​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុ​ជា ​(NBC)​ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ KHQR ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការ​ទូ​ទាត់​ឆ្លង​គ្រឹះស្ថាន​ធនាគារ និង​លើកទឹកចិត្ត​ធុរជន និង​អ្នក​ប្រើ​​ប្រាស់​ទាញ​ប្រយោជន៍​ឱ្យអស់​លទ្ធភាព​ពី​ការប្រើប្រាស់​សមិទ្ធ​ផល​មួយ​នេះ ​ដើម្បី​ជំរុញ​ន​វា​នុ​​វត្ត​ន៍​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ខេ​អេ​ច​យ្យូ​អរ ​(KHQR) កាលពី​ថ្ងៃទី​ ៤ ខែ កក្កដា ឆ្នាំ ​២០២២ លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​និយាយថា ការទូទាត់​តាម QR Code ជា​មធ្យោបាយ​ទូទាត់​ថ្មី​មួយ​ដែល​ទើប​លេចឡើង​នៅលើ​ទីផ្សារ ប៉ុន្តែ​សេវា​នេះ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស និង​ទទួលបាន​ការពេញនិយម​គួរឱ្យកត់សម្គាល់ ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ​ដែល​អាច​សម្រប​ខ្លួន​ទទួលយក​បច្ចេកវិទ្យា​ថ្មីៗ ព្រោះ​ការ​ទូទាត់​តាម QR Code មាន​ភាពងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព ជា​​ពិសេស​នៅក្នុង​បរិបទ​នៃ​ការ​​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩​។


​លោកស្រី​បាន​បន្ថែមថា ការ​​ទូទាត់​តាម QR Code នេះ​ក៏​រួមចំណែក​ក្នុងការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ស្របតាម​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ឆ្នាំ ​២០១៩-២០២៥ និង​តម្រង់ទិស​ឆ្ពោះទៅកាន់​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​របស់​រាជ​រដ្ឋា​ភិ​បាល ២០២១-២០៣៥​។​

​យ៉ាងណាមិញ ទោះបី​ជាការ​​ទូទាត់​តាម QR Code បានរួម​​ចំណែក​គាំទ្រ និង​ផ្តល់​ភាព​ងាយ​​ស្រួល​យ៉ាងច្រើន​នៅក្នុង​ការធ្វើ​ប្រតិបត្តិ​ការទូទាត់​ឌីជីថល ក៏​នៅមាន​បញ្ហា​ប្រឈម​ជា​សារវន្ត​មួយចំនួន​ទាមទារ​ឱ្យមាន​ការ​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង និង​ដោះស្រាយ​បន្ថែមទៀត​។​


​លោកស្រី​បញ្ជាក់ថា​៖ «​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កាលពី​ថ្ងៃទី ​២៦ ខែ មិថុនា ឆ្នាំ ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា​សហការ​ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​បានរៀបចំ និង​ដាក់ឱ្យ​ប្រើប្រាស់​ប្រកាស​ស្តីពី ការដាក់​ឱ្យប្រើ​​ប្រាស់​គំរូ​ប​វិ​ច្ឆិ​ន​ភាព​បច្ចេកទេស​ខេ​អេ​ច​ឃ្យូ​អ​កូត (KHQR Code)​ ដើម្បី​ផ្តល់​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​រៀបចំ​ខេ​អេ​ច​ឃ្យូ​អ​កូត​សម្រាប់​ការទូទាត់​នៅក្នុង​ប្រទេស​ឱ្យមាន​សណ្តាប់ធ្នាប់ សុវត្ថិភាព និង​រួមចំណែក​លើក​​កម្ពស់​អន្តរ​ប្រតិបត្តិការ​នៃ​ការ​ទូទាត់​តាម​យ្យូ​អ​កូត​ឆ្លង​គ្រឹះ​​ស្ថាន​សម្រាប់​អតិថិជន ព្រមទាំង​ផ្តល់​លទ្ធភាព សម្រាប់​ប្រទេស​​កម្ពុជា ​ក្នុង​ការធ្វើ​សមា​ហរ​ណ​​កម្ម​ការទូទាត់​ក្នុង​តំបន់​»​។​

​លោក សុខ វឿន សមាជិក​ក្រុមប្រឹក្សាភិបាលនៃ​សមាគម​​ធនាគារ​នៅ​កម្ពុជា និង​ប្រធាន​​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យដឹងថា ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ KHQR គឺ​ពិតជា​បាន​ចូលរួមចំណែក​សំខាន់​ក្នុងការ​អភិវឌ្ឍ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនើប​​កម្ម​នៃ​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការទូទាត់​។​

​លោក​បន្ថែមថា យោងតាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ចំនួន ៣៧ ដែលជា​សមាជិកបាគង បាន​ចូលរួម​អភិវឌ្ឍ​មុខងារ KHQR ដោយ​ក្នុងនោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចំនួន ២៩ បាន​បំពេញ​មុខងារ​ដោយ​ជោគជ័យ​ជាមួយ KHQR និង​បានដាក់​ឱ្យប្រើ​ប្រាស់ និង​ទូទាត់​ទំនិញ​ជាមួយ​ដៃគូ​ពាណិជ្ជករ​នៅ​ទូទាំងប្រទេស​។​

​លោក​បញ្ជាក់ថា​៖ «​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ យើង​សង្កេតឃើញ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​នូវ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ជាពិសេស​តាមរយៈ​ប្រព័ន្ធ​បាគង​។ ដើម្បី​បន្ត​ចូលរួមចំណែក​អភិវឌ្ឍ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា ជា​​ពិសេស​ដើម្បី​ផ្តល់​ភាព​ងាយ​​ស្រួល​ដល់​ការទូទាត់​ដល់​សា​​ធារ​ណ​ជន ខ្ញុំ​សូម​លើកទឹកចិត្ត​ទៅដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​មិនទាន់បាន​ចូលរួម​អភិវឌ្ឍ​មុខងារ KHQR សូម​ឱ្យធ្វើ​សមាហរណកម្ម​ប្រព័ន្ធ QR របស់ខ្លួន​ជាមួយនឹង​ប្រព័ន្ធ KHQR ផងដែរ​»​។​

​គិត​ចាប់​ពីថ្ងៃ​ចេញប្រកាស​មកដល់ពេលនេះ​មាន​គ្រឹះស្ថាន​​ធនាគារ និង​ហិរញ្ញវត្ថុ​ចំនួន ៣៧ បាន​ចូលរួម​អភិវឌ្ឍ​មុខងារ KHQR ក្នុងនោះ ២៩ គ្រឹះស្ថាន បានដាក់​ឱ្យ​ដំណើរការ​សាក​​ល្បង​ប្រកបដោយ​ជោគជ័យ នៅតាម​ហាង​លក់ទំនិញ​របស់​ពាណិជ្ជករ​ប្រមាណ ២៣០ ០០០​ទីតាំង​៕