធភាពស្វែងយល់បន្ថែមអំពីនីតិវិធី និងលក្ខន្តិកៈនានា ព្រមទាំងសិក្សាស្រាវជ្រាវលម្អិតពីអត្ថប្រយោជន៍ការបង្កើត CEPA នៅវេលាសមស្របខាងមុខ។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ឆ្នាំ ២០២១ មានតម្លៃប្រមាណ ១៥០ លានដុល្លារកើនឡើងពី ១០០ លានដុល្លារកាលពីឆ្នាំ ២០២០។ ទីផ្សារទំនិញភាគច្រើន រួមមាន ផលិតផលវាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ ប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕ LA