ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) ​កំពុងធ្វើការ​ជាមួយ​អា​​ជ្ញា​ធរ​ថៃ ដើម្បី​លើកកម្ពស់​ការ​​ប្រើប្រាស់​នូវ​កម្មវិធី​ទូទាត់​សាច់​ប្រាក់ KHQR ឱ្យ​កាន់តែ​ទូលំ​​ទូលាយ​រវាង​ប្រទេសជិតខាង​អាស៊ាន​ទាំង ​២ ជាពិសេស​ការ​អនុញ្ញាតឱ្យ​ទេសចរ​ថៃ​អាចធ្វើ​ការទូទាត់​នៅ​កម្ពុជា​បាន​។​

​លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស NBC បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​១៧ ខែកក្កដា​ថា ចាប់តាំងពី​ការទូទាត់​តាម QR ត្រូវបាន​ដាក់ឱ្យ​ដំណើរ​​ការ​តាំងពី​ខែកុម្ភៈ ឆ្នាំ ​២០២០ ​ដោយ​ធនាគារកណ្តាល​នៃ​ប្រ​ទេស​ទាំង​ ២ ​ការទូទាត់​តាម QR ក៏​ចាប់ផ្តើម​មានដំណើរ​ការ​ទៅ​សន្សឹមៗ​។ ប៉ុន្តែ​ចាប់ពី​ពេល​​នោះមក ព្រំដែន​ត្រូវបាន​បិទ​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ដូច្នេះ​ប្រតិបត្តិការ​មិនមាន ឬ​មាន​តិចតួច​បំផុត​។​


​លោកស្រី​បន្តថា បច្ចុប្បន្ននេះ​ប្រតិបត្តិការ​អាចធ្វើ​បានតែ​រវាង​អតិថិជន​ធនាគារ​អេស៊ីលីដា និង​អតិថិជន​របស់​ធនាគា​រ​ថៃ SCB ប៉ុណ្ណោះ ដោយ​វា​មិនទាន់​ដំណើរការ​ជាស​កល​នោះទេ​។

​លោកស្រី​ថ្លែងថា​៖ «​បច្ចុប្បន្ន​យើង​កំពុង​ពិភាក្សា​ដើម្បី​អនុ​​ញ្ញាត​ឱ្យ​អ្នក​ប្រើ KHQR ទាំង​​អស់​អាច​ប្រើ​​កម្មវិធី​លើ​ទូរស័ព្ទ​ចល័ត​របស់​អតិថិជន​ដើម្បី​ទូទាត់​ប្រាក់​ជាមួយ​ពា​ណិ​​ជ្ជ​ករ​របស់​ធនាគារ SCB បាន​កាន់តែ​ទូលំទូលាយ​»​។​


​លោកស្រី​អះអាងថា​៖ «​នៅ​ប្រទេស​ថៃ មិនមែន​ពាណិជ្ជករ​ទាំងអស់​អាច​ទទួលយក KHQR ទេ គឺមាន​តែ​អាជីវករ​ដែលជា​អតិថិជន​របស់​ធនាគា​រ SCB ប៉ុណ្ណោះ​ដែល​អាច​ទទួល​ការ​​ទូទាត់​បាន​។ យើង​សង្ឃឹមថា ជាមួយនឹង​ការអនុម័ត​ស្តង់ដា QR របស់​ប្រទេស​ថៃ យើង​នឹង​អាចឱ្យ​អ្នកប្រើប្រាស់ KHQR របស់​យើង​អាច​ទូទាត់​ប្រាក់​ដោយផ្ទាល់​ជាមួយ​ពាណិជ្ជករ​​ថៃ​តាម Thai-QR ទាំងអស់​អាច​ទូទាត់​បាន​»​។​

​លោកស្រី​បន្តថា មកដល់ពេលនេះ​ប្រតិបត្តិការ​អាចធ្វើ​បាន​ទៅ​ក្រៅប្រទេស​តែប៉ុណ្ណោះ​។ មានន័យថា ប្រជាជន​កម្ពុជា​អាច​បង់ប្រាក់​នៅ​ប្រទេស​ថៃ​បាន​។ ប៉ុន្តែ​ភ្ញៀវទេសចរ​ថៃ​មិនទាន់​អាច​បង់ប្រាក់​នៅ​កម្ពុជា​បានទេ​។ បច្ចុប្បន្ន​សេវាកម្ម​នេះ​នៅក្នុង​ប្រទេស​កំពុង​ដំណើរ​​ការរៀបចំ​។​

​លោកស្រី​បន្ថែមថា​៖ «​សំខាន់​ជាងនេះទៅទៀត​យើង​ចង់​លើក​​ទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​ប្រាក់រៀល​។ ដូច្នេះ លុះត្រាតែ​អ្នកប្រើប្រាស់​មាន​គណនី​ប្រាក់​​រៀល ទើប​ពួកគេ​អាច​ប្រើ​វិធី​ការ​​ទូទាត់​ឆ្លង​ព្រំដែន​នេះ​បាន​។ ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​អ្នក​រាល់គ្នា​បើក​គណនី​ប្រាក់រៀល​ បើ​ពួក​​គេ​ចង់​ទទួលបាន​អត្ថប្រយោជន៍​ពីបទ​ពិសោធ​នេះ​។ អ្នក​ប្រើ​​ប្រាស់​ដែល​មិនមែនជា​ប្រាក់​-​រៀល​អាច​នឹង​ត្អូញត្អែរ និង​យល់ថា វា​មិនមាន​ងាយស្រួល​នោះទេ ប៉ុន្តែ​នេះ​ជា​ចេតនា​ពិតប្រាកដ គឺ​ផ្តល់​ការលើកទឹកចិត្ត និង​ភាពងាយស្រួល​បន្ថែមទៀត​ដល់​អ្នកប្រើប្រាស់​ប្រាក់រៀល​»​។​

​លោកស្រី សូរ ផន​ណា​រី អនុ​​ប្រធាន​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ របស់​ធនាគារ​អេស៊ីលីដា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា លោកស្រី​បាន​កត់សម្គាល់ឃើញ​ពី​ការ​​កើនឡើង​នៃ​ប្រតិបត្តិការ​ឌីជីថល​របស់​ធនាគារ​លោកស្រី​។ ជាក់​​ស្តែង​កាលពី​ត្រីមាស​ទី​១ ប្រតិ​​ប​ត្តិ​ការ​ធនាគារ​ឌីជីថល​របស់​ធនាគារ​អេស៊ីលីដា បាន​កើន​​ឡើង ៣១,៤​ លាន​ប្រតិបត្តិការស្មើ ៤២ ​ភាគរយ ហើយ​ចំនួន​ប្រតិបត្តិការ​បាន​កើនឡើង​ដល់ ១៤,៣៤២ ​ពាន់​លាន ស្មើនឹង ៩៤​ ភាគរយ ​បើ​ធៀប​រយៈពេល​ពេញ​មួយឆ្នាំ ​២០២១​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ការ​ទូ​ទាត់​តាម​ប្រព័ន្ធ​ឌីជីថល​របស់​ធនាគារ​អេស៊ីលីដា​បាន​ជំរុញឱ្យមាន​កំណើន​ប្រតិបត្តិការ​ទាំងនេះ សេវា​ធនាគារ​ឌីជីថល​អាចឱ្យ​ផ្តល់​សេវា​របស់​ធនាគារ​​អេស៊ីលីដា​ទៅដល់​អតិថិជន​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក តាមរយៈ​បណ្តាញ​ឌីជីថល​»​។​

​លោកស្រី​បន្តថា​៖ «​បណ្តាញ​ឌីជីថល​របស់​ធនាគារ​អេ​ស៊ី​លី​​ដា រួមចំណែក​ដល់​សេដ្ឋកិច្ច​ឌីជីថល និង​យុទ្ធសាស្ត្រ​សម្រាប់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​។​

​លោកស្រី​បន្ថែមថា គិត​ត្រឹម​ថ្ងៃទី ​៣១ ខែ ឧសភា ឆ្នាំ ​២០២២ មាន​អ្នកប្រើប្រាស់​ប្រមាណ ២,៤​ លាន​នាក់ ​បាន​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​របស់​ធនាគារ​អេស៊ីលីដា​។​

​លោកស្រី​និយាយថា​៖ «​ក្រៅពី​កម្មវិធី​ទូរស័ព្ទ​ចល័ត និង​ផលិត​​ផល​ឌីជីថល ធនាគារ​អេស៊ីលីដា គ្រោង​នឹង​ពង្រីក​សេវា​ធនាគារ​ដោយ​ខ្លួនឯង ​(SSB) បន្ថែមទៀត និង​បន្ត​កែលម្អ​កា​រិ​យា​ល័យ​សាខា​ដែលមាន​ស្រាប់​របស់ខ្លួន​ឱ្យក្លាយ​ជាកា​រិ​យា​​ល័យ​ឌីជីថល​ពេញលេញ និង​បរិ​យា​ប័ន្ន​»​។​

​កាលពី​ខែកុម្ភៈ ឆ្នាំ ​២០១៩ ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចុះ​​ហត្ថលេខា​លើ​អនុស្សរណៈ​​យោគយល់​គ្នា​ជាមួយ​ធនាគារ​​កណ្តាល​ថៃ​ស្តីពី «​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​លើ​ប្រព័ន្ធ​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់​» ​សំ​​ដៅ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​សេវា​ទូទាត់ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព សុវត្ថិភាព​នៃ​ប្រតិ​​ប​ត្តិ​ការទូទាត់​ឆ្លង​ប្រទេស និង​ការប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​។ លុះដល់​ខែមិថុនា ឆ្នាំ​ ២០១៩ NBC បានជ្រើសរើស​ធនាគារ​ ៣ ដើម្បី​អនុវត្ត​ប្រព័ន្ធ​ទូទាត់​តាម QR កម្ពុជា និង​ថៃ ដែល​រួមមាន​ធនាគារ​អេស៊ីលីដា ធនាគារ​​ពាណិជ្ជកម្ម​បរទេស អេ​ហ្វ​ធី​ប៊ី ​(FTB) និង​ធនាគារពាណិជ្ជ​​កម្ពុជា អិ​ល​ធី​ឌី​៕