តើ​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូលបត្រ​ គឺ​ជា​អ្វី?

ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូលបត្រ សំដៅ​ដល់​ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ឬ​នីតិបុគ្គល​ប្រតិស្រុត ដែល​ស្នើសុំ ឬ​បាន​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​។


ហេតុអ្វី​ត្រូវ​ធ្វើ​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ?

ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ គឺ​ជា​មធ្យោបាយ​មួយ​ដែល​ក្រុមហ៊ុន​អាច​ធ្វើ​ការ​កៀរគរ មូលធន​ពី​សាធារណជន​ទូទៅ ដើម្បី​ធ្វើ​ការ​ពង្រីក​សកម្មភាព​អាជីវកម្ម​តាមរយៈ​ការ​បោះ​ផ្សាយ​លក់​មូលបត្រ កម្មសិទ្ធិ​ជា​សាធារណៈ ក្រៅ​ពី​ជម្រើស​ហិរញ្ញប្បទាន​តាមរយៈ​ធនាគារ​។ ការ​បោះ​ផ្សាយ​​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ ​បន្ថែម​ពី​លើ​ការ​កៀរគរ​មូលធន ពី​សាធារណជន​សម្រាប់​ការ​អភិវឌ្ឍ​នាពេល​អនាគត និង​ពង្រឹង​រចនា​សម្ព័ន្ធ​ដើម​ទុន រួម​មាន​ការ​ទទួល​បាន​ប្រភព​ហិរញ្ញប្បទាន​រយៈពេល​វែង ការ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កេរ្តិ៍ឈ្មោះ និង​ភាព​មើល​ឃើញ​របស់​ក្រុមហ៊ុន ដែល​អាច​ទាក់ទាញ​ការ​ចាប់អារម្មណ៍​កាន់​តែ​ច្រើន​ពី​វិនិយោគិន​សក្តានុពល ទទួល​បាន​និរន្តរភាព​អាជីវកម្ម​ជាមួយ​និង​អភិបាលកិច្ច​សាជីវកម្ម​ល្អ និង​ការ​គ្រប់គ្រង​ផ្ទៃក្នុង​ដែល​រឹងមាំ​ជាង​មុន ទាក់ទាញ ​និង​រក្សា​បុគ្គលិក ព្រមទាំង​ការ​ត្រៀម​ខ្លួន​ជាមុន​ក្នុង​ការ​គោរព​តាម​បទប្បញ្ញត្តិ​របស់​រាជរដ្ឋាភិបាល។


ដើម្បី​អាច​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​បាន តើ​សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវ​រៀបចំ​ខ្លួន​យ៉ាង​ដូចម្ដេច?

ដោយ​សង្កេត​ឃើញ​អំពី​សក្តានុពល ក៏​ដូច​ជា​កំណើន​នៃ​ការ​រីក​លូតលាស់​របស់​សហគ្រាស​ធុន​តូច និង​មធ្យម និយតករ​មូលបត្រ​កម្ពុជា (ន.ម.ក.) បាន​បង្កើត​ទីផ្សារ​កំណើន​ដើម្បី​អនុញ្ញាត​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​លទ្ធភាព​អាច​ធ្វើ​ការ​កៀរគរ​មូលធន​តាមរយៈ​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​បាន​។ ដើម្បី​ធ្វើការ​បោះផ្សាយ​​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​បាន សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​ធំៗ​ចំនួន ៤ ដូច​ខាង​ក្រោម៖

- ការ​រៀបចំ​ខ្លួន​៖ ក្រុមហ៊ុន​ត្រូវ​មាន​​អភិបាលកិច្ច​សាជីវកម្ម​ល្អ (​មាន​រចនា​សម្ព័ន្ធ​គ្រប់គ្រង​ក្រុមហ៊ុន ស្រប​តាម​បទប្បញ្ញត្តិ​ដែល​មាន​ជា​ធរមាន) របាយការណ៍​ហិរញ្ញវត្ថុ​រយៈពេល ១ ឆ្នាំ​នៃ​ឆ្នាំ​ជាប់​ពន្ធ​ចុង​ក្រោយ ដែល​ធ្វើ​សវនកម្ម​ស្រប​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន សកម្មភាព​ធុរកិច្ច​សមស្រប​នឹង​ប្រយោជន៍​សាធារណៈ និង​ធានា​និរន្តរភាព​ប្រតិបត្តិការ ព្រមទាំង​ត្រូវ​បង្កើត​ក្រុម​ការងារ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើក​ដំបូង ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ការ​បំពេញ​កាតព្វកិច្ច​តាម​ច្បាប់ (Due Diligence) របស់​ក្រុមហ៊ុន។

- ការ​ពិនិត្យ​លទ្ធភាព​អាច​ចុះ​បញ្ជី​លក់​មូលបត្រ​៖ ក្រុមហ៊ុន​ត្រូវ​គោរព​តាម​លក្ខខណ្ឌ និង​រៀបចំ​ឯកសារ ស្រប​តាម​វិធាន​ចុះបញ្ជី​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (ផមក) ដើម្បី​ស្នើសុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះ​បញ្ជី​លក់​មូលបត្រ​ពី ផមក។

ការ​ដាក់​ពាក្យ​ស្នើសុំ​បោះ​​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើក​ដំបូង​៖ ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឯកសារ​ដាក់​ពាក្យ​ស្នើសុំ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើក​ដំបូង​ទៅ ន.ម.ក.។ ន.ម.ក​. នឹង​ធ្វើ​ការ​វាយតម្លៃ​លើ​ពាក្យ​ស្នើសុំ និង​ឯកសារ​ពាក់ព័ន្ធ​ដទៃ​ទៀត ជាពិសេស​​ គឺ​ឯកសារ​ផ្តល់ព័ត៌មាន​មុន​នឹង​ផ្តល់​ការ​អនុញ្ញាត​ដល់​ក្រុមហ៊ុន​។ បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត និង​ចុះបញ្ជី​ពី ន.ម.ក​. គឺ​ក្រុមហ៊ុន​អាច​ចាប់​ផ្តើម​ដំណើរការ​ធ្វើ​បរិវិសកម្ម​មូលបត្រ បន្ទាប់​ពី​បញ្ចប់​ការ​ធ្វើ​បរិវិសកម្ម​មូលបត្រ ក្រុមហ៊ុន​ត្រូវ​រៀបចំ និង​ដាក់​ជូន​របាយការណ៍​លទ្ធផល​នៃ​ការ​ធ្វើ​បរិវិសកម្ម​មូលបត្រ​ជូន ន​.ម.ក.។

ការ​ចុះ​បញ្ជី​លក់​មូលបត្រ​ជា​ផ្លូវការ​នៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រកម្ពុជា​៖ ក្រុមហ៊ុន​ត្រូវ​បំពេញ​បែបបទ​នៅ ផមក ដើម្បី​ចុះ​បញ្ជី​ជួញដូរ​មូលបត្រ​ជា​ផ្លូវការ ដោយ​អនុលោម​តាម​បទប្បញ្ញត្តិ​ជា​ធរមាន។

ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​នៅ ផមក នាពេល​បច្ចុប្បន្ន៖

វិស័យ​មូលបត្រ​នៅ​ប្រទេស​កម្ពុជា​ បាន និង​កំពុង​បន្ត​ដំណើរការ​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ​ជា​លំដាប់​ចាប់​តាំង​ពី​ការ​កកើត​ដំបូង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដែល​គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​ ២០២២ នេះ ក្រុមហ៊ុន​ចំនួន ៩ បាន​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​នៅ​ផមក ​ដូច​ដែល​មាន​បង្ហាញ​នៅ​ក្នុង​តារាង៕

ក្រុមហ៊ុន ចំនួន ៩ បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​នៅ ផ​មក ។

រៀបចំ​ដោយ​៖ ​​និយតករ​មូលបត្រ​កម្ពុជា នាយកដ្ឋាន​គ្រប់គ្រង​ការ​បោះ​ផ្សាយ​​លក់​មូលបត្រ

អ៊ីមែល​៖ issuance@serc.gov.kh

ទូរស័ព្ទ៖ ០២៣ ៨៨៥ ៦១១