ភ្នំពេញៈ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ និងក្រសួង​​កសិកម្ម​ចិន បាន​សហការ​គ្នា បង្កើត​ក្រុម​ការងារ​ជំនាញ​ដើម្បី​រៀបចំ​ផែនការ​មេ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា ដោយផ្តោត​​លើ​ផលិតផល​សក្តានុពល​សំខាន់ៗ​ដូចជា អង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្ម​សត្វ និង​វារីវប្បកម្ម។

នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​​នេសាទ កាល​ពី​ថ្ងៃទី ១៨ ខែ​សីហា លោក Zhang Lubiao នាយក​នៃ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ក្រៅ​ប្រទេស​នៃ​ក្រសួង​កសិកម្ម និង​កិច្ចការ​ជនបទ​ប្រទេសចិន​ បាន​លើក​ឡើង​​ថា បេសកកម្ម​ផ្លូវការ​របស់​លោក និង​សហការី​នៅ​ក្នុងពេល​នេះ​គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​នៃ​​ប្រទេស​ទាំង ២ ​ពិសេស​ជួយ​គាំទ្រ​លើ​ការ​រៀបចំ​ផែនការ​មេ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា។ លោក​បន្ថែម​ថា ដើម្បី​ឱ្យ​ការងារ​នេះ​ទទួល​បាន​ជោគជ័យ ភាគី​ចិន​បាន​រៀបចំ​ក្រុម​ការងារ​ជំនាញ​ថ្នាក់​ជាតិ​មួយ​ដែល​មាន​សមត្ថភាព និង​បទពិសោធ​ខ្ពស់​ក្នុង​ការ​រៀបចំ​ផែនការ​មេ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម។


លោក​បាននិយាយ​ថា៖ «ការរៀបចំ​ផែនការ​មេ គឺ​ពិត​ជា​សំខាន់​ណាស់ ប៉ុន្តែ​ការ​អនុវត្ត​ក៏​ដូចជា​យន្តការ​នៃ​ការ​អនុវត្ត​គឺ​កាន់​តែ​សំខាន់​ថែម​ទៀត​ដូចជា​ការ​ប្រមូល កៀរគរ និង​ប្រើប្រាស់​ធនធាន ដែល​រួមមាន​ធនធាន​មនុស្ស ធនធាន​ថវិកា​ជា​ដើម​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​មូលដ្ឋាន និង​ពី​ថ្នាក់​មូលដ្ឋាន​មក​ថ្នាក់ជាតិ។ ទន្ទឹម​នឹង​នេះ ក៏​ត្រូវ​ធ្វើការ​តាមដាន ត្រួត​ពិនិត្យ​និង​​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​អនុវត្ត​ផងដែរ»។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​​នេសាទ លោក វេង សាខុន បាន​លើក​ឡើង​ថា ដើម្បី​ឱ្យ​ការ​រៀបចំ​ផែនការ​មេ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក ក្រសួង​កសិកម្ម​កម្ពុជា ស្នើ​ដល់​ក្រុម​ការងារ​ជំនាញ​ពី​ក្រសួង​ទាំង ២ ពិនិត្យ​ពិចារណា​លើការ​ជំរុញ​ការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម ការ​បំពេញ​ខ្សែ​ចង្វាក់​ផលិតកម្ម​កសិកម្ម​គ្រប់​ជ្រុងជ្រោយ។


លោក​ថ្លែង​​​ថា៖ «​ផែនការ​មេ​នេះត្រូវ​ផ្តោត​ជា​សំខាន់​លើ​ការ​ផ្សារភ្ជាប់​អ្នក​ផលិត ផ្នែក​ឯកជន និង​ទីផ្សារ​តាមរយៈ​ការ​ពង្រឹង​ការ​ងារ​ដាំដុះ ការ​កែច្នៃ និង​ការ​វេច​ខ្ចប់​ប្រកប​ដោយ​គុណភាព សុវត្ថិ​ភាព និង​ស្តង់ដា​តាម​តម្រូវការ និង​តម្រូវ​ចិត្ត​អ្នក​បរិភោគ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស»។

លោក​រដ្ឋមន្រ្តី​ក៏​បាន​ស្នើ​ដល់​ក្រុម​ការងារ​ជំនាញ​ឱ្យ​បន្ថែម​មុខ​​ដំណាំ​មាន​សក្តានុពល​ផ្សេងៗ​ទៀត​ដូច​ជា ស្វាយ ស្វាយចន្ទី ក្នុង​ផែនការ​មេ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា​ផងដែរ។

លោក តាន់ មុនី​វណ្ណ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​អគ្គនាយក​រង​ក្រុមហ៊ុន​ម៉ុងឫទ្ធី​គ្រុប បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ផែនការ​មេ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា​នេះ គឺ​ពិតជា​មាន​សារៈ​សំខាន់​ណាស់ ជាពិសេស​ផ្នែក​​​ឯកជន​គាំទ្រ ចំពោះ​ការ​លើក​យក​មុខ​ទំនិញ​សក្តានុពល​របស់​កម្ពុជា ដើម្បី​ធ្វើ​ទំនើបកម្ម​កសិកម្ម។

លោក​និយាយ​ថា៖ «ទោះ​បី​យ៉ាង​ណា ការ​រៀបចំ​ផែនការមេ​នេះ ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ចូលរួម​ផ្តល់​យោបល់​ពី​ផ្នែក​ឯកជន ដូច​នេះ​ខ្ញុំ​ស្នើ​សុំ​ឱ្យ​ផ្នែក​ឯកជន​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​នេះ ដើម្បី​គាំទ្រ​ និង​ចូលរួម​ក្នុង​ការ​រៀបចំ​ផែនការ​មេ​នេះ»។

ដោយ​ឡែកក្រសួង​ពាណិជ្ជ​កម្ម កាល​ពី​ថ្ងៃទី ៦ ខែ​កក្កដា​បាន​ប្រជុំ​ពិភាក្សា និង​អនុម័ត​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​ទាញ​យក​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​របស់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​សំដៅ​ចូលរួម​ចំណែក​​ជំរុញ​កំណើន​ពាណិជ្ជកម្ម ទាក់ទាញ​វិនិយោគ បង្កើត​ការងារ។ ​

ក្នុង​នោះ​ក្រុម​ការងារ​បាន​ផ្ដោត​លើ​ការ​សិក្សា​លើ​មុខទំនិញ​អាទិភាព​ចំនួន ១១ មុខ​មុន​គេ រួម​មាន ស្រូវ​អង្ករ, ចេក, ដំឡូង​មី, មៀន​ប៉ៃលិន, ស្វាយ, ស្វាយចន្ទី, កៅស៊ូ​, ម្នាស់,ម្រេច សាច់ និង​ត្រី។ ក្រៅពី​មុខ​ទំនិញ​ទាំង ១១ មុខ​ខាងលើ​ឯកសារ​ក៏បង្ហាញ​ទំនិញ​ដែល​គួរ​ជំរុញ​​​នាំចេញ​ជាង ៣០ មុខ​ទៀត៕