
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «ការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី» កាលពីថ្ងៃទី ២៧ ខែមិថុនា ដែលរៀបចំដោយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាកំពុងបន្តពង្រឹងការអនុវត្ត យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្តាប្រទេសមេគង្គ ខណៈការអនុវត្តយុទ្ធសាស្ត្រនេះជាង ១ ឆ្នាំបានទទួលលទ្ធផលគួរឱ្យកត់សម្គាល់។
នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «ការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី» កាលពីថ្ងៃទី ២៧ ខែមិថុនា ដែលរៀបចំដោយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លោក ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការទូតសេដ្ឋកិច្ច ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា ក្នុងអំឡុងពេលជាង ១ ឆ្នាំនៃការដាក់ចេញនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១-២០២៣ ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច សម្រេចបានសមិទ្ធផលសំខាន់ៗ ដូចជា ការចងក្រង និងបោះពុម្ពផ្សាយសៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរដែលបានទទួលពានរង្វាន់ជា «សៀវភៅម្ហូបអាស៊ីល្អដាច់គេ» ២ ឆ្នាំជាប់គ្នា ក្នុងឆ្នាំ ២០២១ និង ២០២២ ពីកម្មវិធី Gourmand World Cookbook Awards, ការអភិវឌ្ឍសមត្ថភាពអ្នកការទូត និងមន្ត្រីពាក់ព័ន្ធក្នុងការអនុវត្តការងារការទូតសេដ្ឋកិច្ច, ការរៀបចំវេទិកាធុរកិច្ចជាមួយប្រទេសជាដៃគូសំខាន់ៗជាដើម។
លោកបញ្ជាក់ថា៖ «ក្រុមការងារក៏បានរៀបចំផ្ទាំងព័ត៌មានស្តីពីសេដ្ឋកិច្ចសង្គម វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍, ការជំរុញការផ្សព្វផ្សាយផលិតផលខ្មែរនៅបរទេសតាមរយៈការយកផលិតផលខ្មែរទៅចូលរួមតាំងពិព័រណ៍នានានៅបរទេស និងបង្កើតក្រុមការងារអន្តរក្រសួង និងវិស័យឯកជន ដើម្បីសម្របសម្រួលការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច»។
លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា ការអនុវត្តគោលនយោបាយ ការទូតសេដ្ឋកិច្ចប្រកបដោយភាពបត់បែន និងប៉ិនប្រសប់បានប្រែក្លាយជាការងារអាទិភាពមួយនៃការងារអាទិភាពទាំង ៥ នៃការដ្ឋានកំណែទម្រង់ដែលត្រូវបានទទួលការគាំទ្រពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបានបញ្ជាក់ថា៖ «ក្របខ័ណ្ឌយុទ្ធសាស្ត្រនេះបានដើរតួនាទីចម្បងចំនួន ២ គឺជាអ្នកសម្របសម្រួល និងជំរុញយន្តការដែលមានស្រាប់ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជំរុញឱ្យមានកំណើនពាណិជ្ជកម្មទ្វេភាគី និងពហុភាគី និងទាក់ទាញភ្ញៀវទេសចរតាមរយៈការលើកកម្ពស់តម្លៃវប្បធម៌ខ្មែរនៅក្រៅប្រទេស និងជាអ្នកអភិវឌ្ឍន៍ធនធានអ្នកការទូតជំនាន់ថ្មីប្រកបដោយវិជ្ជាជីវៈសមត្ថភាពខ្ពស់សកម្មក្នុងការការពារ និងលើកស្ទួយផលប្រយោជន៍ជាតិគ្រប់វិស័យ»។
លោក សុខ សូកេន អនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជាទទួលបន្ទុកសហប្រតិបត្តិការមេគង្គ-ឡានឆាងបានថ្លែងថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលកិច្ចសហប្រតិបត្តិការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១-២០២៣។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន ឱ្យដឹងថា គម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្នុងការកសាងសមត្ថភាពការទូតសេដ្ឋកិច្ចនៅក្នុងយុគសម័យ ក្រោយជំងឺកូវីដ ១៩ គឺជាឱកាសដ៏មានតម្លៃក្នុងការផ្តល់ជូនសម្រាប់ការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ ឱ្យកាន់តែប្រសើរ សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញឱ្យកាន់តែល្អ និងកាន់តែឆាប់រហ័ស។
លោកបន្ថែមថា ចាប់តាំងពីដើមឆ្នាំ ២០២២ មកលទ្ធផលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានលក្ខណៈលេចធ្លោ ដោយពាណិជ្ជកម្មទ្វេភាគីរយៈពេល ៥ ខែដំបូងមាន ៤,៩៩ ពាន់លានដុល្លារ។
លោកបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការល្អនេះ បានឆ្លុះបញ្ចាំងពីភាពធន់ដ៏រឹងមាំ និងការបំពេញឱ្យគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានក្លាយជាផ្នែកដ៏សំខាន់ និងជាប្រភពកម្លាំងរស់រវើកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់»។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា មន្ត្រីការទូតគួរខិតខំចូលរួមផ្សព្វផ្សាយអំពីច្បាប់ ច្បាប់វិនិយោគថ្មី ពិសេសវិនិយោគិនបរទេសឱ្យបានកាន់តែទូលំទូលាយ។ លោកបានបន្ថែមថា ផ្អែកលើយន្តការដែលបានបង្កើតឡើងដោយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច គួរបន្តសម្របសម្រួល ផ្គូផ្គង និងតភ្ជាប់វិនិយោគិនក្នុងស្រុក និងបរទេស តាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោកបញ្ជាក់ថា៖ «ជាក់ស្តែងនៅតាមស្ថានតំណាងកម្ពុជានៅបរទេសនីមួយៗ យើងគួរបង្កើត និងពង្រឹងការប្រឹក្សាយោបល់ និងការផ្លាស់ប្តូរទំនាក់ទំនងវិនិយោគិន ដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។ យើងនឹងបន្តជំរុញឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលខ្មែរនៅបរទេស និងវេទិកាធុរកិច្ចរវាងពាណិជ្ជករក្នុងស្រុក និងក្រៅប្រទេសឱ្យកាន់តែញឹកញាប់ជាងមុន»៕