​ក្រុមហ៊ុន​​​ចំនួន ១៣៥ បាន​ចុះឈ្មោះ​នៅ​ផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ (CambodiaTrade)​ ដែលជា​វេទិកា​ទីផ្សារ​អន​ឡាញបាន​តាំង​បង្ហាញ​ផលិតផល​ជាង ១ ២០០ ​មុខដាក់លក់​ទូទាំង​ពិភពលោក​ចាប់តាំងពី​កម្មវិធី​នេះ​បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ខែ​មីនា​។

​លោកស្រី តឹក រ៉េត​កំ​រ៉ង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ទិន្នន័យ​នេះ​ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី​ ៩ សីហាថា ក្រសួង​ស្វាគមន៍​ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក (SME) ​ទាំងអស់​ឱ្យ​ចុះឈ្មោះ​នៅ​ផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ ដើម្បី​ដាក់​ផលិតផល​អន​ឡាញ ដើម្បី​លក់​ទៅកាន់​ទីផ្សារ​ពិភពលោក​។



​លោកស្រី​បាន​ថ្លែងថា​៖ «​យើង​សូម​កោតសរសើរ​ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ចូលរួម​ជាមួយ​ផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ​ ជាពិសេស​អ្នក​ដែលមាន​ទីតាំង​នៅតាម​បណ្តា​ខេត្ត​»​។ លោកស្រី​បាន​លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ឱ្យ​លើកកម្ពស់​ផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទាំង​ក្នុង ​និង​ក្រៅប្រទេស​។​


​លោក​លើកឡើងថា​៖ «​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់ ដែល​កំពុង​តាំង​បង្ហាញ​ផលិតផល​នៅលើ​គេហទំព័រ Cambodiatrade.com បានរៀបចំ​យ៉ាង​ល្អ​ សម្រាប់​ការបញ្ជាទិញ និង​ការទូទាត់​តាម​អេឡិចត្រូនិក ខណៈពេលដែល​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការដឹកជញ្ជូន​ទាំង​ក្នុងនិង​ក្រៅប្រទេស​ក្នុង​ទម្រង់រវាង​អាជីវកម្ម​ និង​អាជីវកម្ម (B2B) ឬ​ទីផ្សារ​អាជីវកម្ម​នឹង​អតិថិជន ​(B2C)»​។​


​ក្រសួងពាណិជ្ជកម្ម​កាល​ពីថ្ងៃ​ទី ៣១ ​ខែមីនា​បានដាក់​ឱ្យ​ដំណើរការ​ផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ​ជា​វេទិកា​អន​ឡាញ​មួយ ​ដែលមាន​ដំណោះស្រាយ​ទីផ្សារ​រួមបញ្ចូល​គ្នា​ចាត់ទុកជា​ធាតុ​ផ្សំ​សំខាន់​នៃ​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិក ​(Go4eCAM)​។​


​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មបានឱ្យដឹង​ក្នុង​ពិធី​សម្ពោធផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ​ថា​វា​នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​មួយ​ សម្រាប់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចក៏ដូចជា​ការលក់​ផលិតផល​កម្ពុជា​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ដែល​លោក​បាន​បញ្ជាក់ថាវា​ស្របតាម​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រដ្ឋាភិបាល​ក្នុង​ការទាញយក​ប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ (4IR)។​

​លោក​បាន​សន្ម​ត​ថា​ការអភិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ឌីជីថល​ជា​មូលដ្ឋាន​ចំពោះ​គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារ​វា​ជាប់ទាក់ទង​នឹង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចដោយ​លើកឡើងថា​ផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ​នឹង​ធ្វើឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​អា​ចត​ភ្ជាប់​ទៅកាន់​ខ្សែសង្វាក់​តម្លៃ​ក្នុង​តំបន់ និង​ពិភពលោក​បាន​កាន់តែ​ប្រសើរ​។​

​លោក​រដ្ឋមន្ត្រី​បាន​កត់សម្គាល់ថាបដិវត្តន៍​បច្ចេកវិទ្យា និង​បរិវត្ត​កម្ម​ឌីជីថល​ដែល​នាំមក​ដោយ 4IR មាន​សារៈសំខាន់​ក្នុងការ​បង្កើន​ការប្រកួតប្រជែង​របស់​សហគ្រាស និង​ដំណើរការ​អាជីវកម្មដែល​លោក​ថា​នឹង​រួមចំណែក​លើកកម្ពស់​ផលិតភាពបង្កើន​ការនាំចេញបង្កើត​ការងារ និង​ជំរុញ​សេដ្ឋកិច្ចជាតិ​។​

​លោក ធាប សុ​វណ្ណា​រ៉េត ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​ទីផ្សារ​អន​ឡាញ Smile Shop​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​១៥ ខែសីហាថា​ ក្រុមហ៊ុន​របស់លោក​ធ្លាប់​ធ្វើជា​ដៃគូ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​ (MoC)​ ក្នុងអំឡុងពេល​ការបិទ​ខ្ទប់ ដែល​អាចឱ្យ​ប្រជាជន​ទទួលបាន​លទ្ធភាពក្នុង​ការទិញ​ផលិតផល​កាន់តែច្រើន​។​

​លោក​បាន​បន្តថាការបង្កើត​ផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដដែល​ជាការ​ដឹកនាំ​រប​ស់​រដ្ឋាភិបាល​ផ្តល់​ជម្រើស​កាន់តែច្រើន​ដល់​អ្នកទិញ​អាច​ចូល​ប្រើប្រាស់​វេទិកា​កាន់តែច្រើនហើយ​លោក​សង្ឃឹមថា​នឹងធ្វើ​សមាហរណកម្ម​វេទិកា​របស់លោក​ផងដែរ​។​

​លោក​បន្ថែមថា​៖ «​រហូតមកដល់​ពេលនេះយើង​បានរួម​ដាក់បញ្ចូល​វេទិកា​របស់​យើង​ជាមួយ​ក្រុមហ៊ុន​ឯកជន​ជាច្រើនក៏ដូចជា​ស្ថាប័នហិរញ្ញវត្ថុ ដើម្បី​ធ្វើឱ្យ​អតិថិជន​របស់​យើង​កាន់​តែមាន​ភាពងាយស្រួល​នៅពេល​ពួកគេ​ទិញ​ផលិតផល​ពី​យើងយើង​ចង់​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​របស់​យើង​។ យើង​រីករាយ​ក្នុងការ​ធ្វើការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងទៀតលើ​កិច្ចសហប្រតិបត្តិការ​ផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ​ ដើម្បី​អនុញ្ញាតឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​អាច​លក់​ផលិតផល​របស់ខ្លួន​កាន់តែ​ទូលំទូលាយ​»៕