ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ជា​ផ្លូវការ​ឱ្យ​​​ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co.,​Ltd ចំពោះ​​​គម្រោង​បង្កើត​​​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត​ ដែល​មាន​ទុន​វិនិយោគ​ចំនួន​ជាង ៣៦ ​លាន​ដុល្លារ​ ខណៈ​នេះ​ជា​ក្រុមហ៊ុន​ដំឡើង​រថយន្ត​ទី ២​ នៅ​កម្ពុជា​បន្ទាប់​ពី​ក្រុមហ៊ុន Ford ដែល​បាន​​ដំណើរការ​កាល​ពី​ខែ​មិថុនា​កន្លងមក។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​កាល​ពី​ថ្ងៃ​ទី​ ៨ កញ្ញា បាន​ឱ្យ​ដឹង​ថា តាម​សំណើ​​សុំ​វិនិ​យោគ​របស់​ក្រុម​ហ៊ុន CDC បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ ​ចុះ​បញ្ជី​ឱ្យ​ក្រុម​ហ៊ុន Toyota Tsusho Manufacturing (Cambodia)​ Co., Ltd. លើ​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត​តូយ៉ូតា​មាន​ទីតាំង​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មាន​​​ទុនវិនិយោគ ៣៦,៧ ​លាន​​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ ១៥០ ​នាក់។


អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ- សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ក្នុង​ថ្ងៃ​ទី​ ៨ ខែកញ្ញា​ថា កត្តា​ភូមិសាស្រ្ត ស្ថិរភាព​នយោបាយ ​ភាព​សម្បូរ​បែប​​កម្លាំ​ង​ពលកម្ម​​ជំនាញ​ កំណើន​សេដ្ឋកិច្ច​រឹងមាំ និង​ច្បាប់​វិនិយោគ​​​ដែល​មាន​លក្ខណៈ​អំណោយផល​កំពុង​ក្លាយ​ជា​មូល​ដ្ឋាន​គ្រឹះ​​ដ៏​សំខាន់​​​ក្នុងការ​​​​ទាក់​ទាញ​​​​​ក្រុមហ៊ុន​លំដាប់​អន្តរ​ជាតិ​ធំ​ៗ​​ឱ្យ​​​ចូល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​។​

លោក​បន្ត​ថា ដោយ​សារ​​ក្រុមហ៊ុន Toyota មាន​​​វត្តមាន​​នៅ​ក្នុង​​ប្រទេស​កម្ពុជាជា​យូរ​មក​ហើយ​ ដូច្នេះ​មុន​នឹង​​​​សម្រេច​វិនិយោគ​​​​ គឺ​ក្រុមហ៊ុន​ប្រាកដ​ជា​​បាន​សិក្សា​​​​លម្អិត​​​​លើ​​​ឱកាស និង​បញ្ហា​ប្រឈម​​​ដែល​អាច​កើត​​មាន​រួច​អស់​ហើយ​។


លោក​​និយាយ​ថា៖​«​នេះ​ជា​គម្រោង​​វិនិយោគ​ដែល​មាន​លក្ខណៈ​រឹង​មាំ និង​មាន​និរន្តរ​ភាព​យូរ​អង្វែង​សម្រាប់​ចូលរួម​​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​បើ​ធៀប​​នឹង​គម្រោង​វិនិយោគ​ដែល​ជា​ប្រភេទ​ឧស្សាហកម្ម​ធុន​ស្រាល​(ពិសេស​​​វាយនភណ្ឌ)។ ការ​ចូល​មកវិនិយោគ​របស់​ក្រុមហ៊ុន​​​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រាប់​សិប​ឆ្នាំ​​​នេះ វា​​ជា​ចំណុច​ចាប់-​ផ្តើម​ដ៏​ល្អ​​​សម្រាប់​ទាក់​ទាញ​ក្រុមហ៊ុន​លំដាប់​ពិភព​លោក​ជា​ច្រើន​ទៀត​ឱ្យ​ចូល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​»។

លោក​បន្ថែម​​ទៀត​ថា ក្រៅ​ពី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក និង​បង្កើត​ការ​ងារ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក ការ​ចូល​មក​​វិនិយោគ​ផ្ទាល់​បែប​នេះក៏​នឹង​ជួយ​ធ្វើ​ឱ្យ​តម្រូវ​ការ​​​​​ប្រើ​ប្រាស់​ផលិត​ផល​ផលិត​​នៅ​កម្ពុជា​ផ្សេងៗ ​មាន​កាន់​តែ​ច្រើន​។​ មួយ​វិញ​ទៀត​ការ​នាំ​ចេញ​គ្រឿង​ផ្គុំ​ទៅឱ្យ​រោងចក្រ​នៅ​ក្រៅ​ប្រទេស​ក៏​នឹង​មាន​ចំនួន​កាន់​តែ​ច្រើន​​ផង​ដែរ​។

Toyota Tsusho Manufacturing (Cambodia)​ Co., Ltd នឹង​ក្លាយជា​ក្រុម​ហ៊ុន​ដំឡើង​រថយន្ត​លំដាប់​អន្តរជាតិ​មួយ​ទៀត​បន្ទាប់​ពី​ក្រុមហ៊ុន RMA Cambodia ដែល​បាន​បើក​​ដំណើរការ​រោង​ចក្រ​ដំឡើង​រថយន្ត Ford នៅ​ក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ក្រោម​ទុន​វិនិយោគ​ ២១ ​លាន​ដុល្លារ​។ រោងចក្រ​របស់ RMA Cambodia ​មាន​សមត្ថភាព​អាច​ដំឡើង​រថយន្ត​បាន​ប្រមាណ ៩ ០០០​ គ្រឿង​ក្នុង​ ១ ឆ្នាំ។

ក្នុង​ពិធី​បើក​សម្ពោធ​រោង​ចក្រ​ដំឡើង​​រថយន្ត​ Ford កាល​ពី​ថ្ងៃទី​​ ១៦ ខែ​មិថុនា លោក ហ៊ុន ម៉ាណែត អគ្គ​មេ-​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជា​ការ​កងទ័ព​ជើង​គោក​បាន​​ឱ្យ​ដឹង​ថា Ford Motor Company ជា​ក្រុមហ៊ុន​ដ៏​ធំ​របស់​អាមេរិក ដែល​ផ្តល់​ទំនុក​ចិត្ត​ជ្រើសរើស​​កម្ពុជា ជា​ទីតាំង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដំឡើង​រថយន្ត​ដើម្បី​ចែក​ចាយ​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ប្រកប​ដោយ​សក្តានុពល​ដោយ​យោង​លើ​ស្ថានភាព​នៃ​ការ​​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា និង​កំណើន​ជីវភាព​របស់​ប្រជា​ពលរដ្ឋ។

លោក​បាន​បញ្ជាក់​ថា​៖​«ការ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត Ford ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ គឺ​ជា​មោទនភាព​មួយ​សម្រាប់​អ្នក​មូលដ្ឋាន​នៅ​ទីនេះ ក៏​ដូចជា​ប្រជាជន​​នៅ​ទូទាំង​ប្រទេស​ក្នុង​​ការ​ទទួល​ស្វាគមន៍​វត្តមាន​របស់​ឧស្សាហកម្ម​ធុន​ធ្ងន់​ដ៏​ទំនើប​មួយ​នេះ»។

យោង​តាម CDC ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ក្រៅ​ពី​គម្រោង​របស់​ Toyota Tsusho Manufacturing (Cambodia) Co., Ltd. ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៤ ​ផ្សេង​ទៀត​ដែល​ក្នុង​នោះ ៣ ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ គឺ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រអប់ និង​គ្រឿង​ផ្គុំ​ផ្សេងៗ​ធ្វើ​ពី​លោហៈ របស់​ក្រុម​ហ៊ុន WCFO (Cambodia) Co., Ltd មាន​ទុន​វិនិយោគ ៣,៨ ​លាន​ដុល្លារ បង្កើត​ការងារ ១៥០ ​នាក់, គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​របស់​ Thirty Three Apparels (Cambodia) Co., Ltd មាន​ទុន​វិនិយោគ ២,១ ​លាន​ដុល្លារ បង្កើត​ការងារបាន ៤៥០ ​នាក់, និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្ទាប់​បន្សំ​សម្រាប់​ឧបករណ៍​បញ្ជូន​ទិន្នន័យ​ធ្វើ​ពី​ប្លាស្ទិក របស់ WCFO ASAMA Co., Ltd. មាន​ទុន​វិនិយោគ ៨០៥ ​ពាន់​ដុល្លារ បង្កើត​ការងារ​បាន ១០០ ​នាក់។ ដោយ​ឡែក ១ ទៀត​ជា​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​របស់​ A & M Clothing Co., Ltd ​នៅ​​​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​​សីហនុ មាន​ទុន​វិនិ​យោគ ១ ​លាន​ដុល្លារ បង្កើត​​ការងារ​​ ១០០ ​នាក់៕

វីដេអូ៖