​តម្លៃ​ដឹកជញ្ជូន​ទំនិញ​នៅ​កម្ពុជា​ បានចាប់ផ្តើម​ថយចុះ​ជា​បណ្តើរៗ​

Content image - Phnom Penh Post
រថយន្តដឹក​ទំនិញ​ធំៗ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​រាជធានីភ្នំពេញ។ ហេង ជីវ័ន

​ភ្នំពេញៈ អ្នក​ក្នុង​វិស័យ​ដឹកជញ្ជូនបាន​លើកឡើងថា តម្លៃ​ដឹកជញ្ជូន​នៅ​កម្ពុជា​ចាប់ផ្តើម​ធ្លាក់ចុះ​មកវិញ​ជា​បណ្តើរៗ​ហើយ បន្ទាប់ពី​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរ​ជាតិ​ថយចុះ​ជា​បន្តបន្ទាប់ ខណៈ​តម្លៃ​ដឹកជញ្ជូន​ទាប នឹង​ជួយ​ធ្វើឱ្យ​សមត្ថ​ភាព​ប្រកួតប្រជែង​សម្រាប់​ទំនិញ​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​មានដំណើរ​ការ​កាន់តែ​ល្អ​។​

​តម្លៃ​ប្រេង​អន្តរជាតិ​មាន​និន្នាការ​ធ្លាក់​​ចុះ​ជា​បន្តបន្ទាប់​នា​រយៈពេល​ជាង ១​ ខែ​មកនេះ បន្ទាប់ពី​ប្រទេស​ឥណ្ឌា និង​អ៊ី​រ៉ង់ បាន​បង្កើន​ការទិញ​ប្រេង​ពី​ប្រទេស​រុស្ស៊ី ដោយ​ការសហការ​របស់​ប្រទេស​ទាំងនេះ​ ត្រូវបាន​អ្នកជំនាញ​សេដ្ឋកិច្ច​យល់ឃើញថា នឹង​កាត់បន្ថយ​សម្ពាធ នៃ​វិបត្តិ​តម្លៃ​ប្រេង​ជាស​កល​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​ចេញផ្សាយ​ពី​តម្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា​រៀងរាល់​ ១០​ ថ្ងៃ​ម្តង គឺ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃទី​ ២១ ខែមិថុនា​មក ដោយ​មុន​ពេលនោះ​ប្រេងសាំង​ធម្មតា មានតម្លៃ ៥ ៨០០ ​រៀល​ ក្នុង ​១ ​លីត្រ និង​ប្រេងម៉ាស៊ូត តម្លៃ ៦ ៣០០ ​រៀល​។ លិខិត​ក្រសួង​ពាណិជ្ជ​​កម្ម កាលពីដើម​ខែសីហា បាន​កំណត់ថា ប្រេងសាំង​ធម្មតាមានតម្លៃ ៤ ៧៥០​ រៀល​ ក្នុង​​ ១ ​លីត្រ និង​ប្រេងម៉ាស៊ូត មានតម្លៃ ៥ ១៥០ ​រៀល​។​

​ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា លោក ស៊ិន ច​ន្ធី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី ​៨ ខែសីហា មកដល់ពេលនេះ​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​នៅ​កម្ពុ​ជាមួយ​​ចំនួន បាន​បញ្ចុះតម្លៃ​ដឹកជញ្ជូន​បណ្តើរៗ​ហើយ​។ ការបញ្ចុះ​តម្លៃ​វិញ​នេះ ​គឺ​ក្រុម​​ហ៊ុន​មាន​ឆន្ទៈ​ចូលរួមចំណែក​ធ្វើឱ្យ​តម្លៃ​ដឹកជញ្ជូន​ត្រឡប់​ទៅ​ប្រហាក់ប្រហែល​មុនពេល​មាន​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ ដើម្បី​ផ្តល់​ផលប្រយោជន៍​ទៅដល់​អ្នក​ដឹកជញ្ជូន អ្នកប្រើប្រាស់ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។

លោក​បន្តថា នៅពេល​តម្លៃ​ដឹកជញ្ជូន​ទាប វា​មិន​ត្រឹម​ធ្វើឱ្យ​សកម្មភាព​ដឹកជញ្ជូន​ក្នុងស្រុក និង​ឆ្លង​ប្រទេស​មមាញឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​លើកកម្ពស់​សមត្ថភាព​នាំ​​ចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ តាមរយៈ​ការ​បន្ទាប​តម្លៃ​ដើម​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ពេលនេះ​មាន​ក្រុម​​ហ៊ុន​ជា​សមាជិក​របស់​សមាគម​ភ័ស្តុភារ​​កម្ម​កម្ពុជា​ជាច្រើន​កំពុង​ពិចារណា​ពី​ការ​បញ្ចុះតម្លៃ​ដឹកជញ្ជូន​ដើម្បី​ឱ្យស្រប​នឹង​និន្នាការ​តម្លៃ​ប្រេង​អន្តរជាតិ ខណៈ​ក៏មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយចំនួន​បាន​បញ្ចុះតម្លៃ​ដឹកជញ្ជូន​រួចទៅហើយ​»​។​

​ទោះយ៉ាងណា លោក ច​ន្ធី បញ្ចេញ​ទស្សនៈ​ថា និន្នាការ​ធ្លាក់ចុះ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​ក្នុង​ពេលនេះ ក៏​មិនទាន់មាន​ភាពប្រាកដប្រជា​នៅឡើយ​ទេ ដោយសារ​វា​មាន​កត្តា​រួមផ្សំ​ជាច្រើន​រួម​​ទាំង​ការបន្ត​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ និង​វិបត្តិ​អន្តរជាតិ​ផ្សេងៗ​ទៀត​។​

​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ​លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់​នៅ​កម្ពុជាបាន​និយាយថា ការបន្ត​ធ្លាក់ចុះ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ គឺជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន ក៏ដូចជា​កំណើន​សេដ្ឋ​​កិច្ច​សម្រាប់​បណ្តា​ប្រទេស​នាំចូល​ប្រេង​។ នៅពេល​តម្លៃ​ប្រេង​ចុះ​កាន់តែ​ទាប​វា​មិន​ត្រឹមតែ​ធ្វើឱ្យ​ការធ្វើដំណើរ និង​ដឹកជញ្ជូន​មាន​ភាពល្អប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ធ្វើឱ្យ​តម្លៃ​ដើម​ផលិត​ទំនិញ​ (​តម្លៃ​អគ្គិសនី​) ​កាន់តែ​ទាប ដែល​នឹង​ជួយ​ឱ្យ​សមត្ថភាព​នាំចេញ​កាន់តែ​ល្អ​។​

​លោក​បញ្ជាក់ថា​៖ «​ការធ្លាក់ចុះ​តម្លៃ​ប្រេង​ក្នុង​ពេលនេះ គឺ​ខ្ញុំ​មិន​ហ៊ាន​និយាយថា​ នឹង​បែបណា​ទៀត​ទេ ព្រោះ​វា​ជា​កត្តា​ទីផ្សារ​អន្តរជាតិ​»​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប​ង្ហា​ញ​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០២២ ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​មានតម្លៃ​សរុប ២៧ ២៤៣,៨៤​ លាន​ដុល្លារ កើន ២០,២​ ភាគរយ​ បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ ​២០២១ ក្នុងនោះ​ការនាំ​​ចូល​មានតម្លៃ ១៥ ៨៦៤,៧២​ លាន​ដុល្លារ កើន ១១,៩​ ភាគរយ និង​ការនាំ​​ចេញ​មានតម្លៃ ១១ ៣៧៩,១២​ លាន​ដុល្លារ កើនឡើង ៣៣,៩​ ភាគរយ​៕

ព័ត៌មានថ្មីៗ