ក្រសួងកសិកម្ម ចុះ MoU ជាមួយ Cambodia (Xiamen) Commercial Center ដើម្បីជំរុញការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅចិន

ភ្នំពេញៈ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនិងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី «ការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន» ដោយតាមរយៈ MoU នេះមជ្ឈមណ្ឌលនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជាក្នុងពេលឆាប់ៗ។
MoU នេះត្រូវបានចុះហត្ថលេខារវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងនាយកមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២។
ជាកិច្ចចាប់ផ្តើម លោក វេង សាខុន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ចំពោះកិច្ចខិតខំប្រឹងប្រែងសហការជាមួយអគ្គនាយកដ្ឋានកសិកម្មកម្ពុជា ក្នុងការជំរុញលើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មថ្មីមួយទៀតគឺការបើកទីផ្សារទឹកមាត់ត្រចៀកកាំកម្ពុជាឱ្យនាំចេញទៅទីផ្សារចិននាពេលដ៏ខ្លីខាងមុខ។
លោកបានថ្លែងថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់លើលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ភាគីទាំង ២ ដែលឈានមកដល់ការចុះហត្ថលេខាលើឯកសារ MOU នាពេលនេះ។ ទឹកមាត់ត្រចៀកកាំកម្ពុជាកន្លងមកផលិតសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតួច និងក្រៅផ្លូវការតែប៉ុណ្ណោះ»។
បើតាមក្រសួងកសិកម្ម MOU នេះនឹងជួយបើកទីផ្សារចិនដែលជាទីផ្សារធំជាងគេឱ្យទទួលយកផលិតផលមួយនេះជាផ្លូវការ តាមរយៈការធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។ មជ្ឈមណ្ឌលក៏នឹងត្រូវបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខផងដែរ។
ក្រសួងកសិកម្ម កាលពីចុងខែកក្កដា ក៏បានរៀបចំបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ធ្វើការចរចាបើកទីផ្សារនាំចេញផលិតផលសម្បុកត្រចៀកកាំទៅប្រទេសចិនផងដែរ ក្រោយពីក្រសួងបានពិនិត្យឃើញថា កំណើនអ្នកចិញ្ចឹមសត្វត្រចៀកកាំ បានកើនឡើងជាលំដាប់។
ប្រធានសហព័ន្ធសម្បុកត្រចៀកកាំកម្ពុជាលោក ណាងសុធី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ ខែសីហាថា លោកមិនមានព័ត៌មានលម្អិតអំពីខ្លឹមសារ MOU ដែលក្រសួងកសិកម្មកម្ពុជា បានចុះហត្ថលេខាជាមួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ទេ ប៉ុន្តែបើកម្ពុជាអាចនាំចេញជាផ្លូវការទៅប្រទេសចិនក្នុងពេលឆាប់ៗ វាជារឿងល្អណាស់។
លោកនិយាយថា៖ «អ្នកមានផ្ទះអភិរក្សត្រចៀកកាំ (ផ្ទះត្រចៀកាំ) សុទ្ធតែមានក្តីរំពឹងខ្ពស់សម្រាប់ការនាំចេញជាផ្លូវការទៅប្រទេសចិន ព្រោះនឹងទទួលបានតម្លៃខ្ពស់ និងបរិមាណកាន់តែច្រើន ខណៈទីតាំងភូមិសាស្រ្តប្រទេសកម្ពុជាមានលក្ខណៈអំណោយផលច្រើនសម្រាប់ការចិញ្ចឹមត្រចៀកកាំ»។
បើតាមប្រធានសហព័ន្ធសម្បុកត្រចៀកកាំកម្ពុជា ទោះបច្ចុប្បន្នមិនទាន់មានកិច្ចព្រមព្រៀងនៃការនាំចេញសម្បុកត្រចៀកកាំជាផ្លូវការរវាងអាជ្ញាធរកម្ពុជា-ចិនប៉ុន្តែការនាំចេញទៅប្រទេសចិនមានច្រើនតោនរួចមកហើយជារៀងរាល់ឆ្នាំ។ ក្រៅពីទីផ្សារប្រទេសចិន ផលិតផលសម្បុកត្រចៀកកាំកម្ពុជា ក៏ត្រូវបាននាំទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ជប៉ុន និងអាមេរិក ជាដើម។
លោកលឹមវឌ្ឍនៈម្ចាស់ផ្ទះត្រចៀកកាំ «ខ្មែរធម្មជាតិសម្បុកទឹកមាត់ត្រចៀកកាំ» នៅស្រែអំបិលនិងវាលរេញ បាននិយាយថា ភាគច្រើននៃអ្នកចិញ្ចឹមត្រចៀកកាំ គឺមានក្តីសង្ឃឹមខ្ពស់សម្រាប់ការនាំចេញទៅប្រទេសចិន ហើយមួយរយៈចុងក្រោយនេះចំនួននៃអ្នកវិនិយោគលើផ្ទះអភិរក្សត្រចៀកកាំក៏មានចំនួនកាន់តែច្រើនផងដែរ។
លោកបញ្ជាក់ថា៖ «យើងពិតជាចង់ឱ្យមានទីផ្សារនាំចេញផ្លូវការទៅប្រទេសចិន ព្រោះបច្ចុប្បន្នដោយសារទីផ្សារមិនសូវទូលាយ តម្លៃសម្បុកត្រចៀកកាំក៏មិនសូវខ្ពស់ដែរ»។
បច្ចុប្បន្នសម្បុកត្រចៀកកាំមិនទាន់សម្អាតមានតម្លៃចន្លោះពី ៧០០-៨០០ ដុល្លារក្នុង ១ គីឡូក្រាម និងសម្បុកសម្អាតរួច មានតម្លៃពី ១ ៨០០- ២ ០០០ ដុល្លារ។ នេះបើតាមលោក វឌ្ឍនៈ។
របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ឱ្យដឹងថាតាមស្ថិតិរបស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ ២០២០ នៅទូទាំងប្រទេសកម្ពុជាមានផ្ទះត្រចៀកកាំចំនួន ៨៧២ ផ្ទះ និងអាចផ្តល់ផលចន្លោះពី ១-១,៥ តោនក្នុង ១ ខែ។
បើតាមលោក ណាង សុធី នៅកម្ពុជាក្នុង១ឆ្នាំៗ អាចមានផ្ទះត្រចៀកកាំថ្មី សាងសង់កើនឡើងចន្លោះពី ១០០-២០០ ខ្នង។នៅទីផ្សារអន្តរជាតិ សម្បុកត្រចៀកកាំ មិនទាន់សម្អាត មានតម្លៃចន្លោះពី ៥៥០-៧៥០ ដុល្លារក្នុង១គីឡូក្រាម និងសម្អាតហើយ មានតម្លៃពី ១ ៥០០-៣ ៥០០ ដុល្លារ៕