ភ្នំពេញៈ ប្រតិភូអង្គទូតជិត ២០ ប្រទេស ប្រចាំនៅប្រទេសថៃបានសរសើរពីការអភិវឌ្ឍខេត្តចំនួន ២ គឺខេត្តបន្ទាយមានជ័យ និងសៀមរាបដែលសម្បូរទៅដោយមុខម្ហូបឆ្ងាញ់ និងជាតំបន់ដែលទាក់ទងនឹងឧទ្យានបុរាណអង្គរជាដើម។ នេះបើតាមខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២ របស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃដែលជាអ្នករៀបចំដំណើរទស្សនកិច្ចនេះ។
គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចសិក្សាលើកទី ២ របស់អង្គទូតបរទេសនិងក្រុមគ្រួសារពីប្រទេសថៃទៅកាន់ខេត្តទាំង ២ ក្នុងរយៈពេល ៣ យប់ ៤ ថ្ងៃ ក្រោមកិច្ចសហការរៀបចំរវាងស្ថានទូតកម្ពុជានៅទីក្រុងបាងកកនិងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិព្រមទាំងអន្តរក្រសួង/ស្ថាប័ន។
លោក អ៊ូក សោភ័ណ្ឌ ឯកអង្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះមានអង្គទូត ១៩ ប្រទេស ដែលតំណាងឱ្យស្ទើរគ្រប់ទ្វីបបានចូលរួម។
ក្នុងដំណើរទស្សនកិច្ចនេះកម្ពុជាបានរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយអំពីការទូតសេដ្ឋកិច្ច ដែលសហការជាមួយក្រសួងស្ថាប័នមួយចំនួនដូចជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្រសួងពាណិជ្ជកម្មក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយមានតំណាងពីក្រសួងស្ថាប័ននីមួយៗ ធ្វើបទបង្ហាញអំពីសក្ដានុពលរបស់ស្ថាប័នទាំងនោះផងដែរ។
តាមរយៈដំណើរទស្សនកិច្ចនេះលោក អ៊ូក សោភ័ណ្ឌមានបំណងលើកកម្ពស់មុខមាត់ និងផ្សព្វផ្សាយការទូតសេដ្ឋកិច្ច (ទេសចរណ៍វិនិយោគពាណិជ្ជកម្ម និងវប្បធម៌) កម្ពុជាឱ្យបានកាន់តែទូលំទូលាយ និងការស្តារអភិវឌ្ឍសេដ្ឋកិច្ចសង្គមទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទេសចរណ៍ក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោយវិបត្តិជំងឺ កូវីដ ១៩ ។
ក្នុងដំណើរទស្សនកិច្ចនៅប្រាសាទបាយ័នលោក WaldemarDubaniowski ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំប្រទេសថៃបានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំងដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជាហើយបានដឹងនិងឃើញផ្ទាល់អំពីសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗ និងការីកចម្រើនរបស់កម្ពុជាពិសេសបានមកដល់ទឹកដីអង្គរខេត្តសៀមរាបដោយបានទស្សនាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ដែលជាសក្ដានុពលទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ។
លោក ទូត ប៉ូឡូញ បានថ្លែងការកោតសរសើរចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានបង្កើតកម្មវិធីនេះឡើង ហើយទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះប្រតិភូគ្រប់ប្រទេសទាំងអស់ ហើយលោកសង្ឃឹមយ៉ាងមុតមាំថាកម្ពុជានឹងទទួលបានភ្ញៀវទេសចរការវិនិយោគកាន់តែច្រើន ដែលនឹងជួយឱ្យកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ថែមទៀត៕