ភ្នំពេញៈ ស្របពេលអាមេរិកផ្តល់ការអនុគ្រោះពន្ធនាំចូលបន្ទះសូឡា (Solar Cells និង Modules) ពីប្រទេសចំនួន ៤ នៅអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជារំហូរវិនិយោគជាច្រើនលើការបង្កើតរោងចក្រផលិតបន្ទះសូឡាត្រូវបានរដ្ឋាភិបាលអនុម័តជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលតំណាងវិស័យឯកជនមើលឃើញថា ការណ៍នេះនឹងជួយធ្វើពិពិធកម្មការនាំចេញរបស់កម្ពុជា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមប្រឹក្សាអភិវឌ្ឍន៍-កម្ពុជា (CDC) កាលពីថ្ងៃទី ៥ ខែសីហាបានឱ្យដឹងថា ខ្លួនបានចេញវិញ្ញាបនបត្រចុះបញ្ជីវិនិយោគឱ្យក្រុមហ៊ុន Solar Long PV-Tech(Cambodia)Co., Ltd គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ ក្រោមទុនវិនិយោគ ១២ លានដុល្លារ និងបង្កើតការងារបានប្រមាណ ៥០០ នាក់។
ការអនុម័តនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលអាមេរិករបស់ប្រធានាធិបតី លោក Joe Biden កាលពីខែមិថុនា ឆ្នាំ ២០២២ បានប្រកាសលើកលែងពន្ធគយចំពោះការនាំចូលបន្ទះសូឡាពីប្រទេសចំនួន ៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម។ ការលើកលែងពន្ធនេះ គឺដើម្បីធានាថា អាមេរិកមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ម៉ូឌុលថាមពលពន្លឺព្រះអាទិត្យគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការផលិតអគ្គិសនី ខណៈតម្រូវការប្រើប្រាស់ថាមពលកំពុងកើនឡើងជាបន្តបន្ទាប់។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានសាទរចំពោះរំហូរវិនិយោគថាមពលបៃតងនៅកម្ពុជាស្របជាមួយគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត។ លើសពីនេះទៅទៀត វាក៏ឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៅទីផ្សារខាងក្រៅដូចជា អាមេរិកដែលថ្មីៗនេះបានលើកលែងពន្ធអនុគ្រោះក្នុងការនាំចូលបន្ទះសូឡាពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា។
លោកថ្លែងថា៖ «កម្ពុជាពិតជាស្វាគមន៍ចំពោះគម្រោងវិនិយោគលើថាមពលស្អាតដែលមិនត្រឹមតែកម្ពុជាមានទិសដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញប៉ុណ្ណោះទេ តែវាជាការត្រូវការសកលដែលគ្រប់គ្នាយកចិត្តទុកដាក់ការពារបរិស្ថាន។ ខ្ញុំសង្កេតឃើញថាតាំងពីប្រទេសចិន និងអាមេរិកមានជម្លោះផ្នែកពាណិជ្ជកម្ម ប្រទេសកម្ពុជា បានទាក់ទាញការវិនិយោគជាច្រើនចំពោះរោងចក្រផលិតបន្ទះសូឡានេះ។
កាលពីឆ្នាំ ២០២១ កម្ពុជាបាននាំចេញបន្ទះសូឡាទៅក្រៅប្រទេស ៥៤ ៣១៩,៨៣ តោន កើនជាង ២៧ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ដែលស្មើនឹងទឹកប្រាក់ ២៧៣,៨៧ លានដុល្លារ។ ក្នុងនោះការនាំចេញទៅអាមេរិកមានប្រមាណ ៥៣ ១៨៨,១៩ តោន កើនជាង ៣៣ ភាគរយ ដោយគិតជាទឹកប្រាក់ ២៥៦,៨៨ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕