កម្ពុជារកចំណូលបានជាង $២៥៧ លាន ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ រយៈពេល ៧ ខែឆ្នាំនេះ
ភ្នំពេញៈ កម្ពុជាបាននាំចេញជ័រកៅស៊ូ ប្រមាណជាង ១៦,១ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២២ ថយចុះ ០,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយរកចំណូលបានជិត ២៥៥លានដុល្លារ និងចំណូលពីការលក់ឈើកៅស៊ូ ជាង ២,៦១ លានដុល្លារ។ នេះបើយោងតាម លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ។
របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានឱ្យដឹងថា រយៈពេល ៧ ខែ ដើមឆ្នាំ ២០២២ ជ័រកៅស៊ូដែលកម្ពុជាបញ្ចេញលក់ទៅទីផ្សារអន្តរជាតិមានបរិមាណ ១៦១ ៥៦២ តោន ថយចុះ ៥៥៨ តោន ស្មើនឹង ០,៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយប្រមូលប្រាក់បានជិត ២៥៤,៨៤ លានដុល្លារ។ តម្លៃជ័រកៅស៊ូជាមធ្យមចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២២ គឺ ១ ៥៧៧ ដុល្លារ ក្នុង ១ តោន ថយចុះ ៩៥ ដុល្លារ ឬស្មើនឹង -៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ទន្ទឹមនឹងការនាំចេញជ័រកៅស៊ូ កម្ពុជាក៏បាននាំចេញឈើកៅស៊ូ ចំនួន ១៧ ៥២៩ ម៉ែត្រត្រីគុណដោយទទួលបានប្រាក់ ២,៦១ លានដុល្លារផងដែរ នៅក្នុងរយៈពេលខាងលើ។ នេះបើយោងតាមរបាយការណ៍។
ដោយឡែកក្នុងខែកក្កដា ឆ្នាំ ២០២២ បរិមាណជ័រកៅស៊ូបានបញ្ចេញលក់ចំនួន ២៩ ៦២៥ តោន ថយចុះ ១ ១៩០ តោន ស្មើនឹង -៤ ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំ ២០២១។ តម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែកក្កដា មានចំនួន ១ ៥១៥ ដុល្លារ ក្នុង ១ តោន ថយចុះ ៩២ ដុល្លារ ស្មើនឹង -៦ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន។
លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១៤ ខែសីហាថា បរិមាណនៃការនាំចេញជ័រកៅស៊ូ ធ្លាក់ចុះនាពេលកន្លងមក គឺបណ្តាលមកពីកត្តាសំខាន់ៗមួយចំនួនដូចជា វិបត្តិសេដ្ឋកិច្ចសកលដែលបណ្តាលឱ្យតម្រូវការជ័រកៅស៊ូធ្លាក់ចុះ [របាយការណ៍របស់សមាគមនៃបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ, ក្តីបារម្ភពីអតិផរណា, ការដំឡើងអត្រាការប្រាក់របស់អាមេរិកក្នុងការរឹតបន្តឹងចរាចរប្រាក់ដុល្លារ, ស្ថានភាពនៃការងើបឡើងវិញ និងការបន្តបិទខ្ទប់ផ្នែកខ្លះដោយសារកូវីដ ១៩ នៅប្រទេសចិន, សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងផលប៉ះពាល់រវាងប្រទេសចិន និងអាមេរិក អំពីភូមិសាស្ត្រនយោបាយជាដើម។
ទោះបីយ៉ាងណា លោក ហ៊ឹម អូន មានសុទិដ្ឋិនិយមថា ស្ថានភាពនៃការវិនិយោគ និងទីផ្សារជ័រកៅស៊ូកម្ពុជា នឹងមានភាពល្អប្រសើរនៅពេលអនាគត។ លោកថ្លែងថា៖ «យើងឃើញថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមានការលើកទឹកចិត្ដច្រើនដល់វិនិយោគិនពីរាជរដ្ឋាភិបាល និងប្រទេសមានសុខសន្តិភាពល្អ នឹងមានរោងចក្រកែច្នៃជ័រកៅស៊ូ ជាផលិតផលសម្រេច (ផលិតកង់រថយន្ត) ដើម្បីរួមចំណែកបង្កើនខ្សែចង្វាក់តម្លៃទីផ្សារកៅស៊ូក្នុងស្រុក និងបង្កើតការងារដល់ប្រជាជនកាន់តែច្រើន»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ធ្លាប់និយាយថា ទោះនៅកម្ពុជាមានរោងចក្រផលិតកៅស៊ូកង់មួយចំនួនកំពុងដំណើរការ (យ៉ាងតិច ២) ក៏រោងចក្រទាំងនោះមិនទាន់បានយកទិន្នផលជ័រកៅស៊ូក្នុងស្រុកទៅប្រើនោះទេ ដែលធ្វើឱ្យតម្លៃជ័រកៅស៊ូត្រូវពឹងផ្អែកស្ទើរទាំងស្រុងទៅលើទីផ្សារនាំចេញ។ ទោះយ៉ាងណា អ្វីៗនឹងមានភាពល្អប្រសើរនៅពេលខាងមុខឆាប់ៗ។
លោកប្រាប់ថា៖ «ដោយសារផលិតផលជ័រកៅស៊ូកម្ពុជាពឹងផ្អែកទៅលើទីផ្សារក្រៅប្រទេស ដូច្នេះតម្លៃក៏អាស្រ័យលើទីផ្សារក្រៅប្រទេសដែរ»។
កាលពីឆ្នាំ ២០២១ កម្ពុជាប្រមូលផលជ័រកៅស៊ូ បាន ៣៦៨ ០០០ តោន ក្នុងនោះនាំចេញទៅទីផ្សារអន្តរជាតិ ៣៦៦ ០០០ តោន ដោយប្រមូលប្រាក់បានចំនួន ៦១០ ២៥៥ ៨០០ ដុល្លារ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូ៕