​ភ្នំពេញៈ អគ្គលេខាធិការ​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បាន​ធានា​ដល់​សហគមន៍​ធុ​រ​កិច្ច​ម៉ាឡេស៊ី​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រព្រឹត្ត​ដោយ​ស្មើភាព​រវាង​វិនិយោគិន​ក្នុងស្រុក និង​បរទេស ខណៈ​ច្បាប់​វិនិយោគ​ថ្មី​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​យ៉ាងច្រើន​។​

​ថ្លែង​ទៅកាន់​ក្រុមហ៊ុន​ជាច្រើន​របស់​ប្រទេស​ម៉ាឡេស៊ី​ នៅក្រៅ​ជំនួប​មួយ​ក្នុង​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់ ដែល​រៀបចំឡើង​ដោយ​សមាគម​ផ្គត់ផ្គង់​ការ​លក់រាយ​ម៉ាឡេស៊ី (MRCA) និង​សា​​ជីវ​កម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​ម៉ាឡេស៊ី​(SME Malaysia) កាលពី​ថ្ងៃទី ​៥ ខែ មិថុនា លោក សុខ ចិន្តា​សោភា ដែលជា​រដ្ឋមន្ត្រី​អម​នាយក​រដ្ឋ​មន្ត្រី​ផងដែរ​នោះ បានឱ្យដឹងថា មាន​កត្តា​មួយចំនួន​ដែល​រដ្ឋា​ភិ​​បាល​កម្ពុជា​កំពុងតែ​ធ្វើ​ប្រកប​​ដោយ​ភាពជោគជ័យ​ក្នុងការ​​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាល​​ដាល​ជំងឺ​កូ​វីដ ​១៩ និង​បានផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​អាច​បើក​ដំណើរការ​សង្គម សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ពេញលេញ​ឡើងវិញ​ ចាប់តាំងពី​ថ្ងៃទី ​១ ខែ វិច្ឆិកា ឆ្នាំ ​២០២១​។​


​លោក​ថ្លែងថា​៖ «​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងនាម​ស្ថាប័ន​ជំរុញ​វិនិយោគ ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការផ្តល់សេវា​ថែទាំ និង​សម្រួល​ដល់​វិនិយោគិន​ម៉ា​​ឡេ​ស៊ី និង​វិនិយោគិន​គ្រប់​ជាតិ​សាសន៍ ហើយ​ច្បាប់​ស្តីពី​វិ​និ​យោគ​ថ្មី​ដែល​ចូល​ជា​ធរមាន​នា​ចុងឆ្នាំ ​២០២១ ទៀតសោត ក៏​ជា​ក្របខ័ណ្ឌ​គតិយុត្ត​មួយ​ដ៏​រឹង​​មាំ​ដែល​បានផ្តល់​ការលើក​ទឹក​​ចិត្តជា​ច្រើន​ដល់​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​»​។​


​ព្រឹត្តិការណ៍​នេះ​ដឹកនាំ​ដោយ​លោក Sharan Valiram ប្រធាន​សមាគម MRCA និង​លោក Dato Sri Ricky Yaw អនុប្រធាន​សាជីវកម្ម SME Malaysia និង​ក្រុមហ៊ុន​ឈាន​​មុខ​គេ​របស់​ប្រទេស​ម៉ាឡេស៊ី​ចំនួន​ ១៥ ផ្សេងទៀត​។​


​តំណាង MRAC និង SME Malaysia បានកត់សម្គាល់​ពី​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​គ្រប់​វិស័យ​ក្នុងប្រទេស​កម្ពុ​ជា នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ពួកគេ​ក៏​ពេញ​ចិត្តនឹង​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ របស់​រដ្ឋាភិបាល ដែលជា​គន្លឹះ​ក្នុងការ​បង្កើន​ការ​​វិនិយោគ និង​ទំនុកចិត្ត​ធុរកិច្ច​ឡើងវិញ​។​


​អ្នកតំណាង​សមាគម​ទាំង​ ២ ​នេះ បាន​និយាយថា​៖ «​ជាមួយ​សញ្ញា​វិជ្ជមាន​សម្រាប់​ឱកាស​វិនិយោគ មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​ជាច្រើន​គ្រោង​នឹង​ពង្រីក​អាជីវ​​កម្ម​ពួកគេ​មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​»​។ ដោយមាន​ការ​​គាំទ្រ​ពី​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា MRCA នឹង​រៀបចំ​បេសកកម្ម​ពាណិជ្ជកម្ម​រយៈពេល ៤ ​ថ្ងៃ ​ចន្លោះ​ពីថ្ងៃ​ទី ​៣១ ខែសីហា ដល់​ថ្ងៃទី ​៣ ខែកញ្ញា ​នៅ​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដើម្បី​ផ្ដល់​ឱ្យនូវ​ឱកាស​សន្ទនា​រវាង​ក្រុមហ៊ុន​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​កម្ពុជា និង​អនុញ្ញាតឱ្យ​ពួកគេ​ស្វែងរក​ឱកាស​ភាពជា​ដៃគូ​»​។​


​កាលពីដើម​ខែឧសភា តំណាង​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៥២​ រូប​ មកពី​ក្រុមហ៊ុន​ចំនួន ៣៦ ​ក្នុង «​បេសកកម្ម​ពាណិជ្ជកម្ម SME Malaysia មកកាន់​កម្ពុជា​» កំពុង​ស្វែងរក​ការវិនិយោគ និង​សក្តានុពល​ធុរកិច្ច នៅក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

​ទិន្នន័យ​ក្រសួងពាណិជ្ជកម្មបង្ហាញថា ក្នុង​ឆ្នាំ ​២០២១ ការ​​នាំចេញ​របស់​កម្ពុជា​ទៅ​ម៉ា​ឡេ​​ស៊ី មានតម្លៃ​ជាង ១០១​ លាន​ដុល្លារ កើន ២,៦២​ ភាគរយ​ បើ​ធៀប​ឆ្នាំ ​២០២០ ហើយ​ការនាំ​​ចូល​មានតម្លៃ ៣៩៩ ​លាន​ដុ​ល្លារ កើន ១៦,១៦​ ភាគរយ​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​រាយការណ៍​ថា ម៉ាឡេស៊ី​បាន​វិនិយោគ​ជាង ៣,១៥​ ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​គិត​ត្រឹម​ចុងឆ្នាំ ​២០២១៕