ភ្នំពេញៈ ទំហំ​ទឹកប្រាក់​នាំចេញ-​នាំចូល​ទំនិញ ដែលមាន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ (SSEZ) នា​រយៈពេល ៨ ​ខែ ឆ្នាំ​ ២០២២ មាន​ប្រមាណ​ជាង ១,៧ ​ពាន់​លាន​ដុល្លារ កើនឡើង​ជាង ២៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

ស្ថិតិ​របស់ SSEZ ដែល​ទើប​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ​១៤ ខែ​កញ្ញា​ឱ្យ​ដឹងថា ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២២ សហគ្រាស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ទទួល​បាន​បរិមាណ​នាំចូល និង​នាំចេញ​ទំនិញ​សរុប​ចំនួន ១ ៧៤៩ ​លាន​ដុល្លារ កើនឡើង ២៧,៣៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងមក ដែលមាន​ចំនួន ១ ៣៧៣ ​លាន​ដុល្លារ​។


អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា មាន​កត្តា​ជាច្រើន​ដែល​កំពុង​ធ្វើឱ្យ​សកម្មភាព​នៃ​ការនាំចេញ​-​នាំចូល​ទំនិញ​របស់ SSEZ បន្ត​កើនឡើង​ជា​បន្តបន្ទាប់ ដែល​មាន​ដូចជា ស្ថិតក្នុង​ទីតាំង​ល្អ​ សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ចេញ​-​ចូល​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ច្បាប់​វិនិយោគ​អំណោយផល​ល្អ និង​មាន​ចំនួន​ក្រុមហ៊ុន​ចូល​បណ្តាក់ទុន​កាន់តែ​ច្រើន​។ ម្យ៉ាងទៀត​នៅពេល​នេះ​កម្ពុជា​មាន​ទីផ្សារ​កាន់តែ​ធំ ពិសេស​ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន (CCFTA) ​និង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP)​។

លោក​ថ្លែង​បញ្ជាក់ថា​៖ «​តាមរយៈ​ភាព​ទាក់ទាញ​របស់​ច្បាប់​វិនិយោគ​កម្ពុជា កត្តា​ទីផ្សារ​នាំចេញ​កាន់តែ​ទូលាយ និង​មាន​ទីតាំងនៅ​ជិត​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​ព្រះសីហនុ ខ្ញុំ​រំពឹងថា ការនាំចេញ​-​នាំចូល​របស់ SSEZ នឹង​កើនឡើង​ជា​បន្តទៀត​»​។


ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់ដារ៉ា បាន​និយាយ​ថា SSEZ គឺជា​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ដ៏មាន​សក្តានុពល ដោយ​លោក​សង្កេតឃើញ​មាន​រោងចក្រ​ថ្មីៗ​ជា​បន្តបន្ទាប់​ទៅ​បើក​ដំណើរការ​នៅ​ទីនោះ​។ លោក​បាន​ថ្លែងថា ភាគច្រើន​នៃ​រោងចក្រ​នៅ SSEZ គឺមាន​ម្ចាស់​ជា​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន ដោយ​មាន​រោងចក្រ​សំខាន់ៗ​ជាច្រើន​ដូចជា កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង រោងចក្រ​កែច្នៃ​សង្ហារិម ក្តារបន្ទះ និង​គ្រឿង​បង្គុំ​អគ្គិសនី​-​អេឡិចត្រូនិក ជាដើម​។

លោក​បន្តថា សកម្មភាព​នៃ​ផលិតកម្ម​នៅ​កម្ពុជា​ក្នុង​ពេលនេះ​កំពុងមាន​ដំណើរការ​ទៅមុខ​យ៉ាង​ល្អ​នៅ​គ្រប់​ទីកន្លែង​។

លោក​បញ្ជាក់ថា​៖ «​ចំនួន​ទឹកប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​របស់ SSEZ នឹងមាន​កើនឡើង ព្រោះ​ចំនួន​ក្រុមហ៊ុន​ថ្មីៗ​ដែល​ចូលទៅ​វិនិយោគ​គឺមាន​ការ​កើនឡើង ហើយ​កំណើន​នៃ​ចំនួន​ក្រុមហ៊ុន​វិនិយោគ​នេះ ក៏បាន​ជួយ​បង្កើត​ការងារ​ជាច្រើន​ផងដែរ​»​។

ក្នុង​ឆ្នាំ​ ២០២១ ទឹកប្រាក់​នៃ​ការនាំចូល​-​នាំចេញ​ទំនិញ​របស់ SSEZ មាន​សរុប ២ ២៣៤ ​លាន​ដុល្លារ កើនឡើង ៤២,៧៥​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។

ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​បង្ហាញថា ក្នុង​រយៈពេល ៨ ​ខែ ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​-​នាំចូល​ទំនិញ​ក្នុង​ទឹកប្រាក់​សរុប ៣៧ ៤០៥,៩២​ លាន​ដុល្លារ កើនឡើង ២១,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៣០ ៧៩២,៦៩ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​មាន​ទឹកប្រាក់ ១៥ ៦៤១,៩ ​លាន​ដុល្លារ កើនឡើង ២៦,៣ ​ភាគរយ និង​ការ​នាំចូល មាន​ទឹកប្រាក់ ២១ ៧៦៤,០២ ​លាន​ដុល្លារ កើនឡើង ១៨,៣ ​ភាគរយ​៕