ភ្នំពេញៈ Meiji ជា​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​ឈានមុខ​គេ​មួយ​របស់​ប្រទេស​ជប៉ុន​បាននិង​កំពុង​ពង្រីក​ការលក់​នៅ​កម្ពុជា ​ដើម្បី​ចាប់យក​កំណើន​តម្រូវការ​ម្សៅ​ទឹកដោះគោ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ ក្រុមហ៊ុន​ដាក់​ផែនការ​លក់​ឱ្យបាន ១០ ​ពាន់​លាន​យ៉េន ឬ​ជាង ៧៤​ លាន​ដុល្លារ​នៅ​កម្ពុជា​ត្រឹម​ឆ្នាំ​ ២០៣០​។

បើ​យោងតាម​ព័ត៌មាន​របស់ Nikkie Asia បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា ក្រុមហ៊ុន Meiji បាន​ដឹកជញ្ជូន​ផលិតផល​ដែល​បាន​វេច​ខ្ចប់​មាន​ប្រភព​ដើមពី​ជប៉ុន​ ដោយ​ផ្ទាល់​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​ខែ​នេះ ដែល​បន្ថែម​ស្លាក​ជា​ភាសា​ខ្មែរ ព្រមទាំង​រួមបញ្ចូល​ព័ត៌មាន​សំខាន់ៗ​ដូចជា ការណែនាំ និង​កាលបរិច្ឆេទ​ផុតកំណត់​។ ផលិតផល​ផលិតឡើង​សម្រាប់​កុមារ​រហូតដល់​អាយុ​ ៣​ ឆ្នាំ​នឹងមាន​តម្លៃ​ចាប់ពី​ ២៥-២៨ ​ដុល្លារ ​សម្រាប់​ប្រអប់​ចំណុះ ៨០០ ​ក្រាម​ដែលជា​តម្លៃ​ខ្ពស់​មួយ​សម្រាប់​កម្ពុជា​។


ក្រុមហ៊ុន​នេះ​ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​លើកឡើង​ថា​៖ «​ក្រុមហ៊ុន​កំពុង​ចាប់ផ្តើម​ដំណើរការ​ហាង​លក់​ផលិតផល​ទារក​ក្នុង​ទីក្រុង​ភ្នំពេញ​។ ក្រុមហ៊ុន Meiji នឹងត្រូវ​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន Nestle ក្រុមហ៊ុន Danone របស់​ប្រទេស​បារាំង និង​ក្រុមហ៊ុន Abbott Laboratories ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក ដែល​ក្រុមហ៊ុន​ទាំងអស់​នេះ​ផ្តល់​ជូន​នូវ​ផលិតផល​ប្រកួត​ប្រជែង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងតម្លៃ​ដូចគ្នា​។ Asahi Group Holdings ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ឈានមុខ​គេ​របស់​ជប៉ុន ក៏បាន​បង្ហាញ​ម្សៅ​ទឹកដោះគោ​យីហោ​ទារក Wakodo នៅលើ​ទីផ្សារ​នេះ​ផងដែរ​»​។


ក្រុមហ៊ុន​បាន​បន្ថែមថា​៖ «​ក្រុមហ៊ុន Meiji រំពឹងថា ទីផ្សារ​ផលិតផល​ម្សៅ​ទឹកដោះគោ​ទារក​របស់​កម្ពុជា​នឹងមាន​តម្លៃ​ប្រហែល ១០ ​ពាន់​លាន​យ៉េន​ត្រឹម​ឆ្នាំ​ ២០៣០​។ ក្រុមហ៊ុន​សង្ឃឹមថា​នឹង​ចាប់យក​ចំណែក​ទីផ្សារ​ប្រហែល ១០ ​ភាគរយ​»​។


ការរៀបចំ​ការនាំចេញ​គឺជា​លើកដំបូង​សម្រាប់​ក្រុមហ៊ុន Meiji​។ ផលិតផល​ម្សៅ​ទឹកដោះគោ​ទារក​មាន​លក់​នៅ​កោះ​តៃវ៉ាន់ ទីក្រុង​ហុងកុង ប្រទេស​វៀតណាម និង​ទីកន្លែង​ជាច្រើន​ផ្សេងទៀត ប៉ុន្តែ​ផលិតផល​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ខុសៗ​គ្នា ដើម្បី​បំពេញ​តាម​ស្តង់ដា​នៃ​ទីផ្សារ​នីមួយៗ​។ ផលិតផល​ជប៉ុន​ត្រូវបាន​បង្កើតឡើង​ ដើម្បី​បំពេញ​តាម​ស្តង់ដា​របស់​ប្រទេស​កម្ពុជា ដែល​អនុញ្ញាត​ឱ្យ​ផលិតផល​ទាំងនេះ​ដាក់លក់​ដោយផ្ទាល់​នៅ​ទីនោះ​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន FA​។


ផែនការ​ពង្រីក​របស់​ក្រុមហ៊ុន Meiji បាន​ធ្វើឡើង​បន្ទាប់ពី Nestle ក៏​គ្រោង​នឹង​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​នាពេល​ខាងមុខ ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​នៃ​ផលិតផល​ទឹកដោះគោ​ក្នុងស្រុក​។


អគ្គនាយក​ក្រុមហ៊ុន Khmer Fresh Milk លោក ឆ រិទ្ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ននេះ​ការផ្គត់ផ្គង់​ទឹកដោះគោ​ស្រស់​ពី​កសិដ្ឋាន​ក្នុងស្រុក​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​នោះទេ​។ លោក​បន្ថែមថា ក្រុមហ៊ុន​Khmer Fresh Milk Co Ltd អាចបំពេញ​តម្រូវការ​ទីផ្សារ​បាន​ប្រហែល​ ១/៥ ​នៃ​តម្រូវការ​ទីផ្សារ​។ បច្ចុប្បន្ន​កសិដ្ឋាន​របស់​លោក​អាច​ផលិត​បានតែ ១០ ០០០ ​លីត្រ​ក្នុង ១ ​ថ្ងៃ ដែល​ស្មើនឹង​ប្រហែល ២០ ​ភាគរយ​នៃ​ទីផ្សារ​ទឹកដោះគោ​ស្រស់​ក្នុងស្រុក​។

យោងតាម​លោក រិទ្ធី ការផលិត​ទឹកដោះគោ​ស្រស់​របស់ Khmer Fresh Milk កំពុង​កើនឡើង​ជា​រៀងរាល់ថ្ងៃ គឺ​កើន​ពី ២ ០០០ ​លីត្រ​នៅពេល​បើក​លក់​ដំបូង ដល់ ១០ ០០០​ លីត្រ​ក្នុង ​១ ​ថ្ងៃ ខណៈ​ចំនួន​គោ​សរុប​ក្នុង​កសិដ្ឋាន​បាន​កើន​ដល់​ជិត ១ ០០០​ ក្បាល​៕